អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានជម្រុញអោយអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ពិសេស អាជ្ញាធរខណ្ឌឬស្សីកែវ ត្រូវបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ការរៀបចំសណ្តាប់ធ្នាប់ និងការទប់ស្កាត់ជនអន្តោប្រវេស្សន៍ដែលរស់នៅតាមដងទន្លេសាប រួមនិងការថែរក្សាបរិស្ថានទន្លេអោយបានល្អប្រសើរ។
ការថ្លែងបែបនេះរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី១៨ តុលាក្នុងពិធីសំណេៈសំណាលជាមួយមន្ត្រីរាជការចុះអោយរដ្ឋបាលខណ្ឌឬស្សីកែវ នៅសាលាខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះបានអនុញ្ញាតិអោយ មន្ត្រីរដ្ឋបាល ខណ្ឌឬស្សីកែវលើកឡើងពីកង្វល់និងបញ្ហាប្រឈមខ្វះ ចន្លោះដើម្បីរិះរកវិធីបំរើប្រជាពលរដ្ឋអោយ កាន់តែល្អប្រសើរជាងមុន ហើយក្នុងឱកាសនោះ លោក លោកស្រីជាចៅសង្កាត់ ចៅសង្លាត់រងក៏ បានលើក ឡើងពីបញ្ហាកង្វល់មួយចំនួនផងដែរ ដើម្បីអោយ អាជ្ញាធររាជធានីជួយសម្រួល ដោយមានទាំងបញ្ហា ការផ្តល់សេវាជូនប្រជាពលរដ្ឋ លូ សំរាម ការកសាងស្នាក់ការប៉ុស្តី៍ សង្កាត់ទើបបង្កើតថ្មីជាដើម។
ឯកឧត្តមបានមានប្រសាសន៍ថា គោលបំណងដែលលោក មកជួបបងប្អូនមន្ត្រីរបស់ ខណ្ឌឬស្សីកែវនៅពេលនេះ គឺដើម្បីសួរសុខទុក្ខមន្ត្រីរបស់យើងធ្វើការងារបានអ្វីខ្លះ ហើយនៅខ្វះចំណុច ណាខ្លះដើម្បីបំពេញបន្ថែមធ្វើយ៉ាងណាបំរើប្រជាពលរដ្ឋអោយរឹងរិតតែល្អប្រសើរឡើងថែមទៀត។
ឯកឧត្តមក៏បានសម្តែងការកោតសរសើរចំពោះរដ្ឋបាលខណ្ឌឬស្សីកែវ រួមទាំងកម្លាំងមាន សមត្ថកិច្ច ទាំងអស់ដែល បានយកអស់កម្លាំងកាយចិត្តក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ រួមនិងការផ្តល់ សេវាជូនប្រជាពលរដ្ឋបាលល្អប្រសើរ រហូតទទួលបានស្នាដៃជាច្រើន។ ប៉ុន្តែទន្ទឹមនឹងភាព ល្អប្រសើរហើយនោះ ខណ្ឌឬស្សីកែវក៏មានបញ្ហាប្រឈម ដែលត្រូវអនុវត្តបន្តដែរ ក្នុងនោះមាន បញ្ហាសណ្តាប់ធា្នប់មិនទាន់រៀបចំបានល្អប្រសើរនូវឡើយប្រជាពលរដ្ឋមិនទាន់គោរពច្បាប់ចរាចរ បញ្ហាគ្រឿងញៀននៅតែកើតមាន ការចុះកិច្ចសន្យាជាមួយក្លឹបកំសាន្តនានាក៏នៅមិនទាន់បានគ្រប់ជ្រុង ជ្រោយជាដើម។
ឯកឧត្តម បញ្ជាក់ថា នៅភ្នំពេញមានកន្លែងសប្បាយភាព២៦៤២ ទីតាំង ក្នុងនោះសម្រាប់ខណ្ឌឬស្សីកែវក៏ មានក្លឹបកំសាន្តកន្លែងសប្បាយភាពច្រើនដែរ ដែលអាជ្ញាធរត្រូវណែនាំអោយម្ចាស់ក្លឹបកំសាន្តទាំងអស់នោះ បំពេញបែបបទច្បាប់អោយបានត្រឹមត្រូវ ។ ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន បើទីតាំងណាមានបទល្មើស គ្រឿងញៀន ទីតាំងនោះត្រូវតែបិទចោល ហើយម្ចាស់ទីតាំងក៏ត្រូវប្រឈមនឹងការមានទោសទណ្ឌថែម ទៀត។
ក្រៅពីនេះ ឯកឧត្តម ឃួង ស្រេង ក៏បានជម្រុញអោយមានការបង្គារទប់ស្កាត់បទល្មើស លួច ឆក់ ប្លន់គ្រប់ប្រភេទ ដើម្បីការពារសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រោះសន្តិសុខនេះ ជាតម្រូវការចាំ បាច់និងចង់បានរបស់មនុស្សគ្រប់គ្នាមិនថា អ្នកមាន និងអ្នកក្រនោះទេ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង នូវបានដាក់ចេញ ជាផែនការចំនួន១៣ចំណុចបន្ថែមដើម្បី អោយអាជ្ញាធរខណ្ឌឬស្សីកែវអនុវត្តបន្ត ក្នុងនោះ មានទាំងមិនអនុញ្ញាតិអោយផ្លូវជាតិលេខ៥ ចតយាន យន្តនៅលើទ្រូវផ្លូវធ្វើអោយបាត់បង់សណ្តាប់ធ្នាប់និងធ្វើអោយកកស្ទះចារចារ។ ការរិតបណ្តឹងច្បាប់ ចរាចរណ៍ ដោយត្រូវកោះហៅអ្នកពាក់ព័ន្ធមកប្រជុំ ដើម្បីមានវិធានការលើបញ្ហានេះ ។ យកចិត្តទុកដាក់លើបញ្ហា លូស្ទះ និងបញ្ហាកកស្ទះសំរាម។
ឯកឧត្តមបញ្ជាក់ថា ដាច់ខែនេះយើងនឹងបើកយុទ្ធនាការជួសជុលផ្លូវខូចខាតហើយ ដែលដាច់ខាត អាជ្ញាធរខណ្ឌ សង្កាត់ត្រូវចុះមើលហើយ ក្នុងមូលដ្ឋានរបស់យើងមានផ្លូវប៉ុន្មានខូច និងខូចមានទំហំណា។ ក្រៅណីនេះក៏ ត្រូវចុះពិនិត្យមើលចំពោះការសាងសង់រោងបុណ្យរោងការនៅលើទ្រូងផ្លូវ គឺអាចអោយ ធ្វើតែលើចិញ្ចើមផ្លូវ និងលើទ្រូវផ្លូវតែមួយប្រឡោះបានហើយ មិនអោយបិទផ្លូវជាដាច់ខាត ដែលការងារ នេះអាជ្ញាធរខណ្ឌសង្កាត់ត្រូវធ្វើការណែនាំ។ បញ្ហានេះវាមានហានិភ័យច្រើន ក្រៅពីធ្វើអោយកកស្ទះ ចរាចរណ៍គេជេរ ហើយនៅ វាក៏នឹងបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍ផងដែរ បើអ្នកបើកបរខ្វះ ការប្រុងប្រយ័ត្នតែបន្តិច។ ការងារពិនិត្យអាវុធជាតិផ្ទុះ និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកត្រូវតែធ្វើ ទោះជាក្នុងបុរីក៏ដោយនិងត្រូវបន្លាសគោលដៅជានិច្ចកុំនៅមួយកន្លែង។
ឯកឧត្តមបន្តថា បញ្ហាអន្តោប្រវេស្សន៍នៅតាមដងទន្លេសាប ពិសេស ការចិញ្ចឹមត្រី ដែលធ្វើអោយខូចបរិស្ថាន និងបានធ្វើអោយខូចខាតដល់វិស័យទេសចរណ៍នោះ យើងត្រូវសហការ ជាមួយសមាគមន៍ជនជាតិវៀតណាម ឥស្លាមជាដើម ដើម្បីរិតបណ្តឹងច្បាប់អន្តោប្រវេស្សន៍ ថាតើពួកគាត់មានច្បាប់រស់នៅនិងរកស៊ីនៅស្រុកខ្មែរត្រឹមត្រូវឬទេ ។ យើងត្រូវរួមគ្នាធ្វើការងារនេះ ទាំងអស់គ្នាដើម្បីបំរើផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋ៕