ខេត្តបាត់ដំបង ៖ បន្ទាប់ពីធ្វើការស៊ើបអង្កេតអស់រយ:ពេល២ថ្ងៃ កម្លាំងសមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ កាលពីរសៀលថ្ងៃទី០២ សីហា នៅភូមិបល័ង្ក សង្កាត់វត្តគរ ក្រុងបាត់ដំបង ដែលពាក់ព័ន្ធករណីលួចដោះកង់ម៉ូតូរបស់ស្ត្រីម្នាក់ដែលជិះទៅបាចជីដាក់ស្រែ ។
ជនសង្ស័យទាំង២នាក់នោះ ម្នាក់ឈ្មោះអឿង រ៉ាវីត អាយុ១៩ឆ្នាំ នៅភូមិ-សង្កាត់ខាងលើ និងម្នាក់ទៀតឈ្មោះសៀត សៅឈី អាយុ២៣ឆ្នាំ នៅភូមិច្រាបវាល សង្កាត់វត្តគរ ក្រុងបាត់ដំបង ។ ជនដៃដល់ទាំង២នាក់នេះ ត្រូវបានកម្លាំងជំនាញនៃអធិការក្រុងបាត់ដំបង ធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន ក្រោយពីពួកគេបានធ្វើសកម្មភាពលួចដោះកង់ម៉ូតូស្ត្រីម្នាក់ ដែលជិះទៅបាចជីដាក់ស្រែ។
សូមរំលឹកថា ស្ត្រីម្នាក់ឈ្មោះ រឿម ពេជ្រ អាយុ៥០ឆ្នាំ ត្រូវកន្លែងចោរលួចដោះកង់ម៉ូតូយកអស់ទាំងមុខទាំងក្រោយ ពេលដែលគាត់ជិះដឹកជីយកទៅបាចដាក់ស្រែ កាលពីវេលាម៉ោង១១និង២០នាទីថ្ងៃត្រង់ ថ្ងៃទី៣១ កក្កដា កន្លងទៅ នៅចំណុចវាលស្រែមួយកន្លែង ស្ថិតក្នុងភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង។ ជនសង្ស័យបានលួចដោះកង់ម៉ូតូនោះ ស្របពេលគាត់ទុកនៅក្បែរផ្លូវ ហើយគាត់យកជីទៅបាចស្រូវដែលមានចម្ងាយ១៥០ម៉ែត្រពីកន្លែងទុកម៉ូតូ លុះបាចជីរួចត្រឡប់មកវិញស្រាប់តែបាត់កង់ម៉ូតូអស់ទាំង២ សល់តែតូលត់ក្រាបលើដី។
ទោះយ៉ាងណាពេលនេះ សមត្ថកិច្ចកំពុងសួរចម្លើយជនសង្ស័យទាំង២នាក់នៅអធិការក្រុងបាត់ដំបង ហើយបើតាមចម្លើយបឋមរបស់ជនសង្ស័យ ពួកគេបានសារភាពថា ពិតជាបានលួចដោះកង់ម៉ូតូស្ត្រីរងគ្រោះនោះមែន។ មន្ត្រីជំនាញកំពុងចាត់ការជនទាំង២នាក់តាមនីតិវិធីហើយ ៕