ប្រជាពលរដ្ឋនៅភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ធ្វើបុណ្យដារថ្វាយលោកតាពោធិ៍មង្គល សុំសេចក្ដីសុខសេចក្ដីចំរើន

0
1183

រសៀលថ្ងៃទី២១ ខែឧសភាឆ្នាំ២០២០២០ ត្រូវនឹង ថ្ងៃ១៥រោជខែពិសាខ ឆ្នាំជូតទោស័ក ពុទ្ធសករាជ២៥៦៤  ប្រជាពលរដ្ឋនៅ ភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្ត បានមកជួបជុំគ្នានៅក្នុងភូមិរបស់ខ្លួន  រៀបចំពិធីបុណ្យដារថ្វាយលោក តាពោធិ៍មង្គល  មុននឹងចុះបង្កបង្កើនផលក្នុងរដូវវស្សា ដើម្បីសុំសេចក្ដីសុខ ដល់មនុស្ស និងសត្វពាហនៈ និងសុំឲ្យដំណាំស្រូវ ដំណាំចំការ ទទួលបានទិន្នផលខ្ពស់ពិសេសសុំឲ្យរួចចាកផុតពី ជម្ងឺកូវីត១៩ ពីភូមិស្រុក ពីប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល ។

ពិធីបុណ្យនេះ ធ្វើឡើង នៅផ្ទះលោក សែម សឿន និង លោកស្រី ប្រាក់ សុភាដែលជាអ្នកផ្ដួចផ្ដើម និងគាំទ្រដល់កម្មវិធីបុណ្យ មានទីតាំងជិតអាស្រម លោក តាពោធិ៍មង្គល បានប្រព្រឹត្តិទៅតាមទំនៀមទម្លាប់ប្រពៃណីពីដូនតា  តាមបែបព្រះពុទ្ធសាសនា ដោយនៅរសៀលថ្ងៃ១៥រោជខែពិសាខ មានធ្វើបទនមស្សកាព្រះរតនៈត្រ័យ សមាទានសីល និមន្ដព្រះសង្ឈចម្រើនព្រះបរិត្ត និងសម្ដែងធម្មទេសសនា ផងដែរ។ ដោយឡែកនៅពេលព្រឹកថ្ងៃ១កើតខែជេសមានធ្វើពិធីរាប់បាត្រព្រះសង្ឃចំនួន១៥ អង្គ រួចវេរចង្ហាន់ប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសល ជូនដល់បុព្វការីជន មាតាបិតា ញាតិកា ៧សណ្ដានទៅតាមពុទ្ធបញ្ញត្តិ ។

លោកតា ទឹម ហុង គណៈកម្មការទ្រទ្រង់បុណ្យ ឲ្យដឹងថា ពិធីបុណ្យនេះ  ត្រូវបានប្រជាពលរដ្ឋនៅក្នុងភូមិ ឯកភាពគ្នា រៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីសុំសេចក្ដីសុខសេចក្ដីចម្រើន ហើយក៏ជាបុណ្យបិទវគ្គ     រដូវប្រាំងនិងបើកវគ្គរដូវវស្សា។ លោកតា បញ្ជាក់ថា ពិធីបុណ្យនេះមិនមានប្រកាសកម្មវិធីអ្វីទេ តាំងពីដើម     មកឲ្យតែដល់ថ្ងៃ១៥រាជខែពិសាខ  និង ថ្ងៃ១កើតខែជេសជារៀងរាល់ឆ្នាំ បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិ បានមកជួបជុំគ្នារៀបចំធ្វើបុណ្យនេះតែម្ដង មិនដែលខកខានឡើយ ។ប៉ុន្ដែពិធីនេះ ក៏ធ្លាប់ខកខានដែរ ពីឆ្នាំ១៩៧០ ដល់៧៥ និងពីឆ្នាំ១៩៧៥ដល់១៩៨៤ ដោយ សារសង្គ្រាមនិងរបបខ្មែរក្រហម។លោកតា ទឹម ហុង បញ្ជាក់ថា៖ លោកតាពោធិ៍មង្គល  ធ្លាប់មានមហិទ្ធិរិទ្ធិខ្លាំងពូកែ កាលពីសម័យដើមប្រជាពលរដ្ឋក្នុងភូមិ តែងតែពឹងពរឲ្យលោកតាជួយ នៅពេលដែលពួកគាត់ ជួបប្រទះគ្រោះកាចចង្រៃផ្សេងៗ មកយារយីរផលដំណាំឬសត្វពាហនៈជាដើម ហើយលោកតាពោធិ៍មង្គល តែងជួយពង្វៀងគ្រោះកាចទាំងនោះ ឲ្យចៀសផុតជា          រើយៗ ។ ដូចនេះហើយបានជាប្រជាពលរដ្ឋមានជំនឿលើលោកតាពោធិ៍មង្គល រហូតមកទល់បច្ចុប្បន្ននេះ។បើតាមជំនឿពីបុរាណ ពួកវីរៈជនឬអ្នកខ្លាំងពូកែ ជាម្ចាស់ទឹកម្ចាស់ដីកាលបើស្លាប់ទៅហើយ និងក្លាយជាអ្នកតាឬអ្នកដូននៅគ្រប់គ្រងអាណាចក្រដែលខ្លួនធ្លាប់រស់នៅ ។ នៅប្រទេសកម្ពុជាគេសង្កេតឃើញមាន អ្នកតាច្រើនណាស់នៅតាមភូមិស្រុក នៅតាមតំបន់នានា វាលស្រែឬព្រៃភ្នំជាដើម ដែលអ្នកតាទាំងនោះមានឋានានុក្រម មិនខុសពីអាជ្ញាធរដែនដីយើងឡើយ ។ពួកគាត់គ្រប់ គ្រងថែរក្សាលើសត្វនិករទាំងអស់រាប់ទាំងមនុស្សផងដែរ។បើអ្នកណាប្រព្រឹត្តិខុសអ្នកតាឬម្ចាស់ទឹកម្ចាស់ដីនៅទីនោះ ពិតជាមិនអត់អោនឲ្យឡើយ។

ក្នុង ពិធីបុណ្យនេះលោក សែម សឿន និង លោកស្រី ប្រាក់សុភា  បានប្រគេន សាដក់ ដល់ព្រះសង្ឃចំនួន១៥អង្គ និង បច្ច័យ១ចំនួន។  តាជីយាយជី ចាស់ព្រឹទ្ធាចារ្យ ២០០នាក់ ក្នុងម្នាក់១ម៉ឺន ៥ពាន់រៀល។

ជាមួយគ្នានេះដែរលោក សែម សឿន និងភរិយា  បាន ឧបត្ថម្ភបច្ច័យ ចំនួន១ពាន់៥រយដុល្លា សម្រាប់ចាក់ដី កសាងសាលារៀន នៅភូមិតាព្រំ ឃុំកំពង់អុស ស្រុកពញាឮ និងឧបត្ថម្ភបច្ច័យ ៣០ម៉ឺនរៀល ដល់វត្តភ្នំច្រាច់ សម្រាប់តភ្លើងបំភ្លឺចូលវត្ត   និង បច្ច័យ៦០ម៉ឺនរៀល  ទៀតសម្រាប់ចូលបុណ្យដារអ្នកតា២រោងផ្សេងទៀតនៅក្នុងស្រុពញាឮដែលគ្រោងធ្វើ  នៅប៉ុន្មានថ្ងៃខាងមុននេះ។

គួរកត់សម្គាល់ថា កន្លងមក ក្នុងពិធីបុណ្យនេះ មានរៀបចំ កម្មវិធីកំសាន្ដជាច្រើន ដូចជាការរត់ប្រណាំងក្មេងៗ មនុស្សចាស់ ដណ្ដើមយករង្វាន់ ទាញព្រ័ត្រ ប្រដាល់ សំដែងសិល្បៈ និង រាំកំសាន្ដផងដែរ ។ ប៉ុន្ដែសម្រាប់ ឆ្នាំនេះដោយសារ ការរាតត្បាតនៃជម្ងឺកូវីដ១៩  កម្មវិធីទាំងនោះត្រូវបានលុបចោលទាំងស្រុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here