រដ្ឋសភាផ្តើមពិភាក្សាសេចក្តីព្រាងច្បាប់ហរិញ្ញវត្ថុឆ្នាំ២០១៩ និងសេចក្តីព្រាងច្បាប់បីផ្សេងទៀត

0
320

នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ៨កើត ខែកក្តឹក សំរឹទ្ធិស័ក  ត្រូវនឹងថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ នាព្រឹកថ្ងៃព្រហស្បតិ៍ត ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ និងសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិការបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧។

សម័យប្រជុំរដ្ឋសភាដឹកនាំដោយ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិករដ្ឋសភាពេលផ្តើមសម័យប្រជុំដំបូងចំនួន១១៤រូប នឹងត្រូវពិភាក្សានិងអនុម័តរបៀបវារៈចំនួនពីរទៀត រួមមាន សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។

ចំណែកសេចក្តីព្រាងច្បាប់មួយទៀតគឺ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីបត្យាប័ន រវាងព្រះរាជាណាចក្រកម្ពុជានិងសហព័ន្ធរុស្ស៊ី។ សម័យប្រជុំរដ្ឋសភាបានពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ខាងលើមួយម្តងៗ តាមនីតិវិធី ដោយមានតំណាងរាជរដ្ឋាភិបាល អញ្ជើញមកការពារសេចក្តីព្រាងច្បាប់នីមួយៗ នៅចំពោះមុខអង្គសភាផងដែរ។

នៅក្នុងការពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ការតាក់តែងសេចក្តីព្រាងច្បាប់នេះឡើង ដើម្បីឆ្លើយតបទៅនឹងសេចក្តីទុកចិត្តដ៏ច្រើនលើសលប់របស់ប្រជាពលរដ្ឋ មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល តាមរយៈលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ កាលពីខែកក្កដា ឆ្នាំ២០១៨នេះ។

សេចក្តីព្រាងច្បាប់នេះ មានគោលដៅគំាទ្រដល់ការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសការអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ និងវិធានការកែទម្រង់ជាក់លាក់ក្នុងការបម្រើប្រជាពលរដ្ឋ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here