ភ្នំពេញ: កាលពី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ១គ្រឿង បានសម្រេចនៅត្រង់ចំណុចក្បែរ ភោជនីយដ្ឋានយីហោស៊ីតធីហ្គោល តាមបណ្ដោយផ្លូវ២០២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។ ហើយព្យាយាមបើករត់គេចខ្លួនក៏ទៅបុក និងរថយន្ត១គ្រឿងទៀត បណ្តាលឲ្យដួលម៉ូតូនៅត្រង់ចំណុចខាងកើតផ្សារសំណង់១២ ផ្លូវ២៦៥ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ចាបប្រគល់ជូនសមត្ថកិច្ច។
ជនសង្ស័យទី១ឈ្មោះពេជ្រ សូណារ៉ុង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងទី២មានឈ្មោះ ទូច ណារាជ ភេទប្រុស អាយុ ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១២នៅវិទ្យាល័យជាស៊ីមសាមគ្គី ស្នាក់នៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ។ ជនរងគ្រោះមានឈ្មោះ រ៉ា រីណា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូ១គ្រឿងម៉ាក ស៊ុយស័រស្មាកវី ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង1S-4391 ទើបចេញពីកន្លែងផឹកស៊ីជាមួយមិត្តភ័ក្ដិនៅហាងស៊ីតធីហ្គោល បំណងត្រលប់ទៅផ្ទះវិញ នៅឯពោធិ៍ចិនតុង ដោយធ្វើដំណើរលើផ្លូវកើតហេតុពីកើតទៅលិច លុះមកដល់ចំណុចខាងលើ ជនរងគ្រោះក៏បានយកទូរស័ព្ទដៃ១គ្រឿងម៉ាក អាយហ្វូនអ៊ិចម៉េក បម្រុងដាក់ចូលក្នុងហោប៉ៅខោ ។
ខណ:ពេលនោះ ស្រាប់តែលេចមុខជនសង្ស័យទាំង២នាក់ ជិះម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី០១៩ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ1HO-3378 ពីក្រោយរួចក៏បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបានសម្រេច ហើយព្យាយាម បើករត់គេចខ្លួនទៅ ភ្លាមៗនោះ ជនរងគ្រោះស្រែកចោរៗ ជិះដេញតាមពីក្រោយរហូត ទៅដល់ខាងមុខចំណុចផ្សារសំណង់១២ខាងលើ បណ្ដាលឲ្យជនសង្ស័យភ័យស្លន់ស្លោរ បោះចោលទូរស័ព្ទដៃដែលធ្វើសកម្មភាពឆក់បានពីជនរងគ្រោះ រួចក៏ជ្រុលទៅបុក និងរថយន្តមិនស្គាល់ម៉ាក បណ្ដាលឲ្យជនសង្ស័យដួលម៉ូតូ ត្រូវប្រជាពលរដ្ឋដែល រស់នៅក្បែរនោះ នាំគ្នាជួយចាប់ឃាត់ ស្វាគមន៍ម្នាក់មួយ ដៃមួយជើងឡើងទ្រោមខ្លួន រួចប្រគល់ទៅឲ្យសមត្ថកិច្ចមូលដ្ឋាន ចំណែកទូរស័ព្ទដៃ ដែលក្រុមជនសង្ស័យខាងលើ ធ្វើសកម្មភាពឆក់ពីជនរងគ្រោះបោះចោលនោះគឺរកមិនឃើញនោះទេ។
ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចមូលដ្ឋាន នាំយកទៅសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំចាត់ការទៅតាមនីតិវិធីច្បាប់ ៕