(ភ្នំពេញ) ករណីកម្លាំងនគរបាលមួយក្រុមរបស់ខណ្ឌដង្កោ និងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាញ់ប្រហារទៅលើមន្ដ្រីយោធាម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់បាក់ភ្លៅខាងស្ដាំ ដោយយល់ច្រឡំថា ជាមុខសញ្ញាប្រព្រឹត្តបទល្មើសប្លន់ និងគ្រឿងញៀននោះ នៅពេលនេះឪពុកបង្កើតរបស់មន្ដ្រីយោធារូបនេះ គឺឧត្តមសេនីយ៍ផ្កាយបី ឯល វណ្ណថន មេបញ្ជាការកងអនុសេនាធំការពារផ្ទាល់សម្ដេចតេជោ នាយករដ្ឋមន្ដ្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចេញលិខិតរៀបរាប់ពីដំណើររឿង ដែលបានកើតឡើងទៅលើកូនប្រុសរបស់ខ្លួន។
ពីដំបូងឡើយពោល កាលពីថ្ងៃកើតហេតុ ទី០៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង០៣៖៣០នាទីរសៀល មានការភ្ញាក់ផ្អើល នៃការផ្ទុះអាវុធដោយសេចក្ដីរាយការណ៍ដំបូង គឺកើតឡើងដោយសារ កម្លាំងសមត្ថកិច្ចមួយក្រុម បានតាមមុខសញ្ញាចោរប្លន់ឡាន និងលក់គ្រឿងញៀន និងអះអាងទៀតថា បានបាញ់ទៅលើមុខសញ្ញានេះ ដោយសំអាងហេតុផល មកពីមុខសញ្ញាបាញ់តដៃមកលើសមត្ថកិច្ច។
ប៉ុន្ដែក្រោយការស៊ើបអង្កេត និងសួរនាំស្រាវជ្រាវយ៉ាងលម្អិតទៅ ការបាញ់ប្រហាររបស់សមត្ថកិច្ចខាងលើនេះ គឺជាការយល់ច្រឡំរហូតចុះទៅសុំទោស និងសួរសុខទុក្ខដោយសម្ដែងការសោកស្ដាយ ជាទីបំផុតចំពោះហេតុការណ៍មួយនេះ កើតឡើងទៅលើជនរងគ្រោះ។
យោងតាមលិខិតរបស់ឧត្តមសេនីយ៍ផ្កាយ៣ ឯល វណ្ណថន ផ្ញើជូនអគ្គនាយកអង្គភាពព័ត៌មាន Fresh News កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ បានរៀបរាប់ពីដំណើរដើមទង ដោយផ្ដើមចេញ នៅមុនពេលកើតហេតុនោះ កូនប្រុសរបស់លោក ឯល ស៊ឹមសុភ័ក្រ្ដ និងមិត្តភ័ក្ររបស់គេពីរនាក់ទៀត ទៅហូបបាយនៅភោជនីយដ្ឋានម្លប់ស្វាយដូងក្រអូប ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ ហើយនៅក្នុងហាងនោះ មានមន្ដ្រីនគរបាលឈ្មោះ មៀច សន្ថា នៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ (ព្រះនាមទិវា១១) និងឈ្មោះ អ៊ឹម សារ៉ុម ដែលជាគូកនរបស់ខ្លួន។
ពេលផឹកស៊ីនោះកូនរបស់លោក និងខាងភាគីនគរបាលតែងចូលបន្ទប់ទឹកជាញឹកញាប់ ហើយស្រាប់តែឃើញកូនរបស់លោកមានកាំភ្លើង ក៏រាយការណ៍ទៅអធិការរងខណ្ឌដង្កោ ទទួលបន្ទុកព្រហ្មទណ្ឌ លោក ឈឹម ប៊ុនរ័ត្ន ដោយចោទប្រកាន់ថា ជាចោរប្លន់ លក់គ្រឿងញៀន និងមុខសញ្ញាប្លន់ឡាន។
ក្រោយឃើញសភាពការណ៍មិនស្រួលបែបនេះ កូនរបស់លោក និងមិត្តភ័ក្របានចេញពីហាងឆ្ពោះទៅផ្សារឯករាជ្យបី កន្លែងប្រពន្ធលក់ទូរស័ព្ទ ក៏មានកម្លាំងនគរបាល ស្លៀកពាក់ទាំងឯកសណ្ឋាន និងស៊ីវិល ជិះម៉ូតូតាមក្រោយ ហើយមានក្រុមមួយទៀតពួនស្ទាក់ រហូតបាញ់ចំនួន៤គ្រាប់ បណ្ដាលឲ្យកូនរបស់លោករងរបួសជាទម្ងន់។
នៅក្នុងលិខិតបំភ្លឺនេះ ឧត្តមសេនីយ៍ជាន់ខ្ពស់ក្នុងជួរអង្គរក្សរូបនេះ ព្រមទាំងក្រុមគ្រួសារ បានដាក់ពាក្យបណ្ដឹងទៅតុលាការ ដើម្បីស្វែងរកយុត្តិធម៌ ទៅលើនគរបាលឈ្មោះ មៀច សន្ថា និងអ៊ឹម សារ៉ុម ដែលបង្កឲ្យមានរឿងនេះកើតឡើង៕ប្រភពFB