នៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ចាង ឈុនហ៊្សាន (Zhang Chunxian) អនុប្រធានសភាតំណាងប្រជាជនចិនទូទាំងប្រទេស និងគណៈប្រតិភូទំាងអស់ បានអញ្ជើញចូលជួបសម្តែងការគួរសមនិងធ្វើសវនការជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា ដែលនៅក្នុងឱកាសដែល ឯកឧត្តមប្រធានគណៈប្រតិភូ បានអះអាងពីការគំាទ្ររបស់ប្រទេសចិនចំពោះកម្ពុជា និងបានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជានិងចិនជាទំនាក់ទំនងដែកថែប ដែលមានលក្ខណៈរឹងមាំនិងយូរអង្វែង។
ឯកឧត្តម ចាង ឈុនហ៊្សាន បានជម្រាប សម្តេចប្រធានរដ្ឋសភា ថា ប្រទេសចិនបានកសាងតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន និងបង្កើតគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ ដែលគោលនយោបាយនេះ បានទទួលការគំាទ្រពីប្រទេសកម្ពុជា ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ខណៈដែលប្រទេសមួយចំនូនបានជំទាស់។ ឯកឧត្តម អនុប្រធានសភាតំណាងប្រជាជនចិនទូទំាងប្រទេស បានមានប្រសាសន៍បន្តថា គោលនយោបាយដែលប្រទេសចិន បានបង្កើតឡើង មិនបានគិតផលប្រយោជន៍ចិនតែមួយនោះទេ គឺគិតដល់ផលប្រយោជន៍រួម ជាផលប្រយោជន៍អាស៊ាន និងពិភពលោក។
“កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនដែលទទួលបានផលប្រយោជន៍ពីតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន និងគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ របស់ប្រទេសចិន” នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម ចាង ឈុនហ៊្សាន។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងនូវមោទនភាពចំពោះកិច្ចប្រឹងប្រែងរួមគ្នា នៃប្រទេសកម្ពុជានិងចិន ដែលបានធ្វើឲ្យទំនាក់ទំនងមិត្តភាពជាប្រពៃណីនៃប្រទេសទំាងពីរ មានភាពល្អប្រសើរជាងពេលណាៗទំាងអស់ ហើយឆន្ទៈរបស់ថ្នាក់ដឹកនាំប្រទេសទំាងពីរ គឺបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែរឹងមំាថែមទៀត ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ជាពិសេស “ កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរយុទ្ធសាស្រ្ត គ្រប់ ជ្រុងជ្រោយ ” ដែលបាន និងកំពុងទទួលលទ្ធផលជាផ្លែផ្កាលើច្រើនវិស័យ។
សម្តេចប្រធានរដ្ឋសភាកម្ពុជា បានវាយតំលៃខ្ពស់ និងគាំទ្រពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមរបស់ប្រទេសចិន ស្តីពី គោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ និងផ្លូវសូត្រសេដ្ឋកិច្ច ដែលជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសកល។ សម្រាប់ប្រទេសកម្ពុជា គោលនយោបាយនេះ បានដើរតួនាទីសំខាន់ ក្នុងការផ្តល់ផលប្រយោជន៍ទៅវិញទៅមក រវាងប្រទេសទំាងពីរ ដោយសង្ឃឹមថា គម្រោងនេះជួយទាក់ទាញវិនិយោគិន និងការអភិវឌ្ឍន៍វិស័យឧស្សាហកម្មទេសចរណ៍មកក្នុងប្រទេសកម្ពុជាបន្ថែមទៀត។
ឯកឧត្តម ចាង ឈុនហ៊្សាន អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយនៅក្នុងនោះ គណៈប្រតិភូជាន់ខ្ពស់សភាតំណាងប្រជាជនចិនទូទាំងប្រទេស នឹងចូលជួបសម្តែងការគួរសម និងធ្វើសវនាការជាមួយ ថ្នាក់ដឹកនាំសំខាន់ៗ នៃព្រះរាជាណាចក្រកម្ពុជា ដែលមាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងឯកឧត្តម ចាង ឈុនហ៊្សាន បានប្តេជ្ញារួមគ្នា ក្នុងការបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិប្រទេសទំាងពីរដែលមានលក្ខណៈល្អប្រសើរស្រាប់ឲ្យកាន់តែរឹងមាំថែមទៀត ក្នុងការបម្រើផលប្រយោជន៍ប្រជាជន និងប្រទេសទំាងពីរនៅក្នុងនោះនឹងជំរុញឲ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ច ដកស្រង់បទបទពិសោធន៍គ្នាទៅវិញទៅមកនៅគ្រប់កម្រិត។
តាមរយៈ ឯកឧត្តមប្រធានគណៈប្រតិភូ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានផ្តាំផ្ញើសួរ សុខទុក្ខ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តី និងឯកឧត្តម លី ចាងស៊ូ ប្រធានសភាតំណាងប្រជាជនចិន និងបានគោរពអញ្ជើញ ឯកឧត្តម ប្រធានសភាតំណាងប្រជាជនចិនទូទំាងប្រទេសមកបំពេញទស្សនកិច្ចនៅកម្ពុជា តាមពេលវេលាសមស្របណាមួយ ហើយភាគីចិន ក៏បានគោរពអញ្ជើញ សម្តេចប្រធានរដ្ឋសភា ទៅបំពេញទស្សនកិច្ច នៅប្រទេសចិនផងដែរ៕