សម្តេចតេជោ ប្រកាសពីការលុបចោលការបង្កើតខេត្តថ្មី២ ដែលបាននិងកំពុងសិក្សា ក្រោយពីមានសំណើរ

0
244

(ភ្នំពេញ) នាព្រឹកថ្ងៃទី០៥​ ខែតុលា ឆ្នាំ២០១៨នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យក្រសួងមហាផ្ទៃបញ្ឈប់ការសិក្សាបង្កើតខេត្តថ្មីចំនួនពីរ ដែលគ្រោងបំបែកចេញពីខេត្តកណ្តាល និងខេត្តមណ្ឌលគិរី-រតនគិរី។

សម្តេចតេជោ បានបញ្ជាក់ថា ការប្រកាសឲ្យបញ្ឈប់ការសិក្សាបង្កើតខេត្តថ្មីនេះ ដោយសារតែដំណឹងសិក្សានេះត្រូវបានបែកធ្លាយ ពិសេសមានមន្ត្រីមួយចំនួនបានរត់ការដើម្បីសុំតំណែងសម្រាប់ខេត្តថ្មី ដែលមិនទាន់បានបង្កើតផងនោះ។

គូររំលឹកថា បើយោងតាមសំណើររបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់ជូនសម្តេចនាយករដ្ឋមន្រ្តី ស្នើបង្កើតខេត្តថ្មីចំនួន២ទៀត ដោយខេត្តមួយ កាត់ចេញពីខេត្តកណ្ដាល និងខេត្តមួយទៀត កាត់ចេញពីស្រុកកោះញែក ខេត្តមណ្ឌលគិរី និងស្រុកលំផាត់ ខេត្ដរតនគិរី។

​យោងតាមលិខិតសំណើររបស់សម្ដេចក្រឡាហោម ស ខេង ផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ការសម្រេចស្នើបង្កើតខេត្តពីរថ្មីនេះ គឺដើម្បីជួយលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាល ការថែរក្សាសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ ការជំរុញអភិវឌ្ឍន៍នៅមូលដ្ឋាន និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

បើតាមលិខិតរបស់សម្ដេចក្រឡាហោម ស ខេង នោះខេត្តថ្មីទាំងពីរនេះ ខេត្តមួយត្រូវកាត់ចេញពីខេត្ដកណ្ដាល និងខេត្តមួយទៀត ត្រូវកាត់ចេញពីស្រុកកោះញែក នៃខេត្តមណ្ឌលគិរី និងស្រុកលំផាត់ នៃខេត្តរតនគិរី។

 

សម្ដេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ផងដែរថា​ បន្ទាប់ពីសម្ដេចឯកភាពរួចហើយ ក្រសួងមហាផ្ទៃនឹងចាត់មន្ដ្រីបច្ចេកទេស ដើម្បីសហការជាមួយក្រសួង និងខេត្តពាក់ព័ន្ធ ចុះធ្វើការសិក្សាស្រាវជ្រាវជាក់ស្ដែង ដើម្បីរាយការណ៍សុំយោបល់ដឹកនាំជាបន្ដបន្ទាប់ ពីសម្ដេចតេជោ ហ៊ុន សែន។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី គម្រោងនៃការបង្កើតអោយមានខេត្តបន្ថែម២ទៀតដោយបំបែកចេញពីខេត្តកណ្តាល និងខេត្តមណ្ឌលគិរី-រតនគិរីនេះ ត្រូវបានសម្តេចតេជោ ប្រកាសពីការលុបចោលទាំងស្រុងហើយ នាព្រឹកនេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here