កំពង់ស្ពឺ៖ មានប្រជាពលរដ្ឋមិនតិចឡើយតែងជួបប្រទះបញ្ហាចំពោះឯកសារសំខាន់ៗក្នុងជីវិត ដូចជាអ្នកខ្លះខុសឈ្មោះក្នុងសំបុត្រកំណើត ហើយចង់ដឹងថាប្រសិនបើចង់កែតម្រូវត្រូវធ្វើយ៉ាងណាខ្លះ? តទៅនេះ ជាការចែក រំលែកបទពិសោធន៍ពីលោក ឬទ្ធិ ទើបតែទៅកែតម្រូវឈ្មោះក្នុងសំបុត្រកំណើតកាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៩ នៅឯតុលាការខេត្តកំពង់ស្ពឺ ។
លោកឱ្យដឹងថា ករណីខុសឈ្មោះក្នុងសំបុត្រកំណើត បុគ្គលដែលជាអ្នកចង់កែតម្រូវ ត្រូវទៅកាន់តុលាការ ខេត្តរបស់ខ្លួន ដែលភ្ជាប់ទៅជាមួយ សំបុត្របញ្ជាក់កំណើតដែលខុសឈ្មោះនោះ ព្រមទាំងឯកសារយោងមួយចំនួនដែលមានឈ្មោះត្រឹមត្រូវដូចជា ៖ ១. អត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ ២. វិញ្ញាបនបត្របណ្ដោះអាសន្នបឋមភូមិ ៣. វិញ្ញាបនបត្របណ្ដោះអាសន្ន ទុតិយភូមិ ៤. សញ្ញាបត្របរិញ្ញាបត្រ ៥. វិញ្ញាបនបត្រ ឬ ប័ណ្ណសរសើរផ្សេងៗដែលទទួលបានកន្លងមក
សូមបញ្ជាក់ថា ឯកសារយោងនេះគឺមិនដូចគ្នាឡើយ អ្នកខ្លះមានត្រឹមបាក់ឌុប ឬ ឌីប្លូម ឬ អ្នកខ្លះទៀត មានតែលិខិតបញ្ជាក់ផ្សេងៗ តែហោចណាស់ត្រូវភ្ជាប់ទៅជាមួយយ៉ាងហោចណាស់ឱ្យបានពីរទៅបីសន្លឹកក្រៅពីអត្តសញ្ញាណប័ណ្ណ ទើបមន្ត្រីព្រមជឿជាក់ និង ធ្វើការកែតម្រូវជូន ។
ក្រោយភ្ជាប់ឯកសារយោងគ្រប់គ្រាន់ដែលបញ្ជាក់ថា យើងពិតជាឈ្មោះបែបនេះមែន នោះមន្ត្រី ឬ បុគ្គលិក បណ្ដែតក្នុងតុលាការខេត្ត ឬ ក្រុង នឹងឱ្យពាក្យបំពេញសុំកែតម្រូវ បន្ទាប់ពីបំពេញ និង ផ្ដិតមេដៃហើយ បងប្អូនត្រូវបង់ថ្លៃពន្ធត្រឹមតែ ៥ ០០០ រៀលប៉ុនណោះជាការស្រេច ។ ក្រោយបំពេញពាក្យស្នើរសុំកែតម្រូវ បាន ១ ទៅ ២ សប្ដាហ៍ ទើបក្រុមការងារទាក់ទងដើម្បីទៅទទួលតាមរយៈលេខទូរសព្ទដែលដាក់ក្នុងពាក្យស្នើរសុំនោះ ។
កន្លងមកអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃក៏បានឱ្យដឹងដែរថា ប្រសិនបើបងប្អូនចង់កែត ម្រូវទិន្នន័យអត្តសញ្ញាណអាចអញ្ជើញទៅកាន់ទីតាំងមួយចំនួនដូចជា ៖ ១.នាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដែលមានអាស័យដ្ឋាននៅផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ទល់មុខបុរីប៉េងហួត បឹងស្នោរ) ។ ២. សាលាក្រុង ស្រុក ខណ្ឌ នៃទីតាំងដែលបញ្ជីអត្រានុកូលដ្ឋានរបស់សាមីខ្លួនបាននឹងកំពុងរក្សាទុក ។
ដក់ស្រង់ពីប្រជាប្រិយ ដោយ៖ សុខជា