កោះកុង៖ តាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មានយន្ដហោះដ្រូន១គ្រឿង ដែលមានតួយន្តហោះប្រវែង៥ម៉ែត្រ និងមានស្លាបសងខាងសរុបប្រវែង៩ម៉ែត្របានធ្លាក់ចំកណ្ដាលព្រៃនៅក្នុងភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។
ពាក់ព័ន្ធនឹងករណីនេះ លោកឧត្តមសេនីយ៍ទោ សំ ឃិតវៀន ស្នងការនគរបាលខេត្តកោះកុងបានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាននៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះថា ករណីនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងពិនិត្យមើលជាក់ស្ដែងថាតើវាជាកម្មសិទ្ធិរបស់អ្នកណា។
លោកឧត្តមសេនីយ៍ទោ សំ ឃិតវៀន បានបញ្ជាក់បន្ថែមថានៅតំបន់នោះមានក្រុមហ៊ុនមួយឈ្មោះ ញូញៀន ក៏ប៉ុន្ដែយ៉ាងណានោះគឺរង់ចាំសមត្ថកិច្ចជំនាញដែលមកពីក្រសួងមហាផ្ទៃសហការជាមួយខាងខេត្ត និងភាគីពាក់ព័ន្ធចុះពិនិត្យមើលស្រាវជ្រាវយន្ដហោះដ្រូនដែលធ្លាក់នេះជាកម្មសិទ្ធិរបស់អ្នកណាគេ។
បន្ថែមពីនោះទៀត ស្នងការនគរបាលខេត្តកោះកុងបានគូសបញ្ជាក់ថា យន្ដហោះដ្រូននេះបានធ្លាក់នៅចំកណ្ដាលព្រៃស្ថិតក្នុងឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង មិនបណ្ដាលឲ្យប៉ះពាល់អ្វីនោះឡើយ៕
ប្រភព៖ ហេ្វសបុក
កែសម្រួលដោយ៖ NCN Daily