(ព្រៃវែង) កំណត់ត្រាពិភពលោកថ្មី ទូកងវែងជាងគេលើពិភពលោកត្រូវបានគណៈកម្មការ Guinness World Records បានធ្វើការវាយតម្លៃនិងផ្តល់ជូនកម្ពុជា នាព្រឹកថ្ងៃស្អែក ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលមានការរៀបចំពិធីយ៉ាងអធិកអធមនៅតំបន់ទីប្រជុំជនអ្នកលឿងត្រើយខាងកើត ស្ថិតក្នុងឃុំព្រែកខ្សាយ ខ ស្រុកពាមរក៍ ខេត្តព្រៃវែង។
ទូកងវែងជាងគេលើពិភពលោកដែលកម្ពុជាធ្វើដើម្បីបំបែកឯតទគ្គកម្មពិភពលោក មានបណ្តោយប្រវែង ៨៧,៣ម៉ែត្រ និងទទឹង ១,៩៤ម៉ែត្រ ជម្រៅ០,៨ម៉ែត្រ ផ្ទុកចំណុះទូកចំនួន ១៧៩នាក់ ព្រមទាំងក្បូរក្បាច់រចនាដ៏ ប្រណិតរបស់ខ្មែរសម័យអង្គរ ដោយប្រើប្រាស់ពេលវេលាធ្វើរយះពេល១៩២ថ្ងៃ។ ទូកងដែលមានប្រវែងវែងជាងគេលើពិភពលោកនេះ ក៏ត្រូវបាន ប្រសិទ្ធនាមថា “កម្ពោជិកបុត្តាខេមរាតរី” ដែលមានន័យថា “ទូកងរបស់កូនខ្មែរ រស់នៅក្នុងដែនដីកម្ពុជា”។
ដោយឡែកគោលបំណងនៃការផលិតទូកងវែងជាងគេលេីពិភពលោកនេះ គឺដើម្បីរំលឹកឡើងវិញនូវប្រវត្តិដ៏យូរលង់នៃការផលិត និងការប្រើប្រាស់ទូកង របស់ខ្មែរតាំងពីបុរាណ ក៏ដូចជារំលឹកដល់ស្នាព្រះហស្ថរបស់ព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ ជាពិសេសព្រះបាទជ័យវរ្ម័យទី៧ ដែលបានប្រើប្រាស់ទូកង ជាមធ្យោបាយក្នុងការធ្វើសឹកសង្គ្រាមជាមួយសត្រូវដើម្បីការពារបូរណភាពទឹកដី។ ជាពិសេសការលើកតម្កើងកិត្យានុភាពជាតិតាមរយៈស្នាដៃដ៏អស្ចារ្យដែលផលិតដោយកូនខ្មែរ និងជម្រុញស្មារតីស្នេហាជាតិ និងសាមគ្គីភាពនៃយុវជនជាកូនចៅជំនាន់ក្រោយ ក្នុងការថែរក្សា និងអភិរក្សកេរតំណែលពីដូនតា៕