កោះរ៉ុង នឹងទទួលបានអ្នកវិនិយោគចិនយ៉ាងច្រើន ខណៈកោះរ៉ុង គឺជាកោះដែលមានឆ្នេរខ្សាច់ដែលស្រស់ស្អាតសចែងចាំងនិងទឹកសមុទ្រកែវផ្កាថ្មចម្រុះពណ៌ ដែលគួរឱ្យទាក់ទាញភ្ញៀវទេសចរណ៍

0
1118

ខេត្តព្រះសីហនុ៖​ នៅរាត្រីថ្ងៃទី២៨​ ខែធ្នូ​ ឆ្នាំ​២០១៩​ កម្មវិធីពិធីជួបជុំដៃគូវិនិយោគចិន ដើម្បីអភិវឌ្ឍន៍គម្រោងកោះរ៉ុង​ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម​ គួច​ ចំរើន​ អភិបាលខេត្តព្រះសីហនុ និង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងវត្តមានចូលរួម វិនិយោគិន​ចិន​ និងអ្នកពាក់ព័ន្ធជាច្រើនទៀត។

បើតាមការបញ្ជាក់របស់លោក Zhou Shuagngli ប្រធានក្រុមហ៊ុន Royal Galaxy Group បានឱ្យដឹងថា កោះរ៉ុង គឺជាកោះដែលមានឆ្នេរខ្សាច់ដែលស្រស់ស្អាតសចែងចាំងនិងទឹកសមុទ្រកែវផ្កាថ្មចម្រុះពណ៌និងមេឃពណ៌ខៀវដែលគួរឱ្យទាក់ទាញ ដែលវាត្រូវបានចាត់ចំណាត់ថ្នាក់ជាឆ្នេរមួយក្នុងចំណោមឆ្នេរស្អាតបំផុតទាំង ១០ នៅលើពិភពលោកដោយទស្សនាវដ្តីភូមិសាស្ត្រអាមេរិកាំង។ កោះរ៉ុង ត្រូវបានចាត់ទុកជាឋានសួគ៌សម្រាប់អ្នកចូលចិត្តធ្វើដំណើរទូទាំងពិភពលោក ដោយនៅពេលនេះ ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប និង រ៉ូយ៉ាល់ ហ្គាឡាក់ស៊ី គ្រុប បានវិនិយោគទឹកប្រាក់ចំនួន ២ ពាន់លានយ័ន ដើម្បីសាងសង់«រមណីយដ្ឋានលំហែកាយឆ្នេរខ្សាច់» ដែលជាការអភិវឌ្ឍដ៏មានឥទ្ធិពលមួយក្នុងទីផ្សារទេសចរណ៍ប្រចាំតំបន់អាស៊ីអាគ្នេយ៍ តាមរយៈការសាងសង់ សណ្ឋាគារលំដាប់ផ្កាយ ៥ មជ្ឈមណ្ឌលសន្និសីទអន្តរជាតិ កន្លែងកម្សាន្តនិងការកម្សាន្តបែបក្នុងទឹកនិងកម្សាន្តបែបចិននិងលោកខាងលិច ក្លិបកម្សាន្តទូក ក្លិបសមុទ្រ ហាងដែលមិនបង់ពន្ធនិងផ្សារទំនើបធំ ៗ ជាពិសេស ផ្ទះ វីឡាទេសភាពសមុទ្រជាង ៦០០ខ្នង ដែលអាចផ្ទុកមនុស្សបាន ៣.០០០នាក់នៅលើកោះក្នុងពេលតែមួយ។

នាឱកាសនោះដែរ លោក Cheng Kewei ប្រធានសន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិន បានមានប្រសាសន៍ថា មិត្តភាពចិននិងកម្ពុជា មានមិត្តភាពនិងគ្នាយូរលង់ណាស់មកហើយ មិនថាមានអ្វីកើតឡើងនៅលើពិភពលោកទេ កម្ពុជាតែងតែជាមិត្តល្អនិងជាបងប្អូនរបស់ប្រជាជនចិនរបស់យើង។ ដោយឈរលើគោលនយោបាយរបស់លោកប្រធានាធិបតី Xi Jinping និងសម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសចិននិងប្រទេសកម្ពុជា បង្កើតនិងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធនៅក្នុងវិស័យជាច្រើន ជាពិសេស វត្តមាននៃអ្នកវិនិយោគចិននៅខេត្តព្រះសីហនុ ដែលជាទីកន្លែងមួយដ៏គួរឱ្យទាក់ទាញក្នុងតំបន់អាស៊ីអាគ្នេយ៍។

ក្នុងពិធីជួបជុំវិនិយោគគិនចិននៅក្នុងគម្រោងអភិវឌ្ឍន៍កោះរ៉ុង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនRoyal Group បានមានប្រសាសន៍រំលឹកថា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានទទួលសិទ្ធិសម្បទានពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍក្រុងទាំងមូលឱ្យក្លាយទៅជាលំដាប់តំបន់ទេសចរណ៍ពាណិជ្ជកម្មធម្មជាតិលំដាប់ពិភពលោក។ ដោយទទួលបានសិទ្ធិប្រទានពីសម្ដេចតេជោនាយករដ្ឋមន្ត្រីកិច្ចព្រមព្រៀងសម្បទានកោះរ៉ុងត្រូវបានចុះលេខាកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ រវាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។

ផែនការមេអភិវឌ្ឍន៍កោះរ៉ុងបានទទួលការអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងនាមជាតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី ៩ ខែតុលា ឆ្នាំ២០០៨ ដោយបានប្រគល់ទីតាំងកោះរ៉ុងជាផ្លូវការឱ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍនៅថ្ងៃទី៣ ខែតុលា ឆ្នាំ ២០០៨។

អនុលោមតាមអនុក្រឹត្យលេខ ១១៤ អនក្របកចុះថ្ងៃទី ២៩ ខែសីហាឆ្នាំ ២០០៧ របស់រាជរដ្ឋាភិបាលកម្ពុជាក្រុមហ៊ុនបានធ្វើការចុះបញ្ជីដីធ្លីនៅបានទទួលវិញ្ញាបនបត្រជួលរយៈពេលវែងចំនួន៣០ ប័ណ្ណ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ពីមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តព្រះសីហនុជាប័ណ្ណរឹងសម្រាប់ធ្វើការអភិវឌ្ឍអនុលោមតាមផែនការមេដែលបានទទួលការអនុម័តរួចហើយយើងបានសាងសង់សណ្ឋាគារលំដាប់ផ្កាយប្រាំគឺសណ្ឋាគារ The Royal Sand Koh Rong ជាប្រភេទផ្ទះវីឡាមានអាងហែលទឹកចំនួន៦៧ខ្នង មានជាង ១០០បន្ទប់ ត្រូវបានសម្ពោធធដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីសាងសង់អស់រយៈពេលជាង៣ឆ្នាំ បើគិតចាប់តាំងពីការបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

អ្នកឧកញ៉ាគិត ម៉េង មានប្រសាសន៍បន្តថា នៅក្នុងដំណាក់ការអភិវឌ្ឍជាបន្តបន្ទាប់ទៀតនេះ ក្រុមហ៊ុននឹងបន្តសាងសង់សណ្ឋាគារនិងរមណីយដ្ឋានលំដាប់អន្តរជាតិ ព្រមទាំងកាស៊ីណូច្រើនទៀតដើម្បីអភិវឌ្ឍកោះរ៉ុងនេះឱ្យប្រែក្លាយជាកោះប្រវត្តិសាស្ត្រជាគំរូល្អសម្រាប់ប្រជាជនកម្ពុជានិងព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ អ្នកឧកញ៉ា គិត ម៉េង បានសង្កត់ធ្ងន់ថា ក្នុងនាមជាអ្នកជំនួញមួយរូបសូមគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាដែលត្រូវបានបង្កើតឡើងដើម្បីទាក់ទាញវិនិយោគិននិងភ្ញៀវទេសចរកាន់តែច្រើនបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា។

ក្នុងឱកាសអញ្ជើញជាគណៈអធិបតីនៃពិធីនោះ អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន បានប្រកាសថា ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ ឯកឧត្តមសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានអ្នកវិនិយោគជាតិ-អន្តរជាតិ ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវមកធ្វើការបណ្តាក់ទុនវិនិយោគ ឬបានកំពុងសិក្សាអំពីផែន ការវិនិយោគនានានៅខេត្តព្រះសីហនុ ជាពិសេសសូមស្វាគមន៍និងគាំទ្រដល់គម្រោងវិនិយោគរួមគ្នារវាងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប (Royal Group) និង ក្រុមហ៊ុន Royal Galaxy Group នៅលើកោះរ៉ុង។ ឯកឧត្តម គួច ចំរើន មានប្រសាសន៍យ៉ាងដូច្នេះថា « ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ ខ្ញុំសូមគាំទ្រ និងលើកទឹកចិត្តដល់បណ្តាវិនិយោគិនជាតិ-អន្តរជាតិ ដែលបាន បណ្តាក់ទុនវិនិយោគ នៅខេត្តព្រះសីហនុ និងសូមឲ្យមានការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកប ដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​​ សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា។»។

សូមជម្រាបថា កោះរ៉ុង មានផ្ទៃក្រឡាប្រមាណ ៧៨គីឡូម៉ែត្រក្រឡា ជាកោះធម្មជាតិដែលមានទំហំធំជាងគេលំដាប់ទីពីរនៅក្នុងប្រទេសកម្ពុជា មានចម្ងាយប្រហែល២៥គីឡូម៉ែត្រ ពីក្រុងព្រះសីហនុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here