បរទេស៖ ប្រជាជនចិនបាននាំគ្នាសម្រុកទិញច្រាសដុសបង្គន់មានរូបលោកដូណាល់ត្រាំដោយថាក្នុងន័យគាំទ្ររដ្ឋាភិបាលខ្លួនក្នុងសង្រ្គាមពាណិជ្ជកម្មជាមួយអាម៉េរិក។ នៅលើវែបសាយលក់ទំនិញអនឡាញនៅប្រទេសចិនពាក្យថា Toilet brushes កំពុងពេញនិយមនិងមានមនុស្សវាយរកច្រើនខ្លាំង។
Blogger ម្នាក់និយាយបែបកំប្លែងថា៖ «ត្រាំពិតជាមានប្រយោជន៍» និងបានសរសើរពីផលិតផលច្រាសដុសបង្គន់ដែលមានរួបលោកត្រាំផងដែរ។ ប្រជាជនចិនបានគាំទ្រដល់រដ្ឋាភិបាលក្នុងការធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយក្រុងវ៉ាស៊ីនតោន ដោយនាំគ្នាទិញសម្ភារៈបន្ទប់ទឹកដែលរូបលោកប្រធានាធិបតីអាម៉េរិកដូណាល់ត្រាំ។
បើតាមសេចក្ដីរាយការណ៍មានអតិថិជនជាច្រើនបានសម្រុកទិញច្រាសដុសបង្គន់តម្លៃជាង២ដុល្លារដែលមានរូបលោកត្រាំ ហើយហាងខ្លះបានថែមក្រដាសអនាម័យមានរូបលោកត្រាំដល់អតិថិជនដែលទិញច្រាសដុសបង្គន់ទៀតផង។ ទោះយ៉ាងណាផលិតផលបែបនេះមិនមែនកើតមានដំបូងនៅប្រទេសចិននោះទេ តែកើតមាននៅប្រទេសនូវែលសេឡង់តាំងពីខែវិច្ឆិកា ឆ្នាំមុនមកម្លេះ៕