សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានយាងសោយព្រះពិរាល័យក្នុងព្រះជន្ម ៧៦ ព្រះវស្សា នាវេលាម៉ោង ១២:៣០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ ។ ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី ០៨ ខែមករា ឆ្នាំ ១៩៤៣ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និង ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង អ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ ។
តទៅនេះសូមប្រជានរាស្ត្រខ្មែរមកដឹងពីព្រះរាជជីវប្រវត្តិ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ដែលដកស្រង់ចេញពីគេហទំព័រសារព័ត៌មានថ្មីៗដូចតទៅ ៖
សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី សែរាជវង្សដ៏ល្បីល្បាញផ្នែករបាំរាជទ្រព្យក្នុងសម័យសង្គមរាស្ត្រនិយម ទ្រង់ត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារថា ទេពនាថវដ្តីឯក និង ជាមរតកមនុស្សរស់របស់កម្ពុជា។ សម្រាប់សិល្បៈផ្នែករបាំព្រះរាជទ្រព្យនេះ សម្តេច បុប្ផាទេវី គឺជាព្រះនិមិត្តរូបនៃរបាំនេះ ពីព្រោះតែកាលពីអតីតកាល ប្រជាជនខ្មែរ ដែលស្គាល់ ឬឮឈ្មោះរបាំព្រះរាជទ្រព្យ តែងនឹកឃើញដល់ព្រះនាមរបស់ទ្រង់ ដែលជាអ្នកសម្តែងរបាំនេះ និង មានសម្រស់ស្រស់សោភា ។
នៅសម័យសង្គមរាស្ត្រនិយម ជាពិសេសនៅអំឡុងឆ្នាំ ១៩៦០ កិត្តិសព្ទរបស់ព្រះរាជបុត្រី នរោត្តម បុប្ផាទេវី ត្រូវបានប្រជានុរាស្ត្រខ្មែរស្គាល់ច្រើនក្នុងនាមជាសិល្បៈការិនីផ្នែករបាំព្រះរាជទ្រព្យ ។ ពីព្រោះថា រាជបុត្រីរបស់ព្រះបាទនរោត្តម សីហនុ អង្គនេះ មានទេពកោសល្យពិសេសផ្នែករបាំព្រះរាជទ្រព្យ ហើយជាញឹកញាប់ព្រះបិតារបស់ទ្រង់តែងតែអនុញ្ញាតឲ្យព្រះនាងម្ចាស់សម្តែងរបាំនៅពេលដែលមេដឹកនាំធំៗបរទេសដូចជាមេដឹកនាំបារាំង និងចិនជាដើម មកទស្សនកិច្ចនៅកម្ពុជា ។
ទេពកោសល្យពិសេសផ្នែករបាំព្រះរាជទ្រព្យរបស់ព្រះរាជបុត្រី នរោត្តម បុប្ផាទេវី នេះ មិនមែនកើតឡើងដោយរឿងចៃដន្យនោះឡើយ តែវាជារឿងស័ក្តិសមណាស់ ដែលព្រះអង្គត្រូវតែមានជំនាញផ្នែកនេះជាងគេ ។ សម្តេចព្រះ បុប្ផាទេវី មានបន្ទូលថា ទ្រង់បានប្រសូត្រនៅក្នុងសែរាជវង្ស ដែលមានលោហិតស្រឡាញ់វិស័យសិល្បៈតែម្តង ជាពិសេសមាតារបស់ទ្រង់ គឺអ្នកម្នាង ផាត់ កាញ៉ុល ជាអ្នករបាំព្រះរាជទ្រព្យ និងជាអ្នកលេងល្ខោនផងដែរ ។
ដោយសារកត្តាខាងលើនេះ បន្ទាប់ពីព្រះរាជបុត្រី នរោត្តម បុប្ផាទេវី ប្រសូត្រនៅឆ្នាំ ១៩៤៣ កន្លងទៅបាន ៥ ឆ្នាំ ពោលគឺព្រះអង្គមានព្រះជន្ម ៥ វស្សា ទ្រង់បានចូលរៀនផ្នែករបាំព្រះរាជទ្រព្យនៅក្នុងព្រះបរមរាជវាំងទៅហើយ។ ពេលនោះ ព្រះអយ្យិការបស់ទ្រង់ គឺព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសមៈនារីរត្ន ដែលជាអ្នកថែរក្សាព្រះអង្គ បានហៅគ្រូចាស់ៗដែលសេសសល់ពីសម័យព្រះបាទ អង្គឌួង នរោត្តមស៊ីសុវត្ថិមកបង្រៀនរបាំព្រះរាជទ្រព្យនេះដល់ទ្រង់។
ពីព្រោះតែភាពឆ្លៀវឆ្លាតក្នុងសិល្បៈរបាំព្រះរាជទ្រព្យនេះ ទើបពេលដែលព្រះរាជបុត្រីមានព្រះជនបាន ១៨ ព្រះវស្សា ព្រះមហាក្សត្រីយ៍ ស៊ីសុវត្ថិ កុសមៈនារីរត្ន បានប្រទានព្រះនាម ដល់ព្រះអង្គថា ជានាដការីដ៏ស្រស់ស្អាត។ ត្រង់នេះសូមឆ្លៀតជម្រាបជូនប្រិយមិត្តបន្តិចថា សម្តេច បុប្ផាទេវី គឺជាព្រះរៀមរបស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ដែលព្រះអង្គទាំងទ្វេជាបុត្ររបស់អ្នកម្នាង ផាត់ កាញ៉ុល និងអតីតព្រះមហាក្សត្រព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ។ ព្រះរាជបុត្រី បានបញ្ចប់ការសិក្សានៅអនុវិទ្យាល័យព្រះរាម្រិត ហើយទ្រង់រៀបអភិសេកនៅព្រះជន្ម ១៥ ព្រះវស្សា និងមានបុត្រ ៥ អង្គ។
ពេលរបបប៉ុល ពត មកដល់ នាដការី និងជាសាស្ត្រាចារ្យរបាំព្រះរាជទ្រព្យអង្គនេះ បានភៀសព្រះកាយទៅរស់នៅក្នុងជំរុំជនភៀសខ្លួនខ្មែរ-ថៃ មួយរយៈ ហើយមុនបន្តទៅរស់នៅប្រទេសបារាំង ព្រះអង្គបានបង្ហាត់បង្រៀនប្រជាជនខ្មែរដែលរស់នៅក្នុងជំរុំអំពីរបាំព្រះរាជទ្រព្យនេះ។ ព្រះអង្គបង្រៀន ដើម្បីឲ្យប្រជាជនទាំងនោះ ភ្លេចនូវការលំបាកពេលរស់នៅក្នុងជំរុំផង និងដើម្បីថែរក្សានៅរបាំនេះផង ព្រោះទ្រង់បារម្ភខ្លាចបាត់បង់ពេលប្រទេសធ្លាក់ចូលក្នុងសង្គ្រាម។
ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១ សម្តេច នរោត្តម បុប្ផា ទេវី បានសម្រេចយាងចូលប្រទេសកម្ពុជាវិញ។ ពេលមកដល់កម្ពុជាវិញ តួឯកអប្សរាទី ១ អង្គនេះ បានខ្នះខ្នែងបង្រៀនសិស្សផ្នែករបាំព្រះរាជទ្រព្យ ហើយកាន់តំណែងជាអនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ហើយបន្ទាប់ពីបោះឆ្នោតអាណត្តិទី ២ សម្តេចព្រះរៀម បានឡើងធ្វើជារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយស្នាដៃសំខាន់របស់ទ្រង់ពេលធ្វើជារដ្ឋមន្ត្រីក្រសួងនេះ ព្រះអង្គ បានបញ្ចូលរបាំព្រះរាជទ្រព្យដែលទ្រង់ជំនាញរបាំនេះ ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅអង្គការយូណេស្កូ នៅថ្ងៃទី០៧ខែវិច្ឆិកាឆ្នាំ២០០៣។
ដំណឹងនៃការយាងសោចទិវង្គត នៃសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី បានធ្វើឱ្យប្រជានរាស្ត្រខ្មែរទូទាំងប្រទេសមានសេចក្ដីសោកសង្រេងក្រៃលែង ។ យើងខ្ញុំជាប្រជានរាស្ត្រខ្មែរ សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខ័ន្ធ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ស្តេចយាងទៅកាន់ទីឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ ៕