នៅថ្ងៃចន្ទ ១២កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តមអ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន អមដំណើរដោយឯកឧត្តមឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអ.ស.ប នៅទីក្រុងហ្សឺណែវ បានដឹកនាំប្រតិភូក្រសួងបរិស្ថានចូលរួមកិច្ចប្រជុំលើកទី២ បណ្តាប្រទេសភាគីហត្ថលេខី នៃអនុសញ្ញាមីណាម៉ាតាស្តីពីបារ៉ត (Second Meeting of the Conference of the Parties to the Minamata Convention on Mercury -COP2) នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស។
កិច្ចប្រជុំនេះត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម Marc Chardonnens រដ្ឋមន្ត្រីក្រសួងបរិស្ថានសហព័ន្ធស្វីស។ នៅក្នុងកិច្ចប្រជុំពេញអង្គ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងបញ្ជាក់ជូនអង្គប្រជុំថា ទោះបីជាកម្ពុជាមិនទាន់បានផ្តល់នូវសច្ចាប័នលើអនុសញ្ញានេះ តែកម្ពុជារក្សាជំហរក្នុងការចូលរួមអនុវត្តនូវអនុសញ្ញានេះជាមួយបណ្តាប្រទេសហត្ថលេខីនានា និងបានបង្ហាញពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការចាត់វិធានការទប់ស្កាត់ចំពោះការប្រើប្រាស់សារធាតុបារ៉ត និងសារធាតុគីមីដទៃទៀត ដែលជះឥទ្ធិពលដល់សុខភាពសាធារណៈ និងបរិស្ថាន។ ជាមួយនេះ ឯកឧត្តមក៏បានលើកជាសំណូមពរស្នើសុំឱ្យស្ថាប័នផ្តល់ជំនួយទាំងអស់ ពិចារណាទទួលយកនូវសំណើគម្រោងនានាពីបណ្តាប្រទេសដែលកំពុងស្ថិតក្នុងដំណាក់កាលរៀបចំឯកសារដើម្បីផ្តល់សច្ចាប័នផងដែរ។
សូមបញ្ជាក់ជូនថា អនុសញ្ញាមីណាមាតា មានប្រទេសជាភាគីហត្ថលេខីចំនួន១២៨ និងរហូតមកដល់បច្ចុប្បន្ននេះ ភាគីចំនួន១០១ បានផ្តល់នូវសច្ចាប័នរួចហើយ។ ដោយឡែក ក្នុងបណ្តាប្រទេសជាសមាជិករដ្ឋអាស៊ាន ប្រ៊ុយណេ និងមីយាន់ម៉ា មិនមែនជាភាគីហត្ថលេខី នៃអនុសញ្ញានេះទេ និងជាមួយនេះ កម្ពុជា ម៉ាឡេស៊ី និងហ្វីលីពីនដែលមិនទាន់បានផ្តល់នូវសច្ចាប័នលើអនុសញ្ញានេះនៅឡើយទេ។ គួរកត់សម្គាល់ថា ប្រទេសថៃ មិនមែនជាភាគីហត្ថលេខីទេ តែក៏បានចូលរួមផ្តល់សច្ចាប័នលើអនុសញ្ញានេះ កាលពីខែមិថុនា ឆ្នាំ២០១៧ កន្លងទៅផងដែរ៕