ប្រពន្ធបុរសជនជាតិខ្មែរអាយុ៣៨ឆ្នាំ នៅខេត្តសៀមរាប អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំភ័យស្លន់ស្លោរពេកជំងឺ Covid-19 ក្រោយធ្វើតេស្តលទ្ធផលអវិជ្ជមាន (មានវីដេអូ)

0
327

សៀមរាប៖ ប្រពន្ធ និងសមាជិកគ្រួសារ២នាក់ទៀត របស់បុរសជនជាតិខ្មែរអាយុ៣៨ឆ្នាំដែលឆ្លង Covid-19 នៅក្រុងសៀមរាប នៅរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ បានបង្ហោះវីដេអូអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ សូមកុំជ្រួលច្របល់ខ្លាំងពេកជាមួយជំងឺ Covid-19 នេះព្រោះថា សូម្បីរូបគាត់នៅផ្ទាល់ជាមួយប្តី ដែលជាអ្នកឆ្លងជំងឺនេះ ក៏មិនចម្លង ប៉ុន្តែក៏មិនត្រូវធ្វេសប្រហែស ភ្លេចធ្វើអនាម័យនោះទេ។

ការចេញមកអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីអ្នកទាំងបីនាក់ ត្រូវបានធ្វើតេស្តរួចរាល់ ហើយលទ្ធផលបញ្ជាក់ថា ពួកគាត់គ្មានផ្ទុកវីរុស Covid-19 នោះឡើយ។ នេះបើតាមការបញ្ជាក់របស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល។

ជាមួយគ្នានេះ អ្នកទាំង៣នាក់ ក៏បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្តសៀបរាប ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុខភាពរបស់ពួកគាត់។

ប្រពន្ធបុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំដែលឆ្លង Covid-19 បាននិយាយថា «ខ្ញុំចង់ប្រាប់ដល់បងប្អូនទាំងអស់គ្នា កុំមានការភិតភ័យ ឬក៏ស្លន់ស្លោខ្លាំង តែត្រូវចេះការពាររៀងៗ។ ខ្ញុំក៏សូមអរគុណដល់មន្ទីរសុខាភិបាលខេត្តសៀបរាប ក្រសួងសុខាភិបាល និងក៏សូមអរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលជួយស្វះស្វែងយកចិត្តទុកដាក់ជ្រោមជ្រែង យ៉ាងខ្លាំងចំពោះគ្រួសារនាងខ្ញុំ»

លោកស្រី វណ្ណឌីន បានប្រកាសប្រាប់ប្រជាពលរដ្ឋ យ៉ាងដូច្នេះថា «លទ្ធផលធ្វើតេស្តក្រុមគ្រួសារ៣នាក់ របស់បុរសជនជាតិខ្មែរយើង អាយុ៣៨ឆ្នាះដែលរកឃើញវិជ្ជមាន ឥឡូវនេះលទ្ធផលទទួលបានហើយ គឺពួកគាត់អវិជ្ជមានទាំង៣នាក់»។

កម្ពុជាបានរកឃើញមេរោគ Covid-19 មួយករណីទៀត នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ នៅលើខ្លួនបុរសជនជាតិខ្មែរម្នាក់ ក្នុងចំណោម៤នាក់ ដែលធ្វើការស្និទ្ធជាមួយជនជាតិជប៉ុន ឆ្លងមេរោគកូរ៉ូណាថ្មី ដែលចាកចេញពីខេត្តសៀមរាប នៅកាន់ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here