នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែភទ្របទ ឆ្នាំច ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅភ្នំពេញ ឯកឧត្តម ឧបនាយករដ្ធមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុញ្ញាតឲ្យយុវជនកម្ពុជា នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP)លើកទី៤៥ ចូលជួបសំណេះសំណាល ។
ឯកឧត្តម ឧបនាយករដ្ធមន្ត្រី ជា សុផារ៉ា បានផ្តាំផ្ញើរអោយក្រុមនាវាយុវជនអាស៊ីអាគ្នេយ៏ផ្សព្វផ្សាយការពិតពីកម្ពុជាដល់យុវជនអាស៊ាន ខណៈដែលប្រទេសកម្ពុជាបច្ចុប្បន្ន មានស្ថានភាពប្រកបដោយសុខសន្តិ ភាព និងការអភិវឌ្ឍន៏ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ធ្វើជានាយករដ្ឋមន្ត្រី។
ឯកឧត្តម ឧបនាយករដ្ធមន្ត្រីបានបន្តថា យុវជនរបស់យើងត្រូវហ៊ានបកស្រាយពន្យល់ដល់យុវជនអាស៊ាន និងយុវជនជប៉ុនពីប្រពៃណី វប្បធម៏ដ៏ល្អផូផង់របស់ខ្មែរ និងធ្វើសកម្មភាពដោយស្មើមុខ និងស្មើភាព៕
ប្រធានសមាគមនាវាយុវជនអាស៊ី អាគ្នេយ៏កម្ពុជាឲ្យដឹងថា នេះជាការធ្វើដំណើរជាលើកទី៤៥ហើយដោយធ្វើដំណើរតាមនាវាឆ្លងកាត់ប្រទេស៤នៅតំបន់អាស៊ានរួមមាន ប្រុយណេ,ហ្វីលីពីន,ថៃនិងវៀតណាមដែលមានយុវជនអាស៊ាន និងយុជនជប៉ុនសរុបចំនួន៣៣០នាក់ដោយជូបគ្នាដំបូងនៅទីក្រុងតូក្យូ ប្រទេសជប៉ុនដើម្បីបើកកម្មវិធីជាផ្លូវការ។ កម្មវិធីធ្វើដំណើរតាមនាវាក្រោមការជួយឧបត្ថម្ភ ពីប្រទេសជប៉ុននេះ មានរយះពេល៥២ថ្ងៃដោយចាប់ចេញដំណើរពីថ្ងៃទី២៣ខែតុលា ដល់ថ្ងៃទី១២ធ្នូ ឆ្នាំ២០១៨នេះ ក្នុងគោលបំណងពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងជប៉ុនតាមរយៈយុវជនដោយផ្តោតសំខាន់ទៅលើការប្រជុំពិភាក្សា ការសំដែងសិល្បះ វប្បធម៌ និងការធ្វើដំណើរ។