ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ នឹងធ្វើការចែកម៉ាសពាក់ការពារមេរោគឆ្លងដោយឥតគិតថ្លៃ នៅតំបន់ណាដែលសង្ស័យថាមានជំងឺ ឬមេរោគឆ្លង ដូចជាជំងឺផ្តាសាយ ឬមេរោគCovid-19 ជាដើម។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ដូច្នេះ បន្ទាប់ពីក្រុមហ៊ុនផលិតម៉ាស ក្នុងស្រុក ប្រគល់ម៉ាសចំនួន១០ម៉ឺន មកសាលារាជធានីភ្នំពេញ សំរាប់ចែកជូន ដល់សាធារណៈជន នៅរសៀលថ្ងៃទី៩ ខែ មីនា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា “ម៉ាសដែលយកទៅចែក គឺពិនិត្យមើលទៅតាមលទ្ធភាព ថាតើកន្លែងនោះមានរាលដាលមេរោគ ឬក៏អត់ ហើយម៉ាសនេះ គឺចែកអោយទៅតំបន់មានជំងឺសំរាប់ការពារខ្លួនពីជំងឺ”។
ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ម៉ាសនេះក៏អាចជួយទៅដល់តំបន់ណា ដែលមានការសង្ស័យថាឆ្លងជំងឺ Covid-19 ដូចជានៅខេត្តសៀមរាបជាដើម ហើយនិងមានការពិគ្រោះយោបល់ជាមួយមន្ទីរសុខាភិបាលរាជធានី ថា គួរចែកទៅផ្នែកណាខ្លះ។
ជាមួយគ្នា ឯកឧត្តម អភិបាលរាជធានីភ្នំពេញ និងមានវិធានការចំពោះអ្នកដែលផ្សាយព័ត៌មានមិនពិតតាមបណ្តាញព័ត៌មានសង្គម ដែលធ្វើអោយមានចលាចលនៅទូទាំងប្រទេស ក៏ដូចជានៅរាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមប្រុងប្រយ័ត្ននឹងការពារទប់ស្កាត់ការពារជំងឺ និងសូមអោយប្រជាពលរដ្ឋជឿជាក់លើរដ្ឋបាលរាជធានីភ្នំពេញ។
លោក លឹម ឃាង ប្រធានក្រុមកសិកម្មតឹងយ៉ុង បានអោយដឹងថា “ក្រុមហ៊ុនរបស់បានប្រគល់ម៉ាសចំនួន១០ម៉ឺន ជូនសាលារាជធានីភ្នំពេញ សំរាប់ធ្វើចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នូវតំបន់ណាដែលសង្ស័យថាមានជំងឺឆ្លង៕