ខឹងប្ដីដើរផឹកមិនចូលផ្ទះ ស្ត្រីម្នាក់ផឹកស្រាស្រវឹងចាប់កូនតូចអាយុ១១ខែ វាយបោក ធ្វើបាប បណ្តាលអោយរងរបួស ត្រូវបានអ្នកជិតខាងប្តឹងសមត្ថកិច្ច ចុះចាប់ឃាត់ខ្លួនទាំងយប់

0
657

ភ្នំពេញ៖ ខឹងប្ដីដើរផឹកមិនចូលផ្ទះ ស្ត្រីម្នាក់ផឹកស្រាស្រវឹងចាប់កូនតូចអាយុ១១ខែ វាយបោក ធ្វើបាប បណ្តាលអោយរងរបួស ត្រូវបានអ្នកជិតខាងប្តឹងសមត្ថកិច្ច ចុះចាប់ឃាត់ខ្លួនទាំងយប់ ករណីនេះត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទល់មុខសួនពោធិ៍ចិនតុង ដែលស្ថិតនៅភូមិតាងួន២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

ស្រ្តីដែលវាយកូនមានឈ្មោះ ស្រឿន ចន្ធី អាយុ៣២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងនគរបាលអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យកំពុងឆែកអាវុធជាតិផ្ទុះ នៅជិតកន្លែងកើតហេតុ ត្រូវបានប្រជាពលរដ្ឋរត់មកប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍លើស្រ្តីម្នាក់ដែលកំពុងតែចាប់បោកកូនតូច២នាក់បងប្អូនកូនបងអាយុ១០ឆ្នាំនិងកូនប្អូនអាយុ១១ខែដោយចាប់វាយកូនប្អូនអាយុ១១ខែបណ្តាលឲ្យបាត់មាត់បាត់កក្តៅខ្លួនយ៉ាងខ្លាំង ។

ប្រភពព័ត៌មានបានឲ្យដឹងថា ខណៈពេលភ្លាមៗនោះកម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ ចុះទៅឃាត់ស្រ្តីខាងលើត្រូវស្រ្តីរូបនោះបានដោះស្បែកជើងវាយជេរសមត្ថកិច្ចទៀត ។

កម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យបានយកកូនស្រីទាំង២នាក់ទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដើម្បីព្យាបាល តែខាងមន្ទីរពេទ្យមិនបានទទួលព្យាបាលទេ ព្រោះក្មេងតូចពេក ឲ្យសមត្ថកិច្ចនាំយកទៅព្យាបាលនៅមន្ទីរពេទ្យកុមារជាតិវិញ ។

ចំណែកស្រ្តីជាម្តាយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីសួរនាំ តែជនសង្ស័យជាម្តាយ ខាងលើបានបដិសេធថា ខ្លួនមិនបានវាយបោកកូនទេមានម្តាយឯណាវាយកូនឯងនោះទេនិងស្រែកឡូឡាផ្អើលពេញប៉ុស្តិ៍នគរបាលកាកាបទី២ទៀត ។

ដោយឡែកតាមកូនស្រីបងបានឲ្យដឹងថា មុនពេលកើតហេតុឪពុកចុងរបស់គេទៅផឹកស្រាបាត់ ម្តាយដើររកអត់ឃើញខឹង ក៏ចាប់ប្អូនរបស់គេវាយតែម្តង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here