(ខេត្តក្រចេះ)នោពីព្រឹកថ្ងៃច័ន្ទ ១៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យមន្ត្រីចុះសួរសុខទុក្ខពី
ស្ថានភាពជំងឺ និងផ្ដល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយសារពុលស្រា និងសង្ស័យពុលទឹកចំនួន ៣៧៦គ្រួសារ រស់នៅក្នុងភូមិស្រែនន និងភូមិអាលច ក្នុងឃុំកន្ទួត និងភូមិទ្រាប និងភូមិប្អៀ ក្នុងឃុំថ្មី នៃស្រុកចិត្របុរី ខេត្តក្រចេះ ដែលពិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តគិរីវណ្ណារាម ហៅវត្តអាលច។
ឯកឧត្ដមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប្រធាន ដល់ប្រជាពលរដ្ឋរងគ្រោះទាំងអស់ និងផ្តាំផ្ញើឱ្យគិតគូរពីសុខភាពជាចម្បងដោយត្រូវពិសាទឹកស្អាត ឬដាំឆ្អិនល្អ និងត្រូវថែរក្សាបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត។ លើសពីនេះទៀត សូមការពារខ្លួនកុំឱ្យឆ្លងមេរោគអេដស៍ និងត្រូវធ្វើតេស្ដឈាមរកមេរោគអេដស៍។ សូមចៀសវាងការប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹងផ្សេងៗ ដែលនាំឱ្យមានអំពើហិង្សាកើតឡើង។
ត្រូវគោរពច្បាប់ចរាចរណ៍ដើម្បីបង្កាពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើង និងសូមប្រុងប្រយ័ត្នជានិច្ចនូវខ្យល់ព្យុះ ខ្យល់កន្ត្រាក់ និងទឹកជំនន់ ព្រោះរដូវនេះជារដូវវស្សា៕