ភ្នំពេញ៖ រយៈពេល៥ថ្ងៃ ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា មានប្រជាពលរដ្ឋជាង២ម៉ឺននាក់ ដែលបានធ្វើដំណើរតាមរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ចេញពីភ្នំពេញទៅខេត្ត និងចេញពីខេត្តមកភ្នំពេញវិញ នៅខេត្តចំនួន១៨ ដែលស្ថិតនៅតាមផ្លូវជាតិសំខាន់ៗ។
លោក អ៊ាន សុខឃីម អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ បានប្រាប់ទូរទស្សន៍ហង្សមាសតាមទូរស័ព្ទ នៅថ្ងៃទី៣០ ខែកញ្ញា នេះថា “ពីថ្ងៃទី២៦ មកដល់ថ្ងៃទី ៣០ ខែកញ្ញា គឺមានចំនួនប្រជាពលរដ្ឋធ្វើដំណើរតាមរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ មានចំនួន ជាង២ម៉ឺននាក់”។ ដោយឡែកសម្រាប់ទាក់ទិនទៅនឹងការចំណាយ លោក សុខឃីម សុំមិនបញ្ជាក់ ពីចំណាយថ្លៃប្រេងចាក់រថយន្តទាំង១២០គ្រឿងនោះទេ ដែលនេះជាបន្ទុករបស់រដ្ឋាភិបាល។
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ រដ្ឋបាលរាជធានីភ្នំពេញ មានរថយន្តក្រុង១២០គ្រឿង ដើម្បីបម្រើសេវា កម្មដឹកជញ្ជូនប្រជាពលរដ្ឋ ពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្ត មករាជធានីភ្នំពេញវិញមាន នៃខេត្តចំនួន១៨ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ដោយឥតគិតថ្លៃ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា “អនុវត្តតាមប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សាលារាជធានីភ្នំពេញ បញ្ចេញ រថយន្តក្រុង ដើម្បីដឹកប្រជាពលរដ្ឋចេញទៅតាម បណ្តាខេត្តចំនួន១៧ ដោយឥតគិតថ្លៃ ក្នុងបំណងកាត់បន្ថយការចំណាយរ បស់ពួកគាត់ និងការកកស្ទះចរាចរណ៍តាមដងផ្លូវ”។
ឯកឧត្តម អភិបាលរាជធានីភ្នំពេញលើកឡើងថា ប្រជាពលរដ្ឋ មានការអបអរសាទរ ដែលរដ្ឋបាលរាជធានី បានបញ្ចេញ រថយន្ត ដើម្បីដឹកជញ្ជូនទៅតាមផ្លូវជាតិសំខាន់ៗ ទាំងទៅទាំងមក និងមានសុវត្ថិភាព តាមផ្លូវទៀតផង។
គួរបញ្ជាក់ដែរថា រថយន្តក្រុងរបស់សាលាក្រុងទាំង១២០គ្រឿនេះ គឺរថតាមផ្លូវជាតិលខ១សំរាប់ អ្នកនៅខេត្តព្រៃវែង និងស្វាយរៀង។ ផ្លូវជាតិលេខ២ សម្រាប់បងប្អូនដែលនៅខេត្តតាកែវ និងខេត្តកែប។ ផ្លូវជាតិលេខ៣ សម្រាប់អ្នកនៅខេត្តកំពត។ តាមផ្លូវជាតិលេខ៤ សម្រាប់អ្នកនៅខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។ តាមផ្លូវជាតិលេខ៥ អ្នកនៅខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ។ សម្រាប់បងប្អូនដែលធ្វើដំណើរតាមផ្លូវជាតិលេខ៦ គឺអ្នកនៅខេត្តកំពង់ធំ និងសៀមរាប។ តាមផ្លូវជាតិលេខ៦ និងលេខ៧ សម្រាប់អ្នកនៅខេត្តកំពង់ចាម ក្រចេះ និងខេត្តស្ទឹងត្រែង៕