ភ្នំពេញ៖ ឯកឧត្តម គុណ ញឹម ចុះពិនិត្យកាកសំណល់សំរាមបា្លស្ទិកចំនួន ៨៣កុងតឺន័រ នៅកំពង់ផែស្វ័យតខេត្តព្រះសីហនុ(រូបទីពីរខាងឆ្វេង)ដោយៈ វង្ស សុភាព/ភ្នំពេញៈ រកឃើញហើយក្រុមហ៊ុន ដែលនាំកាកសំណល់សំរាមបា្លស្ទិកចំនួន ៨៣កុងតឺន័រ ដែលដឹកតាមកប៉ាល់យកមកទម្លាក់ចោលនៅកំពង់ផែស្វ័យតខេត្តព្រះសីហនុ គឺក្រុមហ៊ុន ជុង យៀន ប្លាស្ទិក (Chung yuen )ដែលមានថៅកែជាជនជាតិខ្មែរ។ នៅដើមសប្តាហ៍ក្រោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នឹងកោះហៅម្ចាស់ក្រុមហ៊ុនមកធ្វើការសាកសួរ។
កាកសំណល់សំរាមបា្លស្ទិកនេះបើតាមការស្រាវជ្រាវ និងស៊ើបអង្កេតគឺ មានប្រភពមកពីអាម៉េរិក និងប្រទេសកាណាដា។សំណល់នេះត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីថ្ងៃទី១៦ខែកក្កដាកន្លងទៅ។
ឯកឧត្តម គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានថ្លែងប្រាប់រស្មីកម្ពុជា កាលពីល្ងាចថ្ងៃទី១៩ ខែកក្កដា ថា ក្រុមហ៊ុនដែលនាំកាកសំណល់ប្លាស្ទិកចំនួន ៨៣កុងតឺន័រ ចូលមកដាក់នៅកំពង់ផែខេត្តព្រះសីហនុ គឺក្រុមហ៊ុន ជុង យៀនប្លាស្ទិក។ ប្រធានក្រុមហ៊ុន ជុង យៀនប្លាស្ទិក គឺជាជនជាតិខ្មែរ ប៉ុន្តែនៅក្នុងក្រុមហ៊ុននោះ មានជនជាតិចិនធ្វើការដែរ ហើយកំពុងតែធ្វើការស្រាវជ្រាវបន្ត។
ឯកឧត្តមបញ្ជាក់យ៉ាងដូច្នេះថា “យើងមិនទាន់បញ្ចប់ការស្រាវជ្រាវទេ កំពុងស្រាវជ្រាវនៅឡើយ។ គ្រាន់តែចង់បញ្ជាក់ថា ក្រុមហ៊ុនដែលនាំចូលមកនេះ គឺយើងរកឃើញឈ្មោះក្រុមហ៊ុនហើយ គឺក្រុមហ៊ុន ជុង យៀន ប្លាស្ទិក ហើយប្រធានក្រុមហ៊ុនជាជនជាតិខ្មែរ ហើយនៅក្នុងក្រុមហ៊ុននឹងមានចិនធ្វើការដែរ”។
ឯកឧត្តម គុណ ញឹម បានបន្តថា នៅដើមសប្តាហ៍ក្រោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នឹងធ្វើការជាមួយក្រុម ហ៊ុន ដើម្បីហៅមកសាកសួរផ្ទាល់មាត់ថែមទៀតពាក់ព័ន្ធនិងព័ត៌មានដែលក្រុមហ៊ុននាំចូលកាកសំណល់សំរាមបា្លស្ទិកចំនួន ៨៣កុងតឺន័រ។ តាមលទ្ធផលនៃការស្រាវជ្រាវរបស់យើង គឺតម្រូវឲ្យក្រុមហ៊ុននាំទៅវិញ ហើយនឹងអាចពិន័យទៅលើក្រុមហ៊ុននោះ។ លោកបានបញ្ជាក់ថា ក្រុមហ៊ុននាំចូលកាកសំណល់បា្លស្ទិក គឺអាចប្រឈមវិន័យរដ្ឋបាល និងអាចប្រឈមការបិទក្រុមហ៊ុន។
សូមជម្រាបថា កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៩ ក្រសួងបរិស្ថាន និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងស្ថាប័នពាក់ព័ន្ធបានសម្រេចគាស់ទូកុងតឺន័រទាំងអស់នោះ ដើម្បីពិនិត្យជាក់ស្ដែងនៅក្នុងកំពង់ផែខេត្តព្រះសីហនុក្រោយពីមានការសង្ស័យលើទំនិញដែលមាននៅក្នុងទូកុងតឺន័រនោះ៕
ដក់ស្រង់ពីរស្មីកម្ពុជា កែសម្រួលដោយ NCNDaily