ព្រះសីហនុ ៖ បុរស២នាក់ ជិះរថយន្តលុចស៊ីស បានស្លាប់យ៉ាងអាណោចអាធ័មបំផុត ក្រោមសម្ពាធនៃរថយន្តធុនធំមួយគ្រឿងទៀតកិនសង្កត់ពីលើជាប់ ខណៈបុរសម្នាក់ទៀតបានរងរបួសធ្ងន់ធ្ងរ។ នៅកន្លែងកើតហេតុ គេឃើញរថយន្តលុចស៊ីស បានរងការខូចខាតមើលលែងយល់ព្រោះថាស្ថានភាពទាំងមូលនៃរថយន្តមួយគ្រឿងនេះប្រៀបដូចជាដែកអេតចាយទៅហើយ។ នៅក្នុងរថយន្តដែលរងគ្រោះគេឃើញមនុស្សចំនួន២នាក់ បានស្លាប់ដោយមានស្នាមរបួសពេញខ្លួន ខណៈដែលមេឃកំពុងធ្លាក់មានភ្លៀងផងនោះឈាមនិងទឹកភ្លៀងបានហូរក្រហមច្រាល ពេញដី។ឭ
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតមានឡើងនៅម៉ោងប្រមាណ១២រសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅផ្លូវសម្តេចសង្ឃ ភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា នៅកន្លែងកើតហេតុ គេមិនបានជួបតៃកុងរថយន្តដឹកកុងតឺន័រនោះទេ។ សមត្ថកិច្ចបានឲ្យដឹងទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងរវាងរថយន្ត២គ្រឿង បានបុកគ្នា ដោយ១គ្រឿងម៉ាក HINO ពណ៌ បៃតង ពាក់ស្លាកលេខតាកែវ3A-1109 បុកជាមួយ រថយន្តម៉ាក LEXUS RX300 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2W-6115 ជិះគ្នា៣នាក់ ក្នុងទិសដៅបញ្ច្រាសគ្នា។ សមត្ថកិច្ចបានឲ្យដឹងទៀតថា សពជនរងគ្រោះទាំង២នាក់រួមមាន៖ ១ ឈ្មោះ ចេង សំណាង អ្នកបើកបរ ជនជាតិខ្មែរ អាយុ៣៣ឆ្នាំ មានទីលំនៅភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង (ស្លាប់) ២ ឈ្មោះ Somsak Puetpakwan ជនជាតិថៃ អាយុ៣៩ឆ្នាំ ស្លាប់ ៣ ឈ្មោះ Nathaphop ជនជាតិថៃ អាយុ៦០ឆ្នាំ របួសព្យាបាលនៅគ្លីនិកឧកញ៉ាម៉ុង។
ក្រោយកើតហេតុសាកសពទាំងពីរសមត្ថកិច្ចបានដឹកយកទៅតម្កល់នៅវត្តកែវផុស។ចំណែករថយន្តទាំងពីរគ្រឿងត្រូវសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលកែវផុស៕ ស៊ុយ ចាន់ធា