ភ្នំពេញ៖ នេះបើតាមទំព័រហ្វេសប៊ុកលោក ហេង រតនា ឱ្យដឹងថា គម្រោងនេះ ទទួលបានការជួយឧបត្ថម្ភគាំទ្រពីរដ្ឋាភិបាលជប៉ុន តាមរយៈអង្គការទីភ្នាក់ងារកិច្ចសហប្រតិបតិ្តការអន្តរជាតិជប៉ុន (JICA) សម្រាប់រយ:ពេល ០២ ឆ្នាំ (២០១៨-១៩) អនុវត្តដោយក្រុមហ៊ុន Applied Natural Products Co., Ltd (ANP) សហការ និងសម្របសម្រួលជាមួយអង្គការស៊ីម៉ាក់ និងក្រសួងកសិកម្ម ដោយត្រូវដាំដុះនៅមណ្ឌលអភិវឌ្ឍន៍ស៊ីម៉ាក់មរតកតេជោ ស្ថិតនៅឃុំឆ្លាស់មាន់ ស្រុកគាល់ក្រឡ ខេត្តបាត់ដំបង។ គម្រោងនេះមានថវិកា ជិត១លានដុល្លារ ដោយជួយសាងសង់ឃ្លាំងចំនួន១ ទិញត្រាក់ទរ័៤គ្រឿង និងសម្ភារៈវេចខ្ចប់ ផលិតកម្មផលិតចំណីផ្អាប់ស្មៅ Sorghum តាមខ្សែចង្វាក់គ្រឿងចក្រទាំងស្រុង។
គម្រោងដាំស្មៅចំណី Sorghum Silage នៅកម្ពុជា ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សារវាងឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Yuji SEGOSHI ទីប្រឹក្សា និងជាអ្នកសម្របសម្រួលគម្រោងនៃអង្គការ JICA លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលជាតិកំចាត់មីនកម្ពុជា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងកសិកម្ម។
ពាក់ព័ន្ធនឹងគម្រោងដាំស្មៅចំណី Sorghum Silage នេះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការគាំទ្រ និងលើកទឹកចិត្ត ដោយលោកបានបញ្ជាក់ថា បច្ចុប្បន្នបច្ចេកវិទ្យាកសិកម្មមានការរីកចម្រើន ការប្រើប្រាស់គ្រឿងយន្តកសិកម្មស្ទើរតែទាំងអស់ បានធ្វើឲ្យកសិករបង្វែរគោលដៅពីការចិញ្ចឹមគោ ក្របី សម្រាប់ជាកម្លាំងអូសទាញ មកចិញ្ចឹមដើម្បីធ្វើពាណិជ្ជកម្មវិញ ដែលការផ្លាស់ប្តូរនេះ បានជួយដល់ពួកគាត់រកបានចំណូលបន្ថែមបានយ៉ាងល្អ ទន្ទឹមនឹងក្រសួងកំពុងជំរុញផលិតកម្មសត្វ និងចំណីសត្វ។
នាឱកាសនេះ លោក Yuji SEGOSHE បានជម្រាបជូនរដ្ឋមន្រ្តីថា កាលពីឆ្នាំ ២០១៨ គម្រោងផលិតបានជាចំណីសត្វបានប្រមាណជា២១១តោន សម្រាប់ផ្គត់ផ្គង់កសិដ្ឋានចិញ្ចឹមគោយកទឹកដោះមួយនៅរាជធានីភ្នំពេញ ដោយក្នុង១តោន ទទួលបានតម្លៃពី ៧០-៨០ ដុល្លារអាមេរិក ហើយក្នុងឆ្នាំ២០១៩នេះ គ្រោងបង្កើនការផលិតឲ្យបាន៤៥០តោន។
លោកបានបញ្ជាក់បន្ថែមថា បច្ចុប្បន្នផលិតកម្មនៅមានកម្រិត ការផ្គត់ផ្គង់មិនបានគ្រប់គ្រាន់តាមតម្រូវការទីផ្សារ បញ្ហាចម្បងក្នុងពេលបច្ចុប្បន្នគឺមធ្យោបាយ និងតម្លៃនៃការដឹកជញ្ជូន រួមជាមួយការកង្វះប្រភពទឹកស្រោចស្រព។ ដោយឡែក ដោយពិនិត្យឃើញអំពីសក្តានុពលនៃវិស័យកសិកម្មនៅកម្ពុជា ក្រុមហ៊ុនក៏មានបំណងបោះទុនវិនិយោគយកស្មៅប្រភេទនេះមកផលិតជាជីកុំប៉ុស្តិសម្រាប់បម្រើឲ្យវិស័យកសិកម្មនាពេលអនាគតផងដែរ៕