ក្រោយស្ពានអ្នកលឿង ឬស្ពានត្សឹបាសា ដែលជាអំណោយជប៉ុនជូនចំពោះប្រជាជាតិកម្ពុជា បានរងការខូចខាតជាខ្លាំង ដោយសារមានអ្នកជិះរថយន្តបុកមួយទំហឹងរហូតបែកបាក់បង្កាន់ដៃដល់ថ្នាក់ពលរដ្ឋឃើញទើសភ្នែក និងរិះគន់ឡើងចាស់ដៃ។
បើតាមការបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកពីសំណាក់មន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ក្រោយឮដំណឺងដូច្នេះខាងទីភ្នាក់ងារជប៉ុន JICA បាននាំកម្លាំងទៅចុះត្រួតពិនិត្យកន្លែងខូចខាត និងគ្រោងសាងសង់ឲ្យស្អាតឡើងវិញក្នុងពេលដ៏ឆាប់ខាងមុខ កុំឲ្យពលរដ្ឋកម្ពុជាឃើញទើសភ្នែកនិងមានការអន់ចិត្តឃើញស្ពានតម្លៃ ១០០ លានដុល្លារជប៉ុនខំជួយសាងសង់យ៉ាងស្អាត ទៅជាខូចខាតបាត់បង់សោភ័ណភាពបែបនេះ។
នៅស្ពាននេះ មានកន្លែងខូចខាតដោយគ្រោះថ្នាក់ដល់ទៅ៣កន្លែង ហើយប្រជាជនដែលធ្វើដំណើរតាមផ្លូវនេះ មើលហើយទើសភ្នែកជាខ្លាំង ត្បិតអីស្ពាននេះពិតជាស្រស់ស្អាត មិនគួរណាមានកន្លែងបែកបាក់យ៉ាងនេះ ហើយនៅមិនទាន់ជួសជុលនោះទេ។
បើតាមលោក អ៊ុន សុធា ប្រធានមន្ទីរសាធារណៈការ និង ដឹកជញ្ជូន ខេត្តព្រៃវែង បញ្ជាក់ថា ស្ពានអ្នកលឿង គ្រប់គ្រងដោយនាយកកដ្ឋាន ផ្លូវល្បឿនលឿន របស់ក្រសួងសាធារណះការ និងដឹកជញ្ចូន រីឯខាងពិនិត្យមើលការងារបច្ចេកទេសខាងភាគី ជប៉ុន ជាអ្នកមើលការខុសត្រូវ។ ស្ពាននេះ ប្រើគ្រឿងបន្លាស់សុទ្ធតែនាំពីជប៉ុនមក ដូច្នេះត្រូវប្រើពេលយូរទើបដឹកដល់កម្ពុជា ខណៈដែលរឿងកាន់តែធ្វើឱ្យយូរទៀតនោះ គឺអ្នកបង្កក៏មិនបានចូលខ្លួនដោះស្រាយដែរ ព្រោះសំណងនៃការបុកស្ពាននេះក៏ច្រើនខ្លាំងដែរ៕