Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ចាប់ជនជាតិចិនម្នាក់ទៀត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដកហូតលុយជិត១លានដុល្លារ នាំពីទីក្រុងហុងកុង

ព័ត៌មាន

ចាប់ជនជាតិចិនម្នាក់ទៀត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដកហូតលុយជិត១លានដុល្លារ នាំពីទីក្រុងហុងកុង

By NCN Daily

May 30, 2019

(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចនៃប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សហការជាមួយការិយាល័យគយ និងរដ្ឋាករប្រចាំនៅព្រលានយន្តហោះ នៅល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ បានចាប់ជនជាតិចិនម្នាក់ទៀត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយដកហូតលុយជិត១លានដុល្លារអាមេរិក ដែលលុយនោះត្រូវបាននាំចូលពីទីក្រុងហុងកុង ប្រទេសចិន។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃទទួលផែនការងារអន្តោប្រវេសន៍ បានឲ្យដឹងថា នៅវេលាម៉ោង១៥៖១០នាទីរសៀល ថ្ងៃទី២៩ ខែឧសភានេះ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានផ្អាកដំណើរជនជាតិចិនម្នាក់ ដែលមានឈ្មោះថា LIAO JINGQING កើតថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នា១៩៧១ កាន់លិខិតឆ្លងដែនលេខ EG0115690 ពាក់ព័ន្ធករណីនាំប្រាក់ចំនួន ៨៥៥,០០០ដុល្លារអាមេរិក ពីទីក្រុងហុងកុង ចូលមកប្រទេសកម្ពុជា។

ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃទទួលផែនការងារអន្តោប្រវេសន៍ បានបញ្ជាក់ប្រាប់នៅយប់មិញនេះថា ការចាប់ខ្លួនជនជាតិចិនរូបនេះ ដោយសារតែលុយទាំងនោះមានការសង្ស័យថា ជាលុយដែលមានប្រភពមិនច្បាស់លាស់។

តាមការសាកសួរបឋម ជនសង្ស័យបបានសារភាពថា ខ្លួនបានចូលមកកម្ពុជាចំនួន០២លើក ក្នុងនោះលើកទី១ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ និងលើកចុងក្រោយ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ ជនសង្ស័យ មានមុខរបរនៅចិន ជាអ្នកធ្វើការផ្នែកដេគ័រ នៅសណ្ឋាគារ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យរូបនេះ បានបន្តថា គោលបំណងនាំប្រាក់មកកម្ពុជា ដើម្បីវិនិយោគលើផ្នែកដេគ័រ ជាមួយប្អូនជីដូនមួយឈ្មោះ LIAO YUPENG (ប៉ុន្តែមិនស្គាល់ឈ្មោះក្រុមហ៊ុន)។ ប្រាក់ខាងលើ បានបើកពីធនាគារឈ្មោះឡុង យៀក ក្នុងទីក្រុងហុងកុង នាំយកមកកម្ពុជា។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបង្ហាញថា ភស្តុតាងដែលត្រូវបានដកហូតរួមមាន៖ លិខិតឆ្លងដែនចិនចំនួន១ក្បាល, ប្រាក់ចំនួន៨៥៥,០០០ដុល្លារអាមេរិក (៧២ដុំ), ទូរស័ព្ទដៃចំនួន០១គ្រឿង និងកាបូបធំចំនួន០២។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន ដើម្បីសាកសួរ និងអនុវត្តនីតិវិធីបន្ត។

គួរំលឹកថា កាលពីថ្ងៃទី២៣ ខែមេសាកន្លងទៅនេះ កម្លាំងនគរបាលអន្ដោប្រវេសន៍ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រចាំនៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ បានចាប់ខ្លួនជនសង្ស័យ ជាជនជាតិចិនចំនួន៣នាក់ ដែលបាននាំលុយចំនួន ៣,៥២០,០០០ដុល្លារអាមេរិក ដោយពុំមានការបញ្ជាក់ពីប្រភពហរិញ្ញវត្ថុច្បាស់លាស់ ពីទីក្រុងហុងកុង ចូលមកប្រទេសកម្ពុជា៕