(ពោធិ៍សាត់)៖ អគ្គិភ័យឆេះឃ្លាំងស្តុកប្រេងម៉ាស៊ូតមួយកន្លែង នៅស្រុកក្រគរ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀល ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិ ផ្ទះចេក ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
អគ្គីភ័យបានលេបត្របាក់ ឃ្លាំងស្តុកប្រេងម៉ាស៊ូត១ខ្នង ធ្វើពីថ្ម និងបន្តឆេះកន្លែងលក់ចាបហួយ មានបណ្តោយ៣០ម៉ែត្រ និងទទឹង១៥ម៉ែត្រ ធ្វើពីដែកប្រក់ស័ង្គសី ជញ្ជាំងស័ង្គសី ព្រមទាំងឆេះរាលអស់សម្ភារជាច្រើនទៀត តែមិនបង្កឲ្យរងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។ ទីតាំងនោះ ជាកម្មសិទ្ធិរបស់ឈ្មោះ ផុន ផល អាយុ៥០ឆ្នាំ រស់នៅភូមិផ្ទះចេក ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
រថយន្តពន្លត់អគ្គិភ័យរបស់អធិការនគរបាលស្រុកក្រគរជួយគ្រប់គ្រងពន្លត់ រួចរាល់ហើយ និងដោយបានការជួយអន្តរាគមន៍ពីរថយន្តកងវិស្វកម្មផងដែរ។ ចំពោះសម្ភារដែលមាននៅក្នុងនោះ យើងពុំទាន់ដឹងច្បាស់នៅឡើយទេ រងចាំរបាយការណ៍លំអិតនាពេលក្រោយ៕
ប្រភព៖ Heng Ly