កោះកុង៖ ក្រពើត្រីជាប្រភេទក្រពើ ដែលងាយរងគ្រោះ ក្រពើប្រភេទនេះត្រូវបានគេកត់បញ្ចូលនៅក្នុង បញ្ជីក្រហម របស់អង្គការ IUCN ថា ជាប្រភេទសត្វដែលជិតផុតពូជលើលោក ប៉ុន្តែវាក៏កំពុងរស់នៅច្រើន បង្គួរនៅក្នុង ប្រទេសកម្ពុជា ។
កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០១៩ ក្រុមអភិរក្សនៃរដ្ឋបាលជលផល អង្គការ WCS និង ក្រុមការពារ សំបុកក្នុងមូលដ្ឋានបានប្រកាសថា ខ្លួនបានរកឃើញសំបុកពងក្រពើត្រីចំនួន ២សំបុក មានចំនួន ៤៨ ពង នៅត្រពាំងចំនួនពីរ តាមប្រព័ន្ធដងព្រែកស្រែអំបិល ក្នុងខេត្តកោះកុង កាលពីដើមសប្តាហ៍មុននេះ។
សត្វក្រពើត្រី ឬ ហៅតាមឈ្មោះវិទ្យាសាស្ត្រថា Crocodylus siamensis ត្រូវបានកត់ត្រានៅក្នុងបញ្ជីក្រហម របស់អង្គការ IUCN ជាប្រភេទសត្វ ដែលកំពុងរងការគំរាមកំហែងជិតផុតពូជ ដោយសារចំនួនរបស់ វានៅទូទាំងពិភពលោកកំពុងធ្លាក់ចុះយ៉ាងខ្លាំង។ ប្រភេទក្រពើត្រីនេះ មានរស់នៅក្នុងប្រទេសកម្ពុជា ឡាវ ថៃ វៀតណាម និង ទំនងជាអាចមានរស់នៅក្នុងប្រទេសម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឥណ្ឌូណេស៊ីដែរ ។
តាមការប៉ាន់ស្មាន នៅកម្ពុជា មានក្រពើត្រីនេះក្នុងវ័យជំទង់ប្រហែលចន្លោះពី ១០០ ទៅ ៣០០ ក្បាល ដែលបង្ហាញថា កម្ពុជាគឺជាទីជម្រកដ៏សំខាន់បំផុតសម្រាប់ប្រភេទសត្វក្រពើត្រីនេះ ៕