ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២០ កក្កដា បានធ្វើការបញ្ជូនមន្ដ្រីនគបាល និងបក្សពួកម្នាក់ទៀត ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ពាក់ព័ន្ធបទល្មើសបាញ់បោះ និងកាប់ចាក់ សូមបញ្ជាក់ថា មន្ត្រីនគរបាលប៉ុស្តិ៍គោកឃ្លាងមួយរូប រួមជាមួយបក្សពួកម្នាក់ បានត្រូវកម្លាំងកងរាជអា វុធហត្ថខណ្ឌជ្រោយចង្វាឃាត់ខ្លួន នាវេលាម៉ោងប្រមាណ៨ព្រឹកថ្ងៃទី១៨ ខែកក្កដា បន្ទាប់ពីផ្ទុះអាវុធចំនួន៣គ្រាប់ កាប់ចាក់ និងគប់ដុំថ្មទៅលើក្រុមកម្មករកាប់គោក្នុងកុងស៊ីកាប់គោ កាលពីវេលាម៉ោងប្រមាណ២រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែកក្កដាកន្លងមក ។
ជនដែលត្រូវបានឃាត់ខ្លួននេះ ម្នាក់ឈ្មោះខៃ សាក់ អាយុ២៧ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍គោកឃ្លាង ជាម្ចាស់កាំភ្លើងម៉ាកកា៥៤ និងម្នាក់ទៀតឈ្មោះ គង់ បណ្តូល អាយុ២២ឆ្នាំ ជាអ្នកកាន់កាំភ្លើងខ្លីនោះ ។
តាមនគរបាលខណ្ឌជ្រោយចង្វាឱ្យដឹងថា ជនទាំង២នាក់រួមជាមួយបក្ខពួក២នាក់ទៀត គឺឈ្មោះ ផេង និងឈ្មោះ មករា ដែលពេលនេះកំពុងគេចខ្លួន បានប្រើប្រាស់កាំភ្លើងខ្លី កាបិត ដាវ និងដុំថ្ម លើកគ្នាទៅកាប់ និងបាញ់គំរាមគូទំនាស់ដែលជាកម្មករកុងស៊ីកាប់គោ បន្ទាប់ពីនាំគ្នាមកផឹកស្រាបៀរនៅហាងនួនប្រុស៣ ។
ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលនាវេលាម៉ោងប្រមាណ២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែកក្កដា នៅក្នុងទីក្រុងរណបអូស៊ីអាយស៊ី ស្ថិតក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។ អំពើហិង្សានេះ បណ្តាលឱ្យឈ្មោះ ហៀត ភេទប្រុស អាយុ៣១ឆ្នាំ ជាកម្មករកាប់គោ មានស្រុកកំណើតនៅភូមិព្រែកតានង់ក្រៅ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម រងរបួសធ្ងន់ ។
បន្ទាប់ពីបង្កបួសស្នាមនិងផ្ទុះអាវុធចំនួន៣គ្រាប់ ជនសង្ស័យគេចខ្លួនបាត់មួយយប់ ទើបត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួនបាន រួចប្រគល់ឱ្យនគរបាលខណ្ឌជ្រោយចង្វាចាត់ការតាមច្បាប់ ។ពិតជាគួរឱ្យសោកស្ដាយណាស់ ដែលមន្ត្រីនគរ បាលម្នាក់យកកំហឹងទល់កំហល់ ធ្វើឱ្យខូចអនាគតរបស់ខ្លួនតែមួយប៉ប្រិចភ្នែក ៕