រថយន្តដឹកទឹកកក បើកលឿន ជ្រុលទៅបុកគូថម៉ូតូ ខ្ទាតជាច្រើនម៉ែត្រ បណ្តាលអោយមន្ត្រីយោធាម្នាក់ ស្លាប់ទាំងព្រលឹម

0
290

ភ្នំពេញ:រថយន្តដឹកទឹកកក បើកលឿន ជ្រុលទៅបុកគូថម៉ូតូ ខ្ទាតជាច្រើនម៉ែត្រ បណ្តាលអោយមន្ត្រីយោធាម្នាក់ ស្លាប់ទាំងព្រលឹម ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៧កន្លះព្រឹក ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩នេះ ស្ថិតតាមបណ្តោយមហាវិថីឈ្នះឈ្នះចំណុចមុខវត្តអង្គក្រពើក្នុងភូមិត្រពាំងវែង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

យោធាដែលបាត់បង់ជីវិតនោះឈ្មោះ ណៃ នី ភេទប្រុស អាយុ ៤៣ឆ្នាំ ស្នាក់នៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានស្រុកកំណើតនៅ ឃុំតាលាស់ ស្រុកមោង ខេត្តបាត់ដំបង ជិះម៉ូតូម៉ាកឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ1GD 7703។
ជនសង្ស័យបើករថយន្តបង្កឈ្មោះ ប៊ន វីន ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅភូមិចំបក់ ឃុំវែងឬស្សី ស្រុកជាយក្រែង ខេត្តសៀមរាប បើករថយន្តកូរ៉េ ពណ៌ស ដឹកទឹកកក ពាក់ស្លាកលេខ ភ្នំពេញ 2AA-3164។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុបុរសជាយោធាខាងលើ បានបើកម៉ូតូតាមបណ្តោយ មហាវិថីឈ្នះឈ្នះទិសដៅ ពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តកូរ៉េដឹកទឹកកកបើកស្របទិសគ្នាពីក្រោយក្នុងល្បឿនលឿនបានជ្រុលបុកពីក្រោយបណ្តាលឲ្យរុញទៅមុខខ្ទាតជិត១០០ម៉ែត្រ ស្លាប់បុរសជាយោធាភ្លាមៗនៅកន្លែងកើតហេតុ។

តាមប្រភពព័ត៌មានពីស្ត្រីជាប្រពន្ធជនរងគ្រោះឲ្យដឹងថា ប្តីរបស់គាត់មុនពេលកើតហេតុ បានធ្វើដំណើរចេញពីឃុំបែកចាន ស្រុកអង្គស្នួល សំដៅទៅវិមានឈ្នះឈ្នះ ព្រោះមានការជួបជុំមួយនៅទីនោះ តែគាត់មិនដឹងថា ជួបជុំរឿងអ្វីទេព្រោះជាការងាររបស់ប្តីតែអកុសល ទៅមិនទាន់ដល់ផងក៏ ជួបរឿងបែបនេះទៅវិញ។

ក្រោយកើតហេតុសមត្ថកិច្ចបានវាស់វែងយកម៉ូតូរថយន្តនិងអ្នកបើករថយន្តទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី រីឯសពប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យ៕

ដោយ៖NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here