(ភ្នំពេញ) ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីរសៀល ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះលេខ43B9 ផ្លូវ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សពបុរសនេះ មានឈ្មោះ ជី ពៅ អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកតារ័ត្ន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល។
មុនពេលកើតហេតុ នៅវេលាម៉ោង១៖០០នាទីរសៀល ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨នេះ មានបុរសម្នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GB-4355 បានឌុបនារីម្នាក់ មករកបន្ទប់ស្នាក់នៅភ្លាមៗនោះ បុគ្គលិកដែលដែលបម្រើការនៅទីនោះ បានយកសោបន្ទប់ឡៅតឿនជាន់ទី១ ឲ្យទៅបុរសនោះ ដើម្បីចូលទៅស្នាក់នៅ។
នៅម៉ោងកើតហេតុខាងលើ ស្រាប់តែនារីរូបនោះបានចុះមកខាងក្រោមតែម្នាក់ឯង រួចចេញទៅខាងក្រៅបាត់ ដោយមិនឃើញត្រឡប់មកវិញសោះ។ ដោយមានការសង្ស័យបុគ្គលិក ដែលបម្រើការនៅទីនោះ បានឡើងទៅមើល ស្រាប់តែឃើញបុរសរងជនគ្រោះរូបនេះ បានដេកផ្កាប់មុខស្លាប់នៅលើពូកតែម្នាក់ឯង ដោយមិនមានស្លៀកសំលៀកបំពាក់អ្វីទាំងអស់ រឺឯសម្ភារៈរបស់ជនរងគ្រោះបានបាត់បង់មួយចំនួន រួមមាន ទូរស័ព្ទដៃ មួយគ្រឿង និងកាបូបលុយ។
បុគ្គលិកដែលបម្រើការងារនៅទីនោះ បានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកពិនិត្យនៅក្នុងផ្ទះសំណាក់ខាងលើ។ នៅពេលដែលសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ផ្ទះសំណាក់ខាងលើ ក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកកោសលវិច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យមើលសាកសពបុរសរងគ្រោះខាងលើ ។ សាកសពបុរសរងគ្រោះខាងលើ ត្រូវសមត្ថកិច្ចយកដឹកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ដើម្បីរង់ចាំស្រាវជ្រាវ និងស្វែងរកសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត រឺឯម៉ូតូរបស់បុរសរងគ្រោះ ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលស្រះចក៕ប្រភពFB