តាកែវ៖ កាលពីពេលថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា នួន ឈិន បានបង្ហោះថា “ពេលនេះភរិយាខ្ញុំរួចផុតពីគ្រោះថ្នាក់ហើយ ខ្លាចហើយពេទ្យផ្នែកសម្ភពនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ សំអាតមិនស្អាតហើយថែមទាំងមានបង់រុំរបួសក្នុងស្បូនទៀត ពិតជាខកចិត្តខ្លាំងណាស់ដែលសម្រេចចិត្តទៅសម្រាល នៅពេទ្យនោះ ខ្លាចហើយរៀងហើយ” ។
ជុំវិញបញ្ហានេះ បានធ្វើអោយមានការមិនពេញចិត្ត និងមានមតិរិះគន់ជាខ្លាំងរបស់មហាជន ទៅលើមន្ទីរពេទ្យបង្អែកខេត្តតាកែវ ដែលមានការធ្វេសប្រហែសបែបនេះ ។
នៅថ្ងៃទី១៩ ខែមិថុនា នេះ មន្ទីរសុខាភិបាលខេត្តតាកែវ បានចេញសេចក្តីបំភ្លឺដើម្បីជាការឆ្លើយតប ក៏ដូចជាការបកស្រាយទៅកាន់ម្ចាស់គណនីហ្វេសប៊ុក និងសាធារជនអោយបានជ្រាបជាក់ច្បាស់ថា ៖ កាលពីវេលាម៉ោង១១៖១០នាទីព្រឹក ថ្ងៃទី៧ ខែមិថុនា ភរិយារបស់ឈ្មោះ នួន ឈិន បានមកសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ លុះដល់វេលាម៉ោង៩៖៥នាទីព្រឹក ថ្ងៃទី៩ ខែមិថុនា ស្រ្តីដែលជាប្រពន្ធក៏បានចេញពីមន្ទីរពេទ្យដោយគ្មានការអនុញ្ញាតពីគ្រូពេទ្យ ។
ក្នុងការសម្រាលកូននោះ ស្ត្រីខាងលើសម្រាលដោយការ កាត់ទ្វារមាស (Episiotomy) និងបូមជំនួយ (Ventouse delivery) ដែលបណ្តាលអោយមានឈាមហូរច្រើន ដូច្នេះពេទ្យឆ្មបត្រូវធ្វើការញាត់កុំប្រេសដើម្បីឃាត់ឈាម ដោយត្រូវទុករយៈពេលពី ២៤ម៉ោង ទៅ៤៨ម៉ោង ។ ស្ត្រីខាងលើបានចេញទៅមុន ដោយសន្យាថា នឹងរកពេទ្យឆ្មបធ្វើការសម្អាតតាមក្រោយ ។
ប៉ុន្តែផ្ទុយទៅវិញ ស្រ្តីនោះមិនបានហៅពេទ្យអោយសម្អាតទេ គឺសម្អាតដោយខ្លួនឯង រហូតដល់ថ្ងៃទី១៦ ខែមិថុនា អ្នកជំងឺមានអាការៈចុកពោះខ្លាំង ទើបរត់មករកពេទ្យ ៕
ប្រភព៖ FB