ភ្នំពេញ៖ អគារមជ្ឈមណ្ឌលសូត្រខ្មែរមុនដំបូងគេបង្អស់ ដែលមានតម្លៃ ៨០ ៥១៤ដុល្លារ ជាជំនួយឥត សំណងរបស់រដ្ឋាភិបាល និង ប្រជាជនជប៉ុនបានសម្ភោធដាក់ឱ្យដំណើរការហើយ នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០១៩ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា និង ឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតនៃប្រទេសជប៉ុនប្រចាំកម្ពុជា។
នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថាមជ្ឈ មណ្ឌលសូត្រខ្មែរនេះ ត្រូវបានគាំទ្រដោយគម្រោង “KUSANONE” (គម្រោងជំនួយឥត សំណងរបស់ ជប៉ុនសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ) ដែលត្រូវបានរៀបចំឡើង នៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ(RUPP) ។ មជ្ឈមណ្ឌលនេះអាចបង្កើតពងដង្កូវនាងដែលគ្មានជំងឺ ហើយចែកចាយវាទៅកាន់ កសិករ ។ យើងសង្ឃឹមថា មជ្ឈមណ្ឌលនេះនឹងជួយស្តារឡើងវិញនូវសូត្រខ្មែរ ហើយនឹងក្លាយជានិមិត្តរូប នៃមិត្តភាពរវាងជប៉ុន និងកម្ពុជា ។
អគារមជ្ឈមណ្ឌលសូត្រខ្មែរមុនដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជានេះ បានចាប់ផ្តើមសាងសង់ពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ ទើបរួចរាល់ជាស្ថាពរ ដែលគម្រោងនេះ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានទទួលថវិកាចំនួន ៩០,៨៣៤ដុល្លារ ពីស្ថានទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា ដើម្បីអនុវត្តន៍លើគម្រោង «The Project_for Constructing Silk Center at Royal University of Phnom Penh»។ ក្នុងនោះថវិកាចំនួន ៨០,៥១៤ដុល្លារ សម្រាប់សាងសង់អគារមជ្ឈមណ្ឌល និងថវិកាចំនួន ១០,៣២០ដុល្លារ សម្រាប់ចំណាយ លើជំនាញការសូត្រ ។ ក្រៅពីថវិការបស់ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា សម្រាប់សាងសង់អគារមជ្ឈមណ្ឌល ក៏ទទួលបានការជួយឧបត្ថម្ភជាសម្ភារបរិក្ខារ និងសម្ភារស្រាវជ្រាវ មួយចំនួន ពីអង្គការ UNDP ផងដែរ ដែលស្មើនឹងទំហំទឹកប្រាក់ប្រមាណ១៦,៣០០ដុល្លារ។ នេះបើតាមសេច ក្ដីប្រកាសព័ត៌មានរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕
ដក់ស្រង់ពី ប្រជាប្រិយ ដោយ៖ សុខជា