(ភ្នំពេញ) នៅព្រឹកថ្ងៃទី២៨ខែធ្នូនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តទទួលជួបពិភាក្សាការងារជាមួយ លោក ង៉ូ ស៊ុនលិច្ស (Ngo Xuanlich) រដ្ឋមន្រ្តីការពារប្រទេសវៀតណាម។
លោកជំនួបនោះ លោក Ngo Xuanlich សំដែងនូវការអបអរសាទរ ជូនចំពោះសម្ដេចតេជោ ដែលបានទទួលជោគជ័យ ពីការបោះឆ្នោតនាពេលកន្លងមក និងជោគជ័យ នៃសន្និបាតគណៈកម្មាធិការកណ្តាល របស់គណបក្សប្រជាជនកម្ពុជា និងសមិទ្ធផលដទៃទៀត ដែលកម្ពុជា ទទួលបានក្រោមការដឹកនាំ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។ លោក Ngo Xuanlich បានគោរពជម្រាបជូនសម្ដេចតេជោ ពីជំនួបនិងកិច្ចព្រមព្រៀង ជាមួយសម្ដេចពិជ័យសេនាទៀបាញ់ ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិ ដែលជំនួបនោះភាគីទាំងពីរបានពិភាក្សា និងវាយតម្លៃខ្ពស់ ចំពោះជោគជ័យដែលទទួល បានពីកិច្ចសហប្រតិបត្តិការឆ្នាំ២០១៨ កន្លងមក និងដាក់ទិសដៅសហប្រតិបត្តិការឆ្នាំ២០១៩ ដែលរួមមានកិច្ចការពង្រឹងសមត្ថភាពកងទ័ព និងកងទ័ពកិច្ចសហប្រតិបត្តិការ ក្នុងការសង្គ្រោះ នៅពេលមានគ្រោះមហន្តរាយដោយបញ្ហាទឹកជំនន់ ភ្លើងឆេះព្រៃជាដើម រួមជាមួយនឹងកិច្ចសហប្រតិបត្តិការផ្សេងទៀត។ លោក Ngo Xuanlich ក៏បានបញ្ជាក់ឱ្យដឹងថា ប្រទេសវៀតណាម បានផ្តល់ថវិកាចំនួន១០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយធ្វើការសាងសង់នូវអគារ ទីស្តីការក្រសួងការពារជាតិកម្ពុជាផងដែរ។
ការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តី សំដែងនូវការអបអរសាទរ ចំពោះកិច្ចពិភាក្សា និងការចុះកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ កម្ពុជា-វៀតណាមហើយ ក៏បានលើកទឹកចិត្តឲ្យស្ថាប័នទាំងពីរ បន្តពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀត ហើយក៏បានផ្តល់អនុសាសន៍ ដល់លោក Ngo Xuanlich ផងដែរថាពាក់ព័ន្ធទៅ នឹងកិច្ចសហប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយនោះ គួរគប្បីណាកំណត់ ទីតាំងភូមិសាស្រ្តជាក់ស្តែងថា ទីតាំងណាដែលអាចរងគ្រោះដោយសារទឹកជំនន់ និងទីតាំងណារងគ្រោះដោយសារភ្លើងឆេះព្រៃ និងទីតាំងណា ដែលរងគ្រោះដោយសារជំងឺរាតត្បាត ដើម្បីងាយស្រួលក្នុងការឆ្លើយតប ទៅនឹងគ្រោះមហន្តរាយដែលកើតឡើងទាំងនោះ ជាពិសេសអាចដោះស្រាយបានភ្លាមៗ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរគុណដល់ភាគីវៀតណាម ដែលបានផ្តល់ថវិកា ជួយកសាងអគារក្រសួងការពារជាតិផងដែរ និងជាចុងក្រោយ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជូនពរចំពោះ លោក Ngo Xuanlich អោយទទួលបានជោគជ័យឆ្នាំថ្មី ឆ្នាំសាកល ដែលឈានចូលក្នុងពេលខាងមុខ៕