ព្រះវិហារ ៖ ក្រុមការងារមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារសហការជាមួយមន្ត្រីបរិស្ថាន និងប្រជាពលរដ្ឋបានចុះកាត់ដើមឈើធំៗ ដែលបាក់កាត់ទទឹងថ្នល់២កន្លែងនៅខេត្តព្រះវិហារ ដើម្បីសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្រោយពីដើមឈើធំៗទាំងនេះបានដួលរំលំបណ្ដាលមកពីភ្លៀងរួមជាមួយខ្យល់កន្ត្រាក់។ មន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានឱ្យដឹងថាកាលពីល្ងាចថ្ងៃចន្ទ ៩រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៦២មានករណីដួលរលំដើមឈើកាត់ទទឹងផ្លូវចំនួន ០២កន្លែងគឺនៅត្រង់គីឡូម៉ែត្រ៤៥+០០០ និងគីឡូម៉ែត្រ៦០+៣០០ស្ថិតក្នុងឃុំរមណីស្រុករវៀងខេត្តព្រះវិហារបណ្តាលមកពីភ្លៀងរួមជាមួយខ្យល់កន្ត្រាក់ ប៉ុន្តែមិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ឡើយ។ គិតត្រឹមល្ងាចថ្ងៃដដែលក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារសហការជាមួយមន្ត្រីបរិស្ថាន និងប្រជាពលរដ្ឋបានជួយកាត់ចេញរួចរាល់ជាស្ថាពរហើយអាចបន្តចរាចរណ៍បានដូចដើមវិញហើយ៕ ស្រីរ័ត្ន