ក្រុងព្រះសីហនុ៖ អាគារកំពុងសង់ថ្មីមួយកន្លែងនៅជិតកន្លែងលាងរថយន្តអារុណរះសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានបាក់រលំ កាលពីវេលាម៉ោងជិត៥ព្រឹកថ្ងៃទី២២ មិថុនា ឆ្នាំ២០១៩ នេះដែលជាមហន្តរាយលើកដំបូងសម្រាប់វិសយ័សំណង់នៅខេត្តព្រះសីហនុ។
សេចក្តីរាយការណ៏បឋមពីកន្លែងកើតហេតុអោយដឹងថា មានមនុស្សមួយចំនួនជាប់ក្នុងគំនរអាគាររំបាក់នេះ ហើយសមត្ថកិច្ចនិងក្រុមសង្គ្រោះក៏បានអន្តរាគមន៍ភ្លាមៗដែរ។
ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ដែលដឹកនាំកម្លាំងជួយសង្គ្រោះផ្ទាល់មានប្រសាសន៏ប្រាប់ជាបឋមថា គិតមកត្រឹមម៉ោងជិត៩ព្រឹកថ្ងៃដដែល មានមនុស្ស៣នាក់បានស្លាប់និងជិត២០នាក់ទៀតរងរបួស ហើយជនរងគ្រោះភាគច្រើនជាកម្មករសំណង់។
បើតាមឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា៖ ចំនួនជនរងគ្រោះអាចនឹងកើនឡើងថែមទៀត ក្រោយគំនរបាក់បែកបានកាយរួច ក្នុងនោះសមត្ថកិច្ចចម្រុះនិងក្រុមសង្គ្រោះរាប់រយនាក់ត្រូវបានបញ្ជូនមកកាន់កន្លែងកើតហេតុ ដើម្បីអន្តរាគមន៍បន្ថែម។
មន្ត្រីផ្លូវការនានាថ្លែងថា៖ ការរលំបាក់អាគារនេះគឺបណ្តាលមកពីបញ្ហាបច្ចេកទេសសាងសង់ និងថាបច្ចុប្បន្នអ្នកទទួលខុសត្រូវសំណង់នេះ ដែលជាស្ត្រីជនជាតិចិន១រូបត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំយកទៅសាកសួរហើយ៕
ប្រភព៖ FB