សត្វកម្រដែលស្ទើរតែផុតពូជគ្មានសល់ក្នុងប្រទេសកម្ពុជា ហើយកំពុងលាក់ខ្លួនតាមព្រៃភ្នំជ្រៅៗក្នុងទឹកដី ស្រុកឱ រ៉ាល់ ខេត្តកំពង់ស្ពឺនិងមួយផ្នែកក្នុងខេត្តកោះកុង កំពុង ត្រូវបានព្រានព្រៃតាមលួច ប្រមាញ់ជា បន្តបន្ទាប់ ដើម្បី យកសាច់ និងស្នែងមកលក់ ដែលគេជឿថា បើមិនមាន វិធានការតឹងរ៉ឹងទេ សត្វទាំងនោះនឹងផុតពូជនៅថ្ងៃខាង មុខជាក់ជាពុំខាន។
តាមប្រភពនានា បានឱ្យដឹងថា ការសម្លាប់សត្វខ្ទីង និង ទន្សោង ក្រុមព្រានព្រៃសំដៅធំផុត គឺយកស្នែង មកលក់ ដែលមានតម្លៃខ្ពស់ៗ ចាប់ពីជាង២០០ដុល្លាររហូតដល់រាប់ពាន់ដុល្លារ។ សត្វទាំងនេះ ត្រូវបានគេ ឱ្យដឹងថា នៅមានវត្តមាននៅឡើយក្នុងទឹកដីស្រុកឱរ៉ាល់ និងខេត្តកោះ កុង។ ក្រៅពីសត្វព្រៃដ៏កម្របំផុតនេះ សត្វជ្រូកព្រៃ ក៏ត្រូវបានគេឱ្យដឹងថាក្រុមព្រានបានធ្វើអន្ទាក់រាប់ពាន់កន្លែងក្នុងតំបន់នីមួយៗ សម្រាប់ ទាក់យកសាច់លក់ជារៀងរាល់ថ្ងៃ។
តាមប្រភពពីពលរដ្ឋរស់នៅក្នុងឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ពេលបច្ចុប្បន្ននេះ បើនិយាយ សត្វប្រើស រមាំង ឈ្លូស នៅក្នុងទឹកដីខេត្តកំពង់ស្ពឺ គេកម្របានជួបប្រទះទៀតណាស់ ហើយបើ ដឹងថា តំបន់ណា មាននោះ ក្រុមព្រានព្រៃតែងរុករកមិនសូវសល់ឡើយ បើទោះតំបន់នោះអភិរក្សក៏ដោយ។ ក្រុមអ្នកប្រមាញ់សត្វទាំងនោះ មិនប្រាថ្នាចង់បានសាច់សត្វសម្រាប់លក់ ឬប្រមាញ់សម្រាប់យកសាច់មកទុកបរិភោគឡើយ តែអ្វីដែល ពួកគេចង់បាននោះ គឺស្នែងសម្រាប់យកមកលក់តែប៉ុណ្ណោះ ពីព្រោះវាមាន តម្លៃរាប់រយដុល្លារ ក្នុងមួយក្បាលៗហើយ បើរកបាននោះ មិនខ្វះទេឈ្មួញទទួលទិញយក។ សម្រាប់អ្នក ស្រុកនៅតំបន់នេះ ដែលគ្មានការងារធ្វើ នៅពេលផុតរដូវធ្វើស្រែ គេតែងនាំគ្នាឡើងព្រៃភ្នំរុករកសត្វព្រៃឬអនុផលព្រៃឈើសម្រាប់មកលក់ចិញ្ចឹមជីវិត។ ពួកគេមាននាំគ្នា ទៅទាំងក្រុមៗ ហើយនៅពេលដឹងថា ទីកន្លែងណាមានសត្វព្រៃរស់នៅ តែងនាំគ្នាតាមប្រមាញ់ ពុំសូវខ្លាចក្រែងទេ។
បុរសអ្នកប្រមាញ់សត្វព្រៃម្នាក់ ឈ្មោះគុណ នៅឃុំជាំសង្កែ បានបញ្ជាក់ឱ្យដឹងថា កន្លងមក គាត់ជាមួយអ្នក ភូមិតែងបាននាំគ្នាចូលព្រៃជាញឹកញាប់ ហើយកាលពីមុនមក ពេលទៅរកអនុផលព្រៃឈើម្តងៗ តែងបាន សត្វព្រៃត្រឡប់ មកផ្ទះវិញពុំដែលខាន ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ សត្វព្រៃខ្សត់ខ្សោយខ្លាំងណាស់ ហើយរកសឹងលែងបានទៀតហើយ។ អ្វីដែលគាត់បាននោះមានតែសត្វពស់ សត្វអណ្តើក និងសត្វប្រភេទ តូចៗប៉ុណ្ណោះ។ ចំណែកសត្វធំៗ ដូចជាឈ្លូសរមាំង ប្រើស ឬសូម្បីតែសត្វខ្ទីង ទន្សោងនោះលែងបាន ឃើញទៀតឡើយ។
បុរសរូបនេះ បានបញ្ជាក់ថា សត្វព្រៃធំៗ ពេលបានស្នែង យកមកលក់ គឺបានតម្លៃខ្ពស់ណាស់ដូច ជាសត្វ ប្រើស សត្វរមាំង បើស្នែងធំមួយក្បាល គេអាចលក់បានតម្លៃចាប់ពី៣០០ដុល្លារឡើងដល់រាប់ពាន់ ដុល្លារ។ ចំណែក សត្វខ្ទីង ស្នែងធំល្មម បើរកបានមួយក្បាលៗ គេអាចលក់ក្នុងព្រៃចាប់ពី២០០ ទៅ៤០០ដុល្លារ ហើយ បើក្រុមឈ្មួញយកទៅលក់បន្តទៀត មានតម្លៃចាប់ពី ៥០០ ទៅ២០០០ដុល្លារ។ ចំពោះអ្នកមកទិញនោះ មិនខ្វះទេដោយភាគច្រើនជាអ្នក មានលុយ ដែលក្នុងនោះរាប់ទាំងមន្រ្តី ឧកញ៉ាទិញយក ទៅតាំងផ្ទះសម្បែងរបស់គេហើយរបស់ទាំងនេះ គេចូល ចិត្តបំផុត។
អ្នកប្រមាញ់សត្វព្រៃរូបនេះ បានឱ្យដឹងដែរថា”កាលពីមុន អ្នករកសត្វព្រៃធំៗ បានមួយក្បាលៗ មិនមានតម្លៃប៉ុន្មានទេ តែពេលនេះ ពេលរកបានមួយក្បាលៗ គេសង្វាតបំផុត គឺស្នែងដើម្បីយកទៅលក់។ ក្រុមអ្នកស្រុក ពេលរកបានម្តងៗ យកស្នែងលក់ចែកលុយគ្នាក៏មិនបានច្រើនដែរ គឺម្នាក់ បន្តិចៗ ព្រោះថាគ្នាច្រើន ប៉ុន្តែយ៉ាងណាបើរកសត្វព្រៃបាន គេបានទាំងសាច់ និងស្នែង អញ្ចឹងហើយនៅពេលចប់ រដូវធ្វើស្រែគ្មានអ្វីធ្វើមានតែឡើងព្រៃភ្នំ ដើម្បីរកសត្វ និងឈើសម្រាប់លក់ប៉ុណ្ណោះ”។
បុរសរស់នៅស្រុកភ្នំស្រួចម្នាក់ ឈ្មោះជា រដ្ឋ ដែលជាអ្នកធ្លាប់ដើរព្រៃជើងចាស់ម្នាក់ បានឱ្យដឹងពាក់ព័ន្ធពី សត្វព្រៃ នៅស្រុកឱរ៉ាល់ថា ពេលនេះ សត្វខ្ទីង និងទន្សោងបើតាមគាត់ដឹងមានសេសសល់តិចតួចណាស់ ប៉ុន្តែគាត់ជឿថា ទំហំនៃការរុករករបស់ព្រានព្រៃ ដូចរៀងរាល់ថ្ងៃនេះ មិនយូរទៀតទេ សត្វព្រៃច្បាស់ ជាត្រូវហិនហោចទាំងស្រុងតែ ម្តង។ ពីព្រោះថា សត្វព្រៃដែលកម្រដូចជាសត្វខ្ទីង ត្រូវបានគេធ្វើអន្ទាក់ ស្ទាក់ចាប់ស្ទើរគ្រប់កន្លែង ឱ្យតែពួកគេដឹង ថាសត្វនេះរស់នៅ។ ពេលស្ទាក់ចាប់បានម្តងៗ គេតែងបង្អត់បាយបង្អត់ទឹកវារាប់ថ្ងៃដោយមិនហ៊ានចូលសម្លាប់ភ្លាមៗទេ ដោយសារសត្វនេះកម្លាំងខ្លាំងខា្លចវាតដៃដូចនេះ នៅពេល វាខ្សោយកម្លាំងហើយ ទើបក្រុមព្រានចូលសម្លាប់តែម្តង។ ក្នុងពេលយកចេញពីព្រៃទៀតសោត មានការ ប្រយ័ត្នប្រយែងណាស់ ព្រោះថាមេព្រៃតែងស្ទាក់ចាប់ ប៉ុន្តែយ៉ាងណាអ្នកប្រមាញ់ គេស្គាល់ផ្លូវនៅតែអាច យកចេញមកលក់បានដោយមិនជួបការលំបាកនោះឡើយ។
បុរសរូបនេះឱ្យដឹងបន្ថែមថា”រឿងសម្លាប់សត្វខ្ទីង សត្វ ទន្សោងនោះ បំណងធំបំផុតរបស់គេ គឺគ្មានអ្វី ក្រៅពីយក ស្នែងលក់នោះទេ។ ពេលនេះស្នែងតម្លៃកាន់តែថ្លៃក្រុម អ្នកស្រុកដែលជាព្រាន ព្រៃឱ្យតែបាន ឮមិនបានទេតែងក្រវ៉ែលបើទោះបីកន្លែងនោះគេការពារ ឬអភិរក្សបែប ណាក្តី”។ អ្នកដើរព្រៃរូបនេះ ឱ្យដឹងថា សត្វខ្ទីង បើតាម គាត់ដឹងគេបានសម្លាប់នៅខេត្តកោះកុងញឹកញាប់ដែរដោយក្នុងនោះបានកាប់ច្រៀកក្បាល យកស្នែងមកលក់ ក្នុងមួយខែចាប់ពី ២ទៅ៣ក្បាល ដោយក្នុងនោះយកទៅ លក់ នៅខេត្តកំពង់ស្ពឺ និងខ្លះដឹកទៅលក់ភ្នំពេញ ឬខ្លះ មាននាំយកទៅបរទេសថែមទៀត។
មន្រ្តីខេត្តកំពង់ស្ពឺមួយរូបដែលសុំមិនបញ្ចេញឈ្មោះ បាន ទទួលស្គាល់ និងបានបញ្ជាក់ កាលពីរសៀលថ្ងៃទី៣១ខែ ធ្នូឆ្នាំ២០១២ថា ការកាប់សម្លាប់សត្វព្រៃ នៅតែកើតមាន នៅខេត្តនេះនៅឡើយ បើទោះបីគេ ខិតខំទប់ស្កាត់បែបណាក្តី។ ដោយឡែក ចំពោះការចោទសួរពីការសេសសល់ សត្វព្រៃដូចជាសត្វខ្ទីង សត្វទន្សោងនោះ មន្រ្តីរូបនេះ បានបញ្ជាក់ដោយខ្លីថា បើតាមលោកដឹង សត្វប្រភេទនេះ នៅសេសសល់នៅឡើយ ប៉ុន្តែមានចំនួនតិចតួចបំផុតណាស់៕ ដក់ស្រង់ពីគេហទំព័រ