ឯកឧត្តមបណ្ឌិត ងួន ញុិល ទទួលសញ្ញាបត្រកិត្តិយសថ្នាក់ក្រោយបណ្ឌិតផ្នែកវិទ្យាសាស្រ្តសង្គម ពីសាកលវិទ្យាល័យឥណ្ឌា

0
891

សាកលវិទ្យាល័យ ឆាត្រាប៉ាទី សាហ៊ុ ជី មហារាជ (CHHATRAPATI SHAHU JI MAHARAJ UNIVERSITY) នៃសាធារណរដ្ឋឥណ្ឌា បានសម្រេចប្រគល់សញ្ញាបត្រកិត្តិយសថ្នាក់ក្រោយបណ្ឌិត ផ្នែកវិទ្យាសាស្ត្រសង្គមជូន ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដោយបានមើលឃើញពីការលះបង់ ការតស៊ូ និងពលីកម្មរបស់ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល នៅក្នុងការ ចូលរួមកសាងអភិវឌ្ឍន៍ប្រទេសកម្ពុជា តំាងពីដើមរហូតមក ពិសេសការចូលរួមកសាងនីតិរដ្ឋនៅកម្ពុជា តាមរយៈការអនុម័តច្បាប់នៅក្នុងរដ្ឋសភា។

ការប្រគល់សញ្ញាបត្របានរៀបចំធ្វើនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ ឯកឧត្តម បណ្ឌិត ណារ៉េស ម៉ាលហូត្រា តំណាងសាកលវិទ្យាល័យ ឆាត្រាប៉ាទី សាហ៊ុ ជី មហារាជ (CHHATRAPATI SHAHU JI MAHARAJ UNIVERSITY) បានគូសបញ្ជាក់ថា ការសម្រេចផ្តល់ សញ្ញាបត្រកិត្តិយស ថ្នាក់ក្រោយបណ្ឌិត ផ្នែកវិទ្យាសាស្រ្តសង្គម ជូនដល់ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល នាពេលនេះ មិនមែនជាការចៃដន្យនោះទេ តែបានកើតឡើងពីការស្រាវជ្រាវ និងវាយតម្លៃពីគុណ បំណាច់ដ៏ធំធេងរបស់ ឯកឧត្តមអនុប្រធានទី១នៃរដ្ឋសភា ដែលបានបំពេញភារកិច្ចជូនជាតិនិងមាតុភូមិ តំាងពីដើមមក។ ឯកឧត្តមបណ្ឌិតងួន ញ៉ិល បានលះបង់កម្លំាងកាយចិត្ត ប្រាជ្ញា ដើម្បីសង្គមជាតិ ច្រើនជាងការគិត ពីប្រយោជន៍ផ្ទាល់ខ្លួន។

ចំណែកនៅក្នុងតួនាទីជាតំណាងរាស្រ្តនិងជាថ្នាក់ដឹកនាំរដ្ឋសភាមួយរូបនោះ ឯកឧត្តមបណ្ឌិត បានចូលរួម កសាងនីតិរដ្ឋនៅកម្ពុជា។ រដ្ឋសភាកម្ពុជាបានតាក់តែង និងអនុម័តច្បាប់ប្រមាណ៥០០ច្បាប់។ នេះជាការ លើកឡើងរបស់ ឯកឧត្តមបណ្ឌិត ណារ៉េស ម៉ាលហូត្រា។

បើតាមការវាយតម្លៃរបស់តំណាងសាកលវិទ្យាល័យ ឆាត្រាប៉ាទី សាហ៊ុ ជី មហារាជ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ក៏បានកសាងកិត្យានុភាពដល់រដ្ឋសភាកម្ពុជានៅលើឆាកអន្តរជាតិយ៉ាងច្រើនផងដែរ។ រដ្ឋសភាកម្ពុជា ដែលរួមចំណែកដឹកនាំដោយ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានរៀបចំកិច្ចប្រជុំ និងមហាសន្និបាត នៃវេទិកាអន្តរសភាជាច្រើននៅកម្ពុជា និងបានចូលរួមប្រជុំក្រៅប្រទេសជាច្រើនផងដែរ ដូចជានៅក្នុងតួនាទីជាសមាជិកអន្តរសភាអាស៊ាន សភាតំបន់អាស៊ី និងវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ជាដើមនោះ។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ចាត់ទុកការផ្តល់សញ្ញាបត្រជូនឯកឧត្តមនៅពេលនេះ ជាការលើកទឹកចិត្ត និងបានវាយតម្លៃយ៉ាងខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង តស៊ូ លះបង់របស់ឯកឧត្តម ដើម្បីប្រទេសជាតិ នាពេលកន្លងមក។ ជាពិសេសគឺនៅក្នុងការបំពេញតួនាទី ក្នុងនាមជាថ្នាក់ដឹករដ្ឋសភាមួយរូប ក្រោមការដឹក នាំរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

ឯកឧត្តមបណ្ឌិត បានបន្តថា ការផ្តល់សញ្ញាបត្រនេះ ក៏បានវាយតម្លៃពីការចូលរួមចំណែករបស់ឯកឧត្តម បណ្ឌិត ក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្រោយថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ជាមួយនឹងថ្នាក់ដឹកនាំកំ ពូលៗដែលមាន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាដើម។ “ការផ្តល់សញ្ញាបត្រនេះ ពិតជាមានអត្ថន័យយ៉ាង ជ្រាលជ្រៅបំផុតចំពោះខ្ញុំ និងក្រុមគ្រួសារ និងស្ថាប័នរដ្ឋសភា មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាជនខ្មែរ ទាំងមូល។ នេះជាការផ្តល់នូវកម្លាំងចិត្ត និងស្មារតីដល់ខ្ញុំ ឱ្យកាន់តែខិតខំ បន្តសកម្មភាព បម្រើ សង្គមទ្វេ ដងបន្ថែមទៀត ពិសេសការរួមចំណែកក្នុងកិច្ចការដឹកនាំស្ថាប័នរដ្ឋសភាប្រកបដោយវឌ្ឍនភាព និងភាព សុខដុមរម្យនា”។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល។

ចំណែកឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងដែលជាតំណាង ឲ្យមន្រ្តីអគ្គលេខាធិការដ្ឋាន រដ្ឋសភាទំាងអស់នោះ បានអបអរសាទរចំពោះកិត្តិយសជាសកលដែលឯកឧត្តមបណ្ឌិត ងួន ញ៉ិល ទទួល បាននាឱកាសនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា “ជោគជ័យដែលឯកឧត្ដមបណ្ឌិតទទួលបាននាឱកាស នេះគឺជាកិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជាទាំងមូល ហើយក៏ជាជោគជ័យនៃប្រជាពលរដ្ឋខ្មែរ គ្រប់រូប” ៕ ដោយ សុខជា

LEAVE A REPLY

Please enter your comment!
Please enter your name here