(ភ្នំពេញ) ប្រជាពលរដ្ឋខ្មែរមួយចំនួនធំ ប្រហែលមិនបានដឹងទេថា កម្ពុជា កំពុងដំណើរការសាកល្បងនូវ សេវាអន្តរធនាគារ ដោយបញ្ចូលទូរ AMTតែ១ ហើយអតិថិជន អាចធ្វើការដកប្រាក់ ពីបណ្ដាគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗបានហើយ។
សេវាអន្តរធនាគារនេះ មានឈ្មោះថា “Cambodian Shared Switch” ( CSS) ជាប្រព័ន្ធមួយសម្រាប់តភ្ជាប់កំណត់ត្រាគណនីរបស់ម៉ាស៊ីន ATM និងម៉ាស៊ីនឆូតកាត (POS) ដើម្បីជួយសម្រួលដល់ប្រតិបត្តិការអន្តរធនាគារ។ បច្ចុប្បន្ននេះមានគ្រឹះស្ថានហិរញ្ញវត្ថុចំនួន៥ហើយដែលបានចូលក្នុងប្រព័ន្ធ ដូចជា ធនាគារ អេស៊ីលីដា ធនាគារ ស្ថាបនា ធនាគារ ប្រៃសណីយ៍កម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់។
ប្រព័ន្ធនេះពិតជាផ្ដល់ភាពងាយស្រួលសម្រាប់ឲ្យអតិថិជនធ្វើប្រតិបត្តិការអន្តរធនាគារ។ ឧទាហរណ៍ថា បើអ្នកជា អតិថិជនរបស់ធនាគារ អេស៊ីលីដា នោះអ្នកអាចកាន់កាត ATM ទៅដកប្រាក់ពីទូរ ATM ធនាគារ ប្រៃសណីយ៍កម្ពុជា ឬ ធនាគារស្ថាបនាក៏បានដែរ។ មួយវិញទៀត បើអ្នកកាន់កាតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ទិញទំនិញតាមផ្សារទំនើប ហើយទូទាត់ទំនិញតាមរយៈការឆូតកាត នោះអ្នកក៏អាចឆូតកាតជាមួយ ម៉ាស៊ីនឆូតកាត (POS) របស់ ធនាគារ អេស៊ីលីដាបានដែរ។
Cambodian Shared Switch ( CSS) ជាប្រ័ន្ធដែកជួយបង្កើនប្រសិទ្ធភាពប្រតិបត្តិការទូទាត់អន្តរធនាគារ តាមរយៈប័ណ្ណទូទាត់ឥណទាន និងប្រព័ន្ធទូទាត់ដុលភ្លាមៗដែល កំពុងត្រូវបានអភិវឌ្ឍន៍ ដើម្បីសម្រួលដល់ប្រតិបត្តិការទូទាត់សងប្រាក់តម្លៃធំអន្តរធនាគារ។
លើសពីនេះ វាចូលរួមកាត់បន្ថយ ចរាចរណ៍សាច់ប្រាក់នៅលើទីផ្សារ ឆ្លើយតបទៅនឹងតម្រូវការ សមាហរណកម្មអាស៊ាន ជាពិសេសលើកកម្ពស់ ប្រសិទ្ធភាពសេវាទូទាត់ទំនិញ និងសេវាឲ្យកាន់តែប្រសើរឡើង ព្រមទាំងកាត់បន្ថយការចំណាយលុយវិនិយោគលើ ម៉ាស៊ីន AMT និងម៉ានស៊ីន POS របស់គ្រឹះស្ថានហិរញ្ញវត្ថុ។
បើតាមប្រសាសន៍របស់លោកស្រី សូរ ផនណារី អនុប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាដែលដកស្រង់សម្ដីដោយ ភ្នំពេញប៉ុស្តិ៍បានឲ្យដឹងថា រាល់ការដកប្រាក់តាមម៉ាស៊ីន ATM ធនាគារផ្សេងពីកាត ATM ដែលអតិថិជនកាន់ អតិថិជនត្រូវចំណាយកម្រៃប្រតិបត្តិការ ១ ៨០០ រៀលក្នុងមួយប្រតិបត្តិការ ខណៈដែលការផ្ទេរប្រាក់ពីធនាការមួយទៅធនាគារមួយទៀតគឺយកកម្រៃសេវា ៤ ០០០ រៀលសម្រាប់ទឹកប្រាក់វេរក្រោម ១ ០០០ ដុល្លារ និង ២ ដុល្លារ សម្រាប់ទឹកប្រាក់ផ្ទេរក្រោម ៥ ០០០ ដុល្លារ៕ប្រភពbusiness