Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
កម្ពុជានឹងមាន ឧទ្យានថាមពលពន្លឺព្រះអាទិត្យ កម្លាំង ១០០មេហ្គាវ៉ាត់ ដែលចំណាយទឹកប្រាក់អស់ ៧,៦៤លានដុល្លារអាមេរិក

ព័ត៌មាន

កម្ពុជានឹងមាន ឧទ្យានថាមពលពន្លឺព្រះអាទិត្យ កម្លាំង ១០០មេហ្គាវ៉ាត់ ដែលចំណាយទឹកប្រាក់អស់ ៧,៦៤លានដុល្លារអាមេរិក

By NCN Daily

May 25, 2019

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តឥណទានសម្បទានចំនួន ៧,៦៤លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការកសាងឧទ្យានថាមពលពន្លឺព្រះអាទិត្យ កម្លាំង ១០០មេហ្គាវ៉ាត់ នៅកម្ពុជា ដែលគម្រោងនេះ នឹងជួយកម្ពុជាអភិវឌ្ឍន៍ធនធានថាមពលកកើតឡើងវិញ ធ្វើពិពិធកម្មប្រភពថាមពល នឹងពង្រឹងការប្រកួតប្រជែងនៃសេដ្ឋកិច្ចសង្គមរបស់ខ្លួន។ នេះបើ​យោង​តា​ម​សេ​ចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីចេញផ្សាយថ្ងៃទី២៤ខែឧសភាឆ្នាំ២០​១​​៩​។​

គម្រោងឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យនេះ នឹងជួយ (EDC) ដែលជាសេវាផ្គត់​ផ្គង់​អគ្គិ​ស​នី​ជាតិរបស់កម្ពុជា អាចសាងសង់ឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យ ដែលមានកម្លាំង ១០​០​មេ​ហ្គាវ៉ាត់​ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធដទៃទៀត រួមមានជាអាទិ៍ ផ្លូវចេញចូល របង និង​ប្រព័ន្ធបង្ហូរទឹក ក្នុងខេត្តកំពង់ឆ្នាំង។ គម្រោងនេះ ក៏នឹងកសាងប្រព័ន្ធបញ្ជូនអគ្គិសនី ដែល​ត​ភ្ជាប់ទៅនឹងបណ្ដាញចែកចាយចម្បងនៅក្បែររាជធានីភ្នំពេញ ដែលនឹងអនុញ្ញាតឱ្យគម្រោង​នេះ​ អាចផ្គត់ផ្គង់ថាមពលទៅបណ្ដាញចែកចាយជាតិ ផងដែរ។

សេចក្ដីប្រកាសព័ត៌មាន​ បានឱ្យ​ដឹ​ង​ទៀតថា បន្ថែមពីលើឥណទានសម្បទានរបស់ ADB កញ្ចប់ហិរញ្ញប្បទានសម្រាប់គម្រោ​ង​​ឧ​ទ្យា​ន​ជា​តិថាមពលពន្លឺព្រះអាទិត្យនេះ ក៏មាន ឥណទានសម្បទានចំនួន ១១លានដុល្លារ និ​ង​ ៣លា​ន​ដុល្លារ ជាហិរញ្ញប្បទានឥត សំណងផងដែរ។ ហិរញ្ញប្បទានឥតសំណងនេះ ទទួល​បាន​ពី​មូ​លនិ​ធិ​អាកាសធាតុយុទ្ធសាស្ត្រ តាមរយៈកម្មវិធីពង្រីកថាមពលកកើតឡើងវិញ។

បន្ថែ​ម​​ពី​នេះ​ទៀត ក៏មានហិរញ្ញប្បទានឥត សំណងសម្រាប់ជំនួយបច្ចេកទេស ចំនួន ៥០០.០០០ដុ​ល្លា​រ​ ដែលផ្ដល់ដោយមូលនិធិ e-Asia និងភាពជាដៃគូចំណេះដឹង នៃសាធារណរដ្ឋកូរ៉េ ដើម្បី​គាំទ្រ​ដល់​​ការអភិវឌ្ឍសមត្ថភាព របស់អគ្គិសនីកម្ពុជា (EDC) និងអាជ្ញាធរអគ្គិសនីកម្ពុជា (EAC) ដែ​​ល​ជា​និយ័តករអគ្គិសនីជាតិ អំពីបច្ចេកវិទ្យាបម្លែងពន្លឺ ទៅជាថាមពលអគ្គិសនី និងការរៀបចំ​ផែ​ន​ការឧទ្យានថាមពលពន្លឺព្រះអាទិត្យ។ ADB នឹងគ្រប់គ្រងធនធានទាំងនេះ។ ADB បាន​ជួ​យ​​រៀប​ចំគម្រោងឧទ្យានជាតិថាមពលពន្លឺ ព្រះអាទិត្យនេះ ក្រោមហិរញ្ញប្បទានឥតសំណង​ពី​រ​រដ្ឋា​​​ភិ​​​បាល​កាណាដា និងសិង្ហបុរី។

លោក Pradeep Tharakan ប្រធានក្រុមអ្នកឯកទេស​ខា​ង​ផ្នែ​​កការប្រែប្រួលអាកាស ធាតុរបស់ ADB មានប្រសាសន៍ឱ្យដឹងថា « ការមានប្រភពថាម​ព​ល​ដែ​ល​គួរឱ្យជឿជាក់បាន មាននិរន្តរភាព និងតម្លៃសមរម្យ មានសារៈសំខាន់ខ្លាំងណាស់ ស​ម្រា​ប់​​ការអភិវឌ្ឍសេដ្ឋកិច្ច របស់ប្រទសដែលកំពុងមានការរីកចម្រើនឆាប់រហ័សដូចកម្ពុជា»។ « ជំនួ​យ​​រ​បស់ ADB នឹងមិនគ្រាន់តែជួយធ្វើពិពិធកម្មប្រភពថាមពលរបស់កម្ពុជា​តាមរយៈការ​អភិ​វឌ្ឍ​​​ថាមពល ព្រះអាទិត្យប៉ុណ្ណោះទេ វាក៏នឹងជួយឱ្យកម្ពុជាសម្រេចបាននូវគោលដៅកាត់បន្ថយ​ឧស្ម័​នផ្ទះ​កញ្ចក់របស់ខ្លួន យោងតាមកិច្ចព្រមព្រៀងស្ដីពីការប្រែប្រួលអាកាសធាតុនៅ​ទីក្រុង​ប៉ា​​រីសផងដែរ»។

ទោះបីបើមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍបណ្ដាញថាមពលនៅកម្ពុជាក៏ដោ​យ ក៏ប្រជាពលរដ្ឋកម្ពុជា ជិត៥លាននាក់ នៅតែខ្វះលទ្ធភាពទទួលអគ្គិសនីប្រើប្រាស់។ ក្នុ​ង​​ឆ្នាំ២០១៨ កម្ពុជាអាចផ្គត់ផ្គង់អគ្គិសនីតាមរយៈបណ្ដាញដែលបានតម្លើងរួចរាល់ សរុបចំនួន ២១៧៥ មេហ្គាវ៉ាត់ ដែលក្នុងនោះថាមពលពី វារីអគ្គិសនីមានចំនួន១៣៣០ មេហ្គាវ៉ាត់​ ឬ​ប្រ​មា​ណ​៦២ភាគរយ និងការផលិតថាមពលអគ្គិសនីពីឥន្ធនៈហ្វូស៊ីលមានចំនួន ៧៨០ មេហ្គាវ៉ាត់ ឬប្រមា​ណ​៣៦ភាគរយ។ បើទោះបីកម្ពុជាមានពន្លឺព្រះអាទិត្យច្រើនក៏ដោយ ប៉ុន្តែសមត្ថភាព ផលិត​ថាមពល​អគ្គិ​សនីពីពន្លឺព្រះអាទិត្យ នាពេលបច្ចុប្បន្ន គឺត្រឹមតែ ១០ មេហ្គាវ៉ាត់ប៉ុណ្ណោះ។

តាមការសិក្សា ADB​ បង្ហាញឱ្យដឹងថា ប្រទេសកម្ពុជាអាចបន្ថែមថាមពលពន្លឺ ព្រះអាទិត្យប្រមាណ ២០០មេ​ហ្គា​វ៉ាត់ ទៅក្នុងបណ្ដាញចែកចាយត្រឹមឆ្នាំ២០២១ ដោយប្រើប្រាស់បច្ចេកវិទ្យាដែលមានស្រាប់ និ​ងដោយមិនប៉ះពាល់ដល់បណ្ដាញចែកចាយ ៕

ប្រភព៖ AKP  ដោយ Dararay