តាមសេចក្ដីប្រកាសព័ត៌មាន ធនាគារ ABA គ្រោងនឹងបោះផ្សាយមូលបត្របំណុល ក្នុងទំហំទឹកប្រាក់ សរុបចំនួន ១០០ ពាន់លានរៀល ឬស្មើនឹងប្រមាណ ២៥ លានដុល្លារអាមេរិក។ ធនាគារ ABA ដែលជាសមាជិកសម្ពន្ធធនាគារជាតិ កាណាដា បានប្រកាសកាលពីថ្ងៃទី ៣១ ឧសភា កន្លងទៅថ្មីៗនេះថា ខ្លួនទើបទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា ក្នុងការចាប់ផ្ដើមដំណើរការរៀបចំ ការបោះផ្សាយមូលបត្របំណុល ឬហៅថា សញ្ញាបណ្ណសាជីវកម្ម (Corporate Bond) របស់ខ្លួននៅលើផ្សារមូលបត្រកម្ពុជា (CSX)។
ធនាគារ ABA ត្រូវបានដឹងថា គឺជាស្ថាប័នហិរញ្ញវត្ថុទី៣ ហើយដែល បានបោះផ្សាយមូលបត្របំណុលនេះ បន្ទាប់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC។ ធនាគារ ABA សញ្ញាបណ្ណសាជីវកម្ម ឬហៅថា មូលបត្របំណុលដែលធនាគារនេះ គ្រោងនឹងបោះផ្សាយលក់ជាផ្លូវការនេះ គឺមានរយៈពេល ៣ឆ្នាំ និងអត្រាការប្រាក់ពី ៧ ទៅ ៧,៧៥ ភាគរយ ក្នុងមួយឆ្នាំ។
បើតាមការបញ្ជាក់ ពីធនាគារមួយនេះ ទឹកប្រាក់ ដែលបានមកពីការបោះផ្សាយលក់មូលបត្របំណុលនេះ នឹងត្រូវយកទៅប្រើសម្រាប់ការចំណាយលើប្រតិបត្តិការ ក៏ដូចជា ការបង្កើនចំនួនប្រាក់កម្ចី សម្រាប់អាជីវកម្ម ដែលនឹងគាំទ្រ ដល់អាជីវកម្ម ខ្នាតតូចបំផុត សហគ្រាសធុនតូច និងមធ្យម ដែលរួមមានសហគ្រិនស្ត្រីនៅកម្ពុជាផងដែរ។
ជាមួយនេះ ក្រុមហ៊ុន SBI Royal Securities ត្រូវបានធនាគារABA ជ្រើសយកជាទីប្រឹក្សាហិរញ្ញវត្ថុ និងក្រុមហ៊ុនធានាទិញមូលបត្រតែមួយគត់សម្រាប់ការបោះផ្សាយនេះ។ ម្ចាស់ភាគហ៊ុនដ៏ធំរបស់ធនាគារ ABA គឺធនាគារជាតិកាណាដា (www.nbc.ca) ដែលជាធនាគារធំជាងគេទីប្រាំមួយនៅប្រទេសកាណាដា និងជាធនាគារដែលឈានមុខគេនៅ Quebec ជាកន្លែងដែលធនាគារនេះក្លាយជាជម្រើសដៃគូសម្រាប់សហគ្រិនធុនតូចនិងមធ្យម៕