ភ្នំពេញ ៖ លបចូលទៅចាប់រំលោភស្ដ្រីម្នាក់ ដែលជួលបន្ទប់ក្បែរគ្នា តែមិនបានសម្រេចត្រូវប្រជាពលរដ្ឋនាំគ្នាចាប់ប្រគល់ឲ្យសមត្ថកិច្ចហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ នេះនៅចំណុចបន្ទប់ផ្ទះជួល ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ រស់ នៅ អាយុ២៧ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំណើតភូមិត្រពាំងព្រះទី២ ឃុំព្រៃឃ្នាស់ ស្រុកមេសា ខេត្ដព្រៃវែង ។
ចំណែកជនរងគ្រោះមានប្តីហើយ នាងមានឈ្មោះ ថ.ស.ន.ថ អាយុ២០ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅចំណុចផ្ទះជួលភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ។
សមត្ថកិច្ចបានបន្ដទៀតថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងតែបោសដីក្នុងបន្ទប់ផ្ទះជួលរបស់ខ្លួន ដោយមិនបានប្រុងប្រយ័ត្ន មិនបានដាក់គន្លឹះទ្វាបន្ទប់ទេ ចៃដន្យស្រាប់តែពេលនោះជនសង្ស័យម្នាក់ ដែលស្នាក់នៅ បន្ទប់ក្បែរជនរងគ្រោះដែរ បានដើរលបចូលមកចាប់រូបនាងពីក្រោយ រួចធ្វើសកម្មភាពប៉ុងប៉ងរំលោភសេពសន្ថវៈទៅលើស្ត្រីរងគ្រោះ ប៉ុន្ដែមិនបានសម្រេចនោះទេ ដោយសារតែជនរងគ្រោះបានស្រែកផ្អើល ឆោឡោឡើង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ ទើបនាំគ្នាជួយចាប់ខ្លួនជនសង្ស័យ ប្រគល់ឲ្យសមត្ថកិច្ចយកមកធ្វើការសាកសួរនៅប៉ុស្ដិ៍តែម្ដង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពដោយគ្មានការតក់ស្លុតថា ខ្លួនពិតជាមានបំណងចាប់រំលោភជនរងគ្រោះពិតប្រាកដមែន ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យរួច សមត្ថកិច្ចបាននាំយកមកធ្វើការសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី ៕