Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ក្រុមហ៊ុន កូរ៉េ ធ្វើផ្លូវ​ជាតិលេខ២១យល់ព្រមជួសជុលផ្នែកខ្លះនៃកំណាត់ផ្លូវជាតិលេខ២១ ដែលសាងសង់មិនស្របតាមលក្ខណៈបច្ចេកទេស

ព័ត៌មាន

ក្រុមហ៊ុន កូរ៉េ ធ្វើផ្លូវ​ជាតិលេខ២១យល់ព្រមជួសជុលផ្នែកខ្លះនៃកំណាត់ផ្លូវជាតិលេខ២១ ដែលសាងសង់មិនស្របតាមលក្ខណៈបច្ចេកទេស

By NCN Daily

August 09, 2019

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូ Hanshin Engineering and Construction Co., Ltd ដឹកនាំដោយលោក Choi Young Sun ប្រធានក្រុមហ៊ុននៅទីស្នាក់ការធំនៅប្រទេសកូរ៉េ ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញ បច្ចេកទេសក្រសួង។

ជំនួបនេះធ្វើឡើងបន្ទាប់ពីក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថាន KICT (Korea Institute of Civil Engineering and Building Technology) បានរកឃើញថា៖ ផ្នែកខ្លះនៃកំណាត់ផ្លូវជាតិលេខ២១ សាងសង់មិនស្របតាមលក្ខណៈបច្ចេកទេស ដោយត្រង់ចំណុចដែលបានជួសជុលរួចមានស្នាមបែក ប្រេះ និងសំបុកមាន់ជាច្រើនកន្លែង និងបានកំពុងទទួលរងការខូចខាតបណ្តើរៗ។

លោក Choi Young Sun បានមានប្រសាសន៍ថា៖ ក្រុមហ៊ុនទទួលស្គាល់ថាផ្នែកខ្លះនៃកំណាត់ផ្លូវជាតិលេខ២១នេះ សាងសង់មិនស្របតាមលក្ខណៈបច្ចេកទេសតាមការលើកឡើងដោយ KICT និងបានយល់ព្រមដោះស្រាយ និងអនុវត្តផែនការជួសជុលដែលបានបញ្ជាក់ក្នុងរបាយការណ៍របស់ KICT។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពអ៊ុតកៅស៊ូ AC បន្ថែមពីលើចំនួនបីសង់ទីម៉ែត្រទៀតបន្ទាប់ពីជួសជុលរួច ដើម្បីធ្វើឱ្យផ្លូវនេះមានភាពរឹងមាំប្រើប្រាស់យូរអង្វែង ដោយផ្ដោតលើគុណភាពជាចម្បងមុននឹងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

លោក Choi Young Sun បានកត់សម្គាល់លើសំណើរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី និងសន្យាយកសំណើនេះទៅពិភាក្សាបន្ថែមជាមួយអ្នកជំនាញបច្ចេកទេសរបស់ក្រុមហ៊ុនដើម្បីពិនិត្យលទ្ធភាព ហើយសង្ឃឹមថានឹងអាចផ្តល់ចម្លើយវិជ្ជមានតបទៅតាមសំណូមពររបស់ឯកឧត្តមទេសរដ្ឋមន្ត្រី។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ថែមថា៖ ក្រសួងនឹងសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន ដើម្បីធ្វើឱ្យសកម្មភាពការងារទាំងអស់មានភាពរលូន និងប្រសិទ្ធភាពខ្ពស់។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន ដែលបានផ្តល់ជញ្ជីងថ្លឹងរថយន្តដោយស្វ័យប្រវត្តិបង្កប់នៅក្នុងដី (Weighs in motion) និងកាមេរ៉ាចាប់ល្បឿនរថយន្ត ដើម្បីបំពាក់លើផ្លូវនេះសំដៅធានាកុំឱ្យមានរថយន្តដឹកទំនិញលើសកម្រិតកំណត់ និងអាចឱ្យផ្លូវនេះប្រើប្រាស់បានយូរអង្វែង៕