(ភ្នំពេញ) ពិធីអបអរសាទរខួប ១០ឆ្នំាប្រាសាទព្រះវិហារ និងខួប១ឆ្នាំ តំបន់ប្រាសាទសំបូរព្រៃគុកចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នឹងប្រព្រឹត្តទៅនៅព្រលប់ថ្ងៃអាទិត្យ ១៥ ខែកក្កដា នេះ នៅពហុកីឡាដ្ឋានជាតិអូឡាំពិកកម្ពុជា ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ទន្ទឹងនេះដែរ ប្រាសាទព្រះវិហារត្រូវបានយូណេស្កូទទួលស្គាល់ជាសម្បត្តិបេតិកភណ្ឌវប្បធម៍រូបីពិភពលោកកាលពីថ្ងៃទី៧ កក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេប៊ិច ប្រទេសកាណាដា រីឯ តំបន់ប្រាសាទសំបូរព្រៃគុកត្រូវបានយូណេស្កូបានដាក់ជាសម្បត្តិបេតិកភណ្ឌវប្បធម៌រូបីពិភពលោកកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នំា២០១៧ នៅទីក្រុង ក្រាកូវ ប្រទេសប៉ូទ្បូញ។
សូមបញ្ជាក់ថា ដើម្បីអបអរសាទរដល់ខួប១០ឆ្នំាប្រាសាទព្រះវិហារ និងខួប១ឆ្នាំប្រាសាទសំបូរព្រៃគុកចុះក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក ក្រសួងធម្មការនិងសាសនា បានស្នើដល់ប្រធានមន្ទីរធម្មការនិងសាសនាខេត្តក្រុងទាំងអស់ ទូទាំងប្រទេស ត្រូវត្រៀមរៀបចំទូងស្គរ ជួង រគាំង នៅថ្ងៃនេះ នៅតាមវត្តអារាម ដោយចាប់ផ្តើមនៅម៉ោង ៩ព្រឹក ឲ្យបានព្រមៗគ្នា៕