បាត់ដំបងៈឈ្លោះប្តីប្រពន្ឋ ផ្ទុះអាវុធ៣ គ្រាប់ នៅព្រំដែនកម្ពុជា-ថៃបង្ករការភ្ញាក់ផ្អើលទាំងព្រឹក ហេតុការណ៍ផ្ទុះអាវុធនេះ បានកើតឡើងកាលពីវេលាម៉ោងជាង៩ ព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅចំណុច ភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ករណីផ្ទុះអាវុធនេះដែរ ធ្វើអោយសមត្ថកិច្ចគ្រប់អង្គភាពដូចជា កម្លាំងអធិការដ្ឋាន កម្លាំងយោធាសឹករង កម្លាំងកងរាជអាវុធហត្ថ និង កម្លាំងដទៃទៀត ដែលកំពុងឈរជើងតាមខ្សែបន្ទប់ព្រដែន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ។
ប្រជាពលរដ្ឋ រស់នៅក្នុងភូមិសាស្ត្រខាងលើ បាននិយាយថា នៅក្នុងគ្រួសារមួយ ដែលបុរសជាប្តីធ្លាប់អះអាងថា ខ្លួន គឺជាអង្គរក្ស (មិនដឹងអង្គរក្សលោកណាទេ ) និងមានឈ្មោះក្នុងអាខោនហ្វេសប៊ុក «ធី វុត្ថា» បានកើតជម្លោះជាមួយប្រពន្ធ តាំងពីល្ងាចមកម៉្លេះ។ លុះព្រឹកឡើងគេឃើញបុរសរូបនេះ បានដឹកប្រពន្ធទៅផ្សារថែ ដោយជិះរថយន្តម៉ាក បាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2F-3537ប៉ុន្តែក្រោយពេលវិលត្រឡប់មកវិញ ក៏ស្រាប់តែឮឈ្មោះប្រកែកគ្នាម្តងទៀត ភ្លាមៗក៏ស្រាប់តែបុរសជាប្តី បានយកកាំភ្លើងវែងផង ខ្លីផងបាញ់ទៅលើ៣គ្រាប់ រួចក៏បានបើករថយន្តគេចខ្លួនបាត់តែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចចម្រុះចុះទៅធ្វើការត្រួតពិនិត្យ គឺបានរកឃើញកាំភ្លើងខ្លី បាញ់គ្រាប់កង់ (កាំភ្លើងខ្យល់ ផលិតនៅប្រទេសថៃ)១ដើម សំបកកាទុស AK ចំនួន ២ គ្រាប់ និង សំបកកាទុសឡុក ចំនួន ១ គ្រាប់ ចំណែកមូលហេតុនៃទំនាស់រហូតឈានដល់ការផ្ទុះអាវុធនេះ យើងទាន់ទទួលបាននៅឡើយ ខណៈសមត្ថកិច្ចកំពុងហៅស្ត្រីជាប្រពន្ធទៅសាកសួរ៕
ប្រភព៖Heng Ly
កែសម្រួលដោយ៖NCN Daily