ព្រះបដិមាសីសៈចំនួន២ត្រូវបានលើកចេញពីប្រឡាយទឹកនៅខ្លោងទ្វារខ្មោច

0
326

ព្រះបដិមាសីសៈចំនួន២ មានទេវតាចំនួន១ អសុរា(យក្ស) ចំនួន១ ដែលជាចម្លាក់ទាញព្រ័ត្រនៅខ្លោងទ្វារខ្មោច ត្រូវបានក្រុមការងារចុះបញ្ជីសារពើភណ្ឌវត្ថុសិល្បៈ និងនគរបាលបេតិកភណ្ឌ ព្រម ទាំងភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា នាំគ្នាស្រង់យកចេញពីប្រឡាយទឹកនៅខាងកើតខ្លោងទ្វារខ្មោច នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០។

លោក ឈូក សុម៉ាឡា មន្ត្រីជំនាញចុះបញ្ជីសារពើភណ្ឌវត្ថុសិល្បៈនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ ឱ្យដឹងថា លក្ខណៈនៃព្រះបដិមាសីសៈទេវតាដែលបានប្រទះឃើញមាន៤បំណែក គឺព្រះសីសៈទាំងមូលដាច់ត្រឹមមាត់ ហើយខូចខាតផ្នួងសក់ បំណែកច្រមុះរបេះពីខ្ទង់ និងបំណែកទង ត្រចៀកឆ្វេងស្តាំ។ ចំណែកអសុរាវិញមានតែផ្នែកខាង ក្រោយជាមួយក្បាច់លម្អសក់ និងពុំមានព្រះភក្ត្រទេ។

ការប្រទះឃើញព្រះបដិមាសីសៈទាំង២នៅក្នុងប្រឡាយទឹក មិនមែនជារឿងចៃដន្យនោះទេ បើតាមការបញ្ជាក់របស់លោក សុម៉ាឡា ព្រោះវាបណ្តាលមកពីរចនាសម្ពន្ធទូទៅនៃសំណង់ចម្លាក់ទាញព្រ័ត្រនោះបានខូចខាតដោយសារអាយុកាលនៃសំណង់ កត្តាធម្មជាតិ និងសង្គ្រាម ទើបធ្វើឱ្យចម្លាក់ទាំងនោះធ្លាក់ចូលក្នុងទឹក ខ្លះកប់ក្នុងដី ខ្លះនៅលើដីជាច្រើនទៀត។

ក្រោយធ្វើការប្រគល់ទទួលហើយ ព្រះបដិមាសីសៈទាំង២នេះ ត្រូវបានប្រគល់ជូនអាជ្ញាធរជាតិអប្សរាយកទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីចុះបញ្ជីសារពើភណ្ឌវត្ថុសិល្បៈ ហើយនឹងធ្វើការជួសជុល មុននឹងប្រគល់ទៅរក្សាទុកនៅសារមន្ទីរ៕

ប្រភពអត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ លោក យី សុថា/ លោកស្រី អ៊ីសារ៉ ហ៊ីណី

LEAVE A REPLY

Please enter your comment!
Please enter your name here