ឯកឧត្តម ហ៊ុន ម៉ាណែត៖ តើលោក សម រង្ស៊ី ហ៊ានភ្នាល់គ្នាជាមួយខ្ញុំ ដើម្បីការពារសម្តីរបស់លោកទេ?

0
306

ភ្នំពេញ៖ បន្ទាប់​ពី​លោក​ សម​ រង្សី​ ចោទប្រកាន់​ សញ្ញាប័ត្រ​ ដែល​សាលា​បណ្ឌិត​សភា​យោធា​អាមេរិក​ West Point ផ្ដល់​ជូន​ ឯកឧត្ដម​ ហ៊ុន​ ម៉ាណែត​ ថា​ជា​ សញ្ញាប័ត្រ​ក្លែងក្លាយ​ ឯកឧត្ដម​ ហ៊ុន​ ម៉ាណែត​ បបួល​ លោក​ សម​ រង្សី​ ភ្នាល់​ ដែលមានខ្លឹមសារដូចខាងក្រោម​ ៖​ ការភ្នាល់គ្នាជាសាធារណៈ ជារឿងមួយដែលខ្ញុំមិនសូវដែលចង់ធ្វើទេ ប៉ុន្តែពេលខ្លះគ្មានជម្រើសផ្សេងក្នុងការការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយគ្មានហេតុផលពីសំណាក់បុគ្គលមួយចំនួន។

កន្លងនៅពេលជួបជជែកគ្នាជាមួយកូនរបស់លោក សម រង្ស៊ី ខ្ញុំធ្លាប់បានប្រាប់គាត់ថាឪពុករបស់ខ្ញុំ ក្នុងនាមជាអ្នកនយោបាយចាស់ទុំ លោកមិនដែលធ្វើការវាយប្រហារទៅលើគ្រួសាររបស់គូបដិបក្ខទេ ជាពិសេសគឺទៅលើកូនចៅដែលមិនពាក់ព័ន្ធនឹងនយោបាយ។ ហើយខ្ញុំក៏បានប្រាប់ទៅកូនរបស់គាត់អោយជួយប្រាប់ទៅឪពុករបស់គាត់ផងថា ក្នុងនាមជាអ្នកនយោបាយចាស់ទុំមិនគួរធ្វើការវាយប្រហារទៅលើក្រុមគ្រួសាររបស់គូបដិបក្ខរបស់ខ្លួនទេ។ គួរមានព្រំដែនសីលធម៌ គុណធម៌មួយ ក្នុងការធ្វើនយោបាយ។

ប៉ុន្តែជាច្រើនលើកច្រើនសារហើយដែលលោក សម រង្ស៊ី បើកការវាយប្រហារ មួលបង្កាច់មកលើក្រុមគ្រួស្រារបស់ខ្ញុំ ដោយរួមទាំងរូបខ្ញុំ និងប្អូនៗរបស់ខ្ញុំ។

ជាក់ស្តែងថ្ងៃនេះខ្ញុំក៏មានការភ្ញាក់ផ្អើលមួយនៅពេលដែលបានឃើញវីដេអូដែលលោក សម រង្ស៊ី និយាយជាសាធារណៈទៅកាន់អ្នកគាំទ្រគាត់់នៅសហរដ្ឋអាមេរិក (កាលពីថ្ងៃទី ២៨ កញ្ញា ២០១៩) ដែលក្រៅពីលើកតម្កើងប្រព័ន្ធអប់រំស្រុកបារាំងនិងខ្លួនគាត់ដែលបានសិក្សានៅទីនោះ គាត់ក៏បានវាយប្រហារមើលងាយប្រព័ន្ធអប់រំនៅប្រទេសកម្ពុជា និងសម្តេចតេជោផងដែរ។

អ្វីដែលជាការចាប់អារម្មណ៍សម្រាប់ខ្ញុំ គឺគាត់ក៏បានចោទជាសាធារណៈថា សញ្ញាបត្រដែលខ្ញុំបានទទួលពីសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point ជាសញ្ញាបត្រក្លែងក្លាយ ជាសញ្ញាបត្រការទូតសម្រាប់ផ្តល់អោយ និស្សិតយោធាបរទេសដើម្បីជាការលើកទឹកចិត្តតែប៉ុណ្ណោះហើយនិស្សិតបរទេសមិនបាច់ខំរៀនក៏បានចូលនិងបានជាប់ដោយងាយដែរ។

ចំពោះលោកសម រង្សី ដែលគាត់បានតាំងខ្លួនជាអ្នកចេះដឹងខ្ពស់និងមានសញ្ញាបត្រពីស្រុកបារាំងនោះ ខ្ញុំគិតថាការដែលគាត់ហ៊ានលើកយកមកនិយាយជាសាធារណៈថាសញ្ញាបត្រ West Point របស់ខ្ញុំជាសញ្ញាបត្រក្លែងក្លាយឬជាសញ្ញាបត្រការទូតនោះ គឺគាត់ប្រាកដជាបានធ្វើការស្រាវជ្រាវច្បាស់លាស់ហើយមានភស្តុតាងរឹងមាំដើម្បីការពារអំណះអំណាងរបស់គាត់ហើយ ហើយនឹងមិនខ្លាចនឹងការពារសម្តីរបស់គាត់នោះទេ។

ហេតុដូច្នេះ ក្នុងនាមជាក្មេងជំនាន់ក្រោយម្នាក់ដែលបានរងការវាយប្រហារជាសាធារណៈពីសំណាក់លោក សម រង្ស៊ី បែបនេះ ប៉ុន្តែត្រូវការការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្លួនខ្ញុំផ្ទាល់ (ក៏ដូចជារបស់និស្សិតបរទេសផ្សេងទៀតដែលបានបញ្ចប់ការសិក្សានៅសាលា West Point ដែលរួមមានអតីតប្រធានាធិបតីប្រទេសហ្វីលីពីន Fidel Ramos, អតីតប្រធានាធិបតីប្រទេសនីការ៉ាហ្គ័ Anastasia Debayle, អតីតប្រធានាធិបតីប្រទេសកូស្តារីកា Jose Maria Figures …។ល។ និងដើម្បីការពារតម្លៃរបស់សាលា West Point ដែលជាស្ថាប័នអប់រំជាន់ខ្ពស់មួយរបស់សហរដ្ឋអាមេរិក ដែលមានស្តង់ដារអប់រំតឹងរឹង ម៉ត់ចត់និងស្មើរភាព គ្មានការយោគយល់ចំពោះនិស្សិតយោធាបរទេសឬអាមេរិកាំងនោះទេ) ខ្ញុំសូមអញ្ជើញលោក សម រង្សី ភ្នាល់គ្នាបន្តិច ដើម្បីីឲ្យខ្ញុំនិងលោក សម រង្ស៊ី មានឱកាសការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូររៀងៗខ្លួន តាមរយៈការការពារនូវពាក្យសម្តីឬអំណះអំណាងដែលលោក សម រង្ស៊ី បានលើកមកនិយាយជាសាធារណៈនៅសហរដ្ឋអាមេរិក ÷

១. បើសិនជាសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point មានការផ្ដល់សញ្ញាបត្រពីរប្រភេទដូចលោកសមរង្ស៊ីបានលើកនោះ ជាពិសេសគឺសញ្ញាបត្រប្រភេទ២ ដែលជាសញ្ញាបត្រក្លែងក្លាយឬការទូតដែលសាលា West Point ផ្តល់អោយនិស្សិតយោធាបរទេសនោះ ហើយបើការបណ្ដុះបណ្ដាលនៅសាលា West Point ពតិជាមានការបែងចែកស្តង់ដារខុសគ្នារវាងនិស្សិតយោធាបរទេសនិងអាមេរិកមែននោះ÷ ខ្ញុំនឹងលាលែងតួនាទីទាំងអស់របស់ខ្ញុំក្នុងកងកម្លាំងប្រដាប់អាវុធហើយធ្វើជាប្រជាជនស៊ីវិលជារៀងរហូត។

២. ប៉ុន្តែបើលោកសមរង្ស៊ីមិនអាចបង្ហាញថាសាលា West Point មានសញ្ញាប័ត្រពីរប្រភេទដែលមានតម្លៃខុសគ្នា ដោយមួយប្រភេទមានតម្លៃពិតប្រាកដសម្រាប់ផ្ដល់ដល់និស្សិត យោធាអាមេរិកនិងមួយប្រភេទទៀតដែលជាសញ្ញាបត្រក្លែងក្លាយឬសញ្ញាបត្រការទូតសម្រាប់ផ្តល់ដល់និស្សិតនាយទាហានបរទេស ហើយការអប់រំបណ្ដុះបណ្ដាលនិស្សិតយោធាបរទេសនិងនិស្សិតយោធាអាមេរិកមានស្តង់ដារខុសគ្នានៅ West Point នោះ÷ ខ្ញុំសូមអោយលោកសមរង្ស៊ី លាឈប់ពីនយោបាយជារៀងរហូត។

ក្នុងនាមជាក្មេងជំនាន់ក្រោយម្នាក់ ខ្ញុំគិតថាលោកសមរង្ស៊ីដែលបានតាំងខ្លួនជាអ្នកនយោបាយជើងចាស់ និងជាអ្នកចេះដឹងខ្ពស់មានសញ្ញាបត្រពីប្រទេសបារាំង ប្រាកដមិនខ្លាចនឹងការភ្នាល់គ្នាទេដើម្បីការពារនូវអ្វីដែលគាត់ហ៊ាននិយាយជាសាធារណៈ ព្រោះលោក រម រង្ស៊ី ពិតជាចង់រក្សាតម្លៃរបស់គាត់ដើម្បីជាគំរូដល់អ្នកអ្នកគាំទ្រគាត់ ជាពិសេសយុវជនជំនាន់ក្រោយ។

ប៉ុន្តែបើសិនជាលោកសមរង្ស៊ីមិនហ៊ានភ្នាល់ឬមិនអាចបង្ហាញនូវភស្តុតាងដើម្បីការពារនូវអ្វីដែលគាត់បាននិយាយនោះទេ គាត់នឹងបង្ហាញថាគាត់ជាអ្នកនយោបាយម្នាក់ដែលចាស់តែអាយុ ចំណេះដឹងខ្ពស់តែនៅលើក្រដាស់សញ្ញាបត្រ និងគ្មានការទទួលខុសត្រូវ និងគ្មានភាពជាគំរូដល់យុវជនជំនាន់ក្រោយឡើយ។

ខ្ញុំហ៊ាននិយាយ ខ្ញុំហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវជាមួយនឹងសម្តីរបស់ខ្ញុំដែលបាននិយាយខាងលើ

តើលោក សម រង្ស៊ី ហ៊ានទេ? តើគាត់ហ៊ានការពារនូវអ្វីបានគាត់បាននិយាយជាសាធារណៈនោះទេ?

ផ្ញើរជូនលោក សមរង្ស៊ី ពីសំណាក់ក្មេងជំនាន់ក្រោយម្នាក់…ហើយក្មេងម្នាក់នេះ កំពុងរង់ចាំការឆ្លើយតបជាវិជ្ជមានពីសំណាក់អ្នកចាស់ទុំម្នាក់នោះ។.

ដកស្រង់ពី ហ៊ុន ម៉ាណែត កែសម្រួលដោយ NCNDaily

LEAVE A REPLY

Please enter your comment!
Please enter your name here