Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ឯកឧត្តម ឃួង ស្រេង ប្រកាសតែងតាំង អភិបាលខណ្ឌ អភិបាលរងខណ្ឌ នាយករដ្ឋបាលខណ្ឌ សរុបចំនួន៤៤រូប

ព័ត៌មានជាតិ

ឯកឧត្តម ឃួង ស្រេង ប្រកាសតែងតាំង អភិបាលខណ្ឌ អភិបាលរងខណ្ឌ នាយករដ្ឋបាលខណ្ឌ សរុបចំនួន៤៤រូប

By Local

April 22, 2019

ភ្នំពេញ៖ នារសៀលថ្ងៃទី២២ មេសា ២០១៩ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសតែងតាំង អភិបាលខណ្ឌ អភិបាលរងខណ្ឌ នាយករដ្ឋបាលខណ្ឌសរុបចំនួន៤៤រូប ត្រូវបានប្រកាសតែងតាំងខណៈ ខណ្ឌថ្មី២ទើបបង្កើត ដោយបំបែកចេញពីខណ្ឌចំនួន៣ ដើម្បីបំរើសេវាអោយនៅកៀកកិត ជាមួយ ប្រជាពលរដ្ឋ។

ក្នុងនោះអភិបាលខណ្ឌ ចាស់ចំនួន៦រូបទៀតក៏ត្រូវបានប្រកាសបន្តអាណត្តិជាអភិបាលខណ្ឌផងដែរ ។អភិបាលខណ្ឌចាស់ចំនួន៦រូបដែលត្រូវបានប្រកាសបន្តអាណត្តិជាអភិបាលខណ្ឌមានដូចជា លោក សុខ សម្បត្តិ នៅជាអភិបាលខណ្ឌ ព្រែកព្នៅ លោកឃ្លាំង ហួត នៅជាអភិបាលខណ្ឌជ្រោយចង្វា លោកឯក ឃុនដឿន នៅជាអភិបាលខណ្ឌទួលគោក លោក លឹម សុភា នៅជាអភិបាលខណ្ឌ៧មករា លោក ហែម ដារិទ្ធ នៅជាអភិបាលខណ្ឌពោធិសែន ជ័យ លោកពេជ្រ កែវម៉ូនី នៅជាអភិបាលខណ្ឌមានជ័យ។ ក្រៅពីនេះ អភិបាលរងខណ្ឌ និងនាយករដ្ឋបាលខណ្ឌសរុបចំនួន៤៤រូប ក៏ត្រូវបានប្រកាសជាមួយគ្នានោះផងដែរ។

ក្នុងពិធីនោះត្រូវបានប្រកាសតែងតាំងលោក ថេង សុថុល អភិបាលរងខណ្ឌច្បារអំពៅ មកជាអភិបាល ខណ្ឌចំការមន ជំនួសលោក ព្រុំ សំខាន់ ដែលផ្ទេរភារកិច្ចមកបម្រើ ការងារនៅសាលារាជធានីភ្នំពេញ។ លោក ធឹម សំអាន អភិបាលរងខណ្ឌចំការមន មកជាអភិបាលខណ្ឌបឹងកេងកង និងលោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌពោធិសែនជ័យ មកជាអភិបាលខណ្ឌកំបូល។

ដើម្បីងាយស្រួលគ្រប់គ្រងការងាររដ្ឋបាលនៅរាជធានីភ្នំពេញ ឲ្យកាន់តែមានប្រសិទ្ធភាពទើបរាជរដ្ឋា ភិបាលសម្រេចបង្កើតខណ្ឌថ្មី២បន្ថែមទៀត ពោលគឺខណ្ឌបឹងកេងកង ដែលកាត់ចេញពីខណ្ឌ ចំការមន និងខណ្ឌកំបូល ដែលកាត់ចេញពីខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះបានបញ្ជាក់ថា ការផ្ទេរតំណែងលោក ព្រុំ សំខាន់ មកបំរើការងារនៅរដ្ឋបាលរាជធានីភ្នំពេញ គឺលោកមិនមានកំហុសឆ្គងនោះទេ តែដោយលោក នៅសល់មិនបានប៉ុន្មានខែត្រូវចូលនិវត្តនោះ ទើបអោយលោកមកបំរើការងារនៅរដ្ឋបាលរាជធានី ដើម្បី ត្រៀមជាសមាជិកក្រុមប្រឹក្សា ។

ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះដែរ បានណែនាំអោយអភិបាលខណ្ឌទាំងអស់ពិសេស ខណ្ឌទើប ប្រកាសថ្មី ត្រូវបំរើប្រជាពលរដ្ឋអោយបានល្អប្រសើរ ដោយក្នុងអាណត្តិទី៦នេះ រាជរដ្ឋាភិបាលកំពុង ផ្ដោតទៅលើការអនុវត្តនូវអភិក្រមទាំង៥ មានដូចជា ងូតទឹក ដូសក្អែល ឆ្លុះកញ្ចក់ ព្យាបាល វះកាត់ ហើយយើងម្នាក់ៗសុទ្ធតែបានដឹង និងបានលឺហើយ។មកដល់ពេលនេះ គ្មាននរណាម្នាក់អាចគេចផុត ពីការអនុវត្តលើកំណែទម្រង់ស៊ីជម្រៅ ជាពិសេស លើការអនុវត្តនូវអភិក្រមទី៥នេះទេ។ ដូច្នេះទេមន្រ្តី របស់យើងដែលមានសមត្ថភាព និងចំណេះដឹង ត្រូវផ្លាស់ប្ដូរនូវឥរិយាបទ ខិតខំអនុវត្តតួនាទី ភារកិច្ចស្នូល ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។

ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថាការប្រកាសតែងតាំង តំណែងអភិបាលនៃគណៈអភិបាល ខណ្ឌ៣រូប ដែលមាន២រូបជាអភិបាលខណ្ឌថ្មី គឺមិនទាន់មានត្រានៅឡើយទេ ដោយគ្រាន់ តែប្រកាសឱ្យ ដឹងខ្លួនឯងដើម្បីត្រៀមលក្ខណៈធ្វើជាអភិបាលខណ្ឌ ពោលគឺ ក្រោយប្រកាសក្រុមប្រឹក្សាខណ្ឌ រាជធានីទើប ក្រសួងមហាផ្ទៃប្រគល់ត្រា ដើម្បីគ្រប់គ្រងរដ្ឋបាលបំរើសេវាជូនប្រជាពលរដ្ឋ ហើយអ្វីដែល ត្រូវធ្វើនៅ ពេលនេះគឺ ត្រូវឆ្លងទៅអភិបាលខណ្ឌដែលបំបែកចេញ ដូចជាអភិបាលខណ្ឌកំបូល ក្នុងអំឡុងពេលនេះ ត្រូវឆ្លងជាមួយអភិបាលខណ្ឌពោធិ៍សែនជ័យ ខណ្ឌបឹងកេងកងត្រូវឆ្លងទៅ អភិបាលខណ្ឌ ចំការមន ជាដើម។

បើតាមអនុក្រឹត្យស្តីពីការបង្កើតខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញ ត្រូវបានបង្កើតខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញដោយកាត់យកសង្កាត់ចំនួន ៧ ខណ្ឌចំការមន នៃរាជធានីភ្នំពេញ គឺ សង្កាត់បឹង កេងកងទី១ សង្កាត់បឹងកេងកងទី២ សង្កាត់បឹងកេងកងទី៣ សង្កាត់អូឡាំពិច សង្កាត់ទំនប់ទឹក សង្កាត់ទួល ស្វាយព្រៃទី១ និងសង្កាត់ទួលស្វាយព្រៃទី២ ។ តាមអនុក្រឹត្យនេះ ត្រូវបានផ្ទេរទីតាំងសាលា ខណ្ឌចំការមន ដែលស្ថិតនៅក្នុងសង្កាត់បឹងកេងកងទី៣ ទៅឲ្យសាលាខណ្ឌបឹងកេងកង ទីតាំងសាលាខណ្ឌចំការមន ត្រូវស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់៕