មណ្ឌលគិរី៖ ដែនជម្រកសត្វព្រៃណាំលៀ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី គឺជាជង្រុក ក្រុមឈ្មួញប្រព្រឹត្តបទល្មើសព្រៃឈើដ៏ធំមួយ ស្របពេលដែលគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កុំពុងបើកប្រតិបត្តិការ បង្ក្រាបបទល្មើសព្រៃឈើនៅតែក្តៅគគុកក្នុងខេត្តមនេះ។
ប៉ុន្តែក្រុមឈ្មួញ ហាក់នូវតែបន្តមានសកម្មភាព ដឹកជញ្ជូនឈើចេញពីក្នុងដែនជម្រកសត្វព្រៃណាំលៀ ស្រុកពេជ្រាដា ដដែល ។ ដូច្នេះ ប្រជាពលរដ្ឋ បានស្នើសុំ ដល់ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មេត្តាចុះស៊ើបអង្កេតលើករណីនេះផង។
ប្រតិបត្តិការដ៏ក្តៅគគុកដែលដឹកនាំបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាប្រធានគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៃរាជរដ្ឋាភិបាលកម្ពុជា ទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ ។
នាយឧត្តមសេនីយ៍ សៅ សុខា បានដាក់បទបញ្ជាយ៉ាងតឹងរឹងបំផុត មិនអត់អោនចំពោះបុគ្គលដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើទេ ត្រូវតែអនុវត្តច្បាប់ជាដាច់ខាត ។
សូមបញ្ជាក់ថា រហូតមកទល់ពេលនេះមានមនុស្ស៤នាក់ហើយ ក្នុងនោះមានឧកញ៉ា ស៊ឹង សំអុល ឈ្មួញប្រព្រឹត្តបទល្មើសព្រៃឈើដ៏ល្បីល្បាញម្នាក់ផង ត្រូវបានតុលាការខេត្តមណ្ឌលគិរី ឃុំខ្លួនដាក់ពន្ធនាគារ ខណៈជនពាក់ព័ន្ធជាច្រើននាក់ទៀត ត្រូវបានតុលាការចេញដីកាបញ្ជាអោយចូលខ្លួនជាបន្តបន្ទាប់ ៕