ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ មិថុនាឆ្នាំ ២០១៩នេះ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យមើលស្ថានភាពជាក់ស្ដែង នៃការស្ដារ ប្រឡាយនិងការដាក់លូមេ ដើម្បីរំដោះទឹក ភ្លៀងតំបន់ភាគ ខាងត្បូងផ្លូវសហព័ន្ធរុស្ស៊ី ខណៈដែលតំបន់នេះ នៅតែប្រឈមនឹងការលិចលង់ដោយជំនន់ទឹកភ្លៀងពេលដែលភ្លៀងធ្លាក់ខ្លាំងម្ដង។
ដើម្បីអោយដំណើរការនៃការស្តារឡាយនិងការដាក់លូ ដំណើរការទៅបានរលូន និងរួចរាល់ទៅតាម ផែនការនិងទៅតាមលក្ខណៈបច្ចេកទេសផងនោះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានដឹកនាំមន្ត្រីជំ នាញនិងអាជ្ញាធរដែនដីចុះមកពិនិត្យ ស្ថានភាព ជាក់ស្តែងតែម្តង។ ក្នុងការចុះពិនិត្យនោះឃើញថា មានលំនៅដ្ឋាន មិនរៀបរយមួយចំនួនបានសង់រំលោភ ប្រឡាយតែម្តង។ ជុំវិញបញ្ហានេះលោកឃួង ស្រេង បានណែនាំឲ្យអាជ្ញាធរដែនដីធ្វើសេចក្តីជូនដំណឹងដើម្បីអោយប្រជាពលរដ្ឋរុះរើលំនៅដ្ឋានរបស់ខ្លួនចេញពីលើតួឡាយដើម្បីឲ្យមន្ត្រីជំនាញក៏ដូចជាមន្ទីរជំនាញងាយស្រួលក្នុងការស្ដារប្រឡាយនេះ។ ដោយឡែករោងចក្រមួយកន្លែង ភូមិត្រពាំងជ្រៃត្រូវបាន ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ធ្វើការណែនាំ ឲ្យអាជ្ញាធរដែនដីជម្រុញអោយរោងចក្រខាងលើធ្វើការ ដាក់លូទំហំ២ម៉ែត្រជំនួសលូចាស់ ដែលមានទំហំ ត្រឹមតែ ៨តឹក ប្រវែង២០០ម៉ែត្រ ដោយតភ្ជាប់ទៅប្រឡាយភូមិចំការឪឡឹក ។ បន្ថែមពីនេះទៀត រដ្ឋបាលរាជធានីត្រូវដាក់លូទំហំ២ម៉ែត្រប្រវែង១១៧០ម៉ែត្រថែមទៀត។
ក្នុងនោះដែរ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា ដើម្បីរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀងនៅក្នុងរដូវវស្សានេះ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការ ណែនាំពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានសម្រេចអោយ ស្ដារប្រឡាយនិងការដាក់លូ ដើម្បីរំដោះទឹកភ្លៀង ចេញពីតំបន់មួយចំនួននៅក្នុងសង្កាត់ចោមចៅ៣ សង្កាត់កាកាប១ សង្កាត់កាកាប២ និងមួយប៉ែកទៀតនៅ ក្នុងសែនសុខ។
ប្រឡាយដែលបាននិងកំពុងស្ដារនេះ បានចាប់ផ្តើមពីប្រឡាយរ៉ាដា រហូតទៅដល់ប្រឡាយទួលសំពៅ ។ បើតាមមន្ត្រីជំនាញរបស់រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថាប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកផ្នែកខាងត្បូងផ្លូវសហព័ន្ធរុស្ស៊ី ដោយមិនឲ្យទឹកហូរចូលទៅក្នុងព្រលានយន្តហោះភ្នំពេញ។ រំដោះទឹកមិនអោយទឹកភ្លៀងលិចលង់នៅ ភូមិត្រពាំងជ្រៃ ភូមិត្រពាំងពោធិ៍ ព្រៃព្រីងខាងជើង ភូមិព្រៃទា សង្កាត់កាកាប១ សង្កាត់កាកាប២ សង្កាត់ចោមចៅ៣ និងមួយផ្នែកទៀតរំដោះទឹកនៅក្នុងខណ្ឌសែនសុខ៕